ឧត្ដមសេនីយ៍ទោ សោម ស៊ុន ដាក់បទបញ្ជាដល់កងកម្លាំងចម្រុះនៅទីបញ្ជាការស្រាល ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅតំបន់អូរដូងឱ្យបានដាច់ខាតមិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើជាថ្មីក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦-- ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំសហការីទៅត្រួតពិនិត្យស្ថានភាពព្រៃឈើក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ និងសំណេះសំណាលសាកសួរសុខទុក្ខប្រគល់ភារកិច្ច ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងប្រេងឥន្ធនៈ ជូនដល់កងកម្លំាងចម្រុះប្រចាំការ នៅទីបញ្ជាការស្រាល តំបន់ត្រពាំងប្រើសនិងតំបន់អូរដូង ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ ដែលពិធីនេះប្រព្រឹត្តទៅនៅតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលប្រចាំការនៅទីបញ្ជាការស្រាលតំបន់ត្រពាំងប្រើស និងតំបន់អូរដូង ជាប់ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ យាមល្បាតការពារទប់ស្កាត់ មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើជាថ្មីក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់។ ចំពោះព្រៃឈើដែលបានលួចកាប់ទន្ទ្រានកន្លងទៅនៅតំបន់អូរកង់និងតំបន់អូរដូង ត្រូវបានកងកម្លាំងចម្រុះគ្រប់គ្រងបានល្អមិនឱ្យមានការដុតបំផ្លាញ ឬដាំដុះដំណាំអ្វីបានឡើយ ហើយបានល្បាតការពារ និងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ដើម្បីចាំចាប់ឃាត់ខ្លួនជនសង្ស័យដែលបានលួចកាប់ព្រៃឈើកន្លងមកនៅតំបន់នោះដែលមកលួចធ្វើសកម្មភាពបន្ត ដើម្បីយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងចម្រុះទាំងអស់ ត្រូវការពារឱ្យបានដាច់ខាត មិនឱ្យមានការលួចកាប់ទន្ទ្រានព្រៃឈើជាថ្មីនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាប់ព្រំប្រទល់ជាមួយខេត្តក្រចេះជាថ្មីទៀតបានជាដាច់ខាត ដោយត្រូវយាមល្បាតការពារ និងត្រួតពិនិត្យឱ្យបានជាប់ជាប្រចាំ ក្នុងករណីជួបបទល្មើសជាក់ស្ដែង ក្នុងការកាប់ទន្ទ្រានព្រៃឈើ ត្រូវចាប់ឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើសបញ្ជូនទៅកាន់ស្ថាប័នជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមានដោយគ្មានការលើកលែងឡើង។

នៅក្នុងឱកាសនោះឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូនអង្ករចំនួន២០០គីឡូក្រាម មីជាតិចំនួន៨កេស ប្រេងសាំងចំនួន៣០០លីត្រ ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដែលជាអំណោយរបស់ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ជូនដល់កងកម្លាំងចម្រុះ សម្រាប់បម្រើសេចក្តីត្រូវការក្នុងការបំពេញភារកិច្ចចាំថ្ងៃឱ្យទទួលបានជោគជ័យបន្ថែមទៀត៕

ដោយ ស៊ុម វណ្ណា





