សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចុះផ្សព្វផ្សាយពីសារប្រយោជន៍នៃការយល់ដឹងពីសុខភាពបន្តពូជ
AKP កណ្តាល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦--ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ បានចុះផ្សព្វផ្សាយស្ដីពីសារប្រយោជន៍នៃការយល់ដឹងពីសុខភាពបន្តពូជ និងការថែទាំសុខភាពមាតា ទារក និងកុមារ ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្របំផុតជាស្ត្រីមានផ្ទៃពោះ ១០នាក់ ស្ត្រីស្ថិតក្នុងវ័យបន្តពូជ ៨នាក់ និងស្ត្រីមានកូនតូចអាយុក្រោម២ឆ្នាំ ៣៤នាក់ សរុបចំនួន ៥២នាក់ មកពីភូមិទាំង៤ក្នុងសង្កាត់សិត្បូ ក្រោមអធិបតីភាពលោកស្រី ស្រ៊ុន ស្រីនាង ហេរញ្ញិកសាខា និងជាអភិបាលរងខេត្តកណ្ដាល ដែលពិធីនេះប្រារព្ធធ្វើនៅក្នុងបរិវេណមណ្ឌលសុខភាពសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

លោកស្រី ស្រ៊ុន ស្រីនាង ហេរញ្ញិកសាខា និងជាអភិបាលរងខេត្ត បានមានប្រសាសន៍ថា កម្មវិធីអប់រំផ្សព្វផ្សាយនេះ គឺក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងឱ្យកាន់តែប្រសើរដែលពាក់ព័ន្ធទៅនឹងចំណេះដឹងផ្នែកសុខភាពបន្តពូជ ការថែទាំសុខភាពចំពោះស្ត្រីដែលកំពុងមានផ្ទៃពោះ ក្នុងអំឡុងពេលមុនសម្រាល កំពុងសម្រាល និងក្រោយពេលសម្រាលកូនរួច ដោយយកចិត្តទុកដាក់ថែទាំកូនមានអាយុក្រោម២ឆ្នាំ ដោយផ្តល់នូវអាហារបំប៉ន និងការទៅចាក់វ៉ាក់សាំង ដើម្បីការពារជំងឺផ្សេងៗឱ្យបានទៀងទាត់តាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យជាដើម..។ល។

បន្ទាប់ពីបងប្អូនបានទទួលការអប់រំផ្សព្វផ្សាយពីក្រុមការងារនាឱកាសនេះ សូមមេត្តាយកចិត្តទុកដាក់ខ្ពស់ ហើយបន្តការចូលរួមអនុវត្តនូវវិធានការការពាររាល់ជំងឺទាំងឡាយឱ្យបានគ្រប់ៗគ្នា ដើម្បីគ្រួសារមានសុភមង្គល សុខភាពល្អ និងចៀសផុតពីគ្រោះថ្នាក់ទាំងឡាយដែលបានកើតឡើងដោយការធ្វេសប្រហែសនិងដោយយថាហេតុ។
លោកស្រី បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ នៅរដូវវស្សានេះ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះក្មេងតូចៗ មិនត្រូវឱ្យពួកគេនៅក្បែរទឹកឬចុះលេងទឹកឡើយ ដែលអាចធ្វើឱ្យពួកគេលង់ទឹកបាន បន្ថែមពីនោះ យើងទាំងអស់គ្នាត្រូវមានការយកចិត្តទុកដាក់ តាមដានចំពោះសុខភាព ព្រោះរដូវវស្សានេះ បញ្ហាជំងឺគ្រុនឈាម បាននឹងកំពុងបន្តរីករាលដាល ដូច្នេះប្រសិនបើបងប្អូនមានការសង្ស័យ សូមបងប្អូនមកមន្ទីរពេទ្យ ដើម្បីទទួលបានការព្យាបាលឱ្យបានទាន់ពេលវេលា កុំបន្តព្យាបាលនៅផ្ទះ ព្រោះថាបញ្ហាជំងឺគ្រុនឈាមនេះ ប្រសិនបើយើងអូសបន្លាយពេលវេលា នោះអាចធ្វើឱ្យយើងមានគ្រោះថ្នាក់ បណ្ដាលឱ្យបាត់បង់ជីវិតផងដែរ។

ក្នុងពិធីអប់រំផ្សព្វផ្សាយនេះដែរសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក៏បានផ្តល់ជូននូវសម្ភារលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្រីក្របំផុត ទាំង ៥២នាក់ ដោយក្នុងម្នាក់ៗទទួលបាននូវ អង្ករ ២៥គីឡូក្រាម ទឹកស៊ីអុីវ ១យួរ មីកំប៉ុង ១កេស ត្រីខ ១យួរ សម្ភារឃីតមាន ខោអាវចាស់ក្មេង ក្រមា ១កញ្ចប់ និងថវិកាចំនួន ៤ម៉ឺនរៀលផងដែរ ៕
ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





