សម្ដេច ម៉ែន សំអន ស្នើឱ្យមន្ត្រីរាជការស៊ីវិលជាស្ត្រីនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ ត្រូវពង្រឹងសមត្ថភាព គុណភាព និងគុណធម៌
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦-- សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ស្នើឱ្យមន្ត្រីរាជការស៊ីវិលជាស្ត្រីនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ ត្រូវពង្រឹងសមត្ថភាព គុណភាព និងគុណធម៏ នេះក៏ព្រោះមន្ត្រីរាជការស៊ីវិលជាស្ត្រីនៅតាមក្រសួង ស្ថាប័ន មានចំនួន១០១,៤៩៥នាក់ ក្នុងចំណោមមន្ត្រីរាជការសរុប២៣៥,២៩៥នាក់ គឺស្មើនឹងចំនួន៤៣% ក្នុងនោះមន្ត្រីរាជការស៊ីវិលជាស្ត្រីដែល ស្ថិតក្នុងមុខតំណែងចាប់ពីថ្នាក់ការិយាល័យតាមក្រុង/ស្រុក/ខណ្ឌ រហូតដល់ថ្នាក់អគ្គនាយក និងថ្នាក់ស្មើមានចំនួន១២,៣៤២ នាក់ គឺស្មើនឹងចំនួន២៦%ទៅហើយ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានបញ្ជាក់បែបនេះ ខណៈសម្ដេចចូលរួមជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ការបំពេញបន្ថែមសមាសភាព គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ក្រសួងមុខងារសាធារណៈ ដែលបានរៀបចំឡើងនៅសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានសម្តែងនូវការអបអរសាទរជូនលោកជំទាវ ឆាយ ថងឌី ហ៊ុនម៉ានី ដែលត្រូវបានតែងតាំងជា អនុប្រធានកិត្តិយសសាខា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ក្រសួងមុខងារសាធារណៈ។ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានផ្តាំផ្ញើដល់លោកជំទាវ និងថ្នាក់ដឹកនាំ សមាសភាពដែលទើបតែទទួល បានការកែសម្រួល និងបំពេញបន្ថែមថ្មី៖ ទី១. ផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាសង្គ្រាមប្រកបដោយភាពឆ្លាតវៃ ដើម្បីបន្ថូរបន្ថយស្ថានការណ៍នៅតាមព្រំដែន និងនាំទៅរកភាពប្រក្រតីភាពវិញ។ ទី២. ត្រូវគោរព និងអនុវត្តតាមលក្ខន្តិកៈសមាគមនារីឱ្យបានខ្ជាប់ខ្ជួន។ ទី៣. ខិតខំការពារផលប្រយោជន៍ស្ត្រីដោយយកចិត្តទុក្ខដាក់និងបន្តដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រី។ ទី៤. ពង្រឹងសមត្ថភាពមន្ត្រីជាស្ត្រី តាមរយៈការបណ្តុះបណ្តាលជំនាញ ពិសេស ពាក់ព័ន្ធនឹងព័ត៌មានវិទ្យា។ ទី៥. ពង្រឹងរចនាសម្ព័ន្ធ និងពង្រីកសមាជិកសមាគមនារីឲ្យបានច្រើន និងខិតខំចលករធនធាន ថវិកាសម្រាប់គាំទ្រដល់សកម្មភាពនារី។ ទី៦. ផ្សារភ្ជាប់ផែនការសកម្មភាពសាខាសមាគមនារីជាមួយកិច្ចការស្នូលរបស់ក្រសួង។ ទី៧. ប្រធានកិត្តិយស និងប្រធានប្រតិបត្តិសាខាសមាគមនារី ត្រូវបន្តថែរក្សា និងពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហការល្អរវាងថ្នាក់ដឹកនាំ និងសមាជិកាទាំងអស់ ដើម្បីជាកម្លាំងចលករក្នុងការសម្រេចបានរាល់ភារកិច្ចដែលសមាគមប្រគល់ជូន។ ទី៨. ត្រូវសកម្មក្នុងការចូលរួមសកម្ម ភាពមនុស្សធម៌ និងការងារអភិវឌ្ឍន៍សង្គមនានា ដើម្បីលើកកម្ពស់តម្លៃស្រ្តីខ្ពស់ និងរួមចំណែកថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍជាតិ។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមុខងារសាធារណៈ បានលើកឡើងថា ការរៀបចំពិធីប្រកាសទទួលស្គាល់ការបំពេញបន្ថែមសមាសភាពជាផ្លូវការនាពេលនេះ មិនមែនគ្រាន់តែជាការបំពេញតាមលក្ខន្តិកៈរបស់សមាគម ឬការបំពេញបន្ថែមសមាសភាពប៉ុណ្ណោះទេ ប៉ុន្តែជាការបន្តពង្រឹងយន្តការដឹកនាំ ការសម្របសម្រួល និងការអនុវត្តការងារឱ្យកាន់តែមានភាពរស់រវើក និងប្រសិទ្ធភាព សំដៅធានានិរន្តរភាពនៃសកម្មភាពរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ស្របតាមទិសដៅនយោបាយ និងកម្មវិធីរបស់រាជរដ្ឋាភិបាល។ ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ជានិច្ចកាលតែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះមន្រ្តីរាជការជាស្រ្តី ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ពិសេសការបង្កើនបរិមាណ សមត្ថភាព និងភាពអង់អាចក្លាហានដល់ស្ត្រី។

សូមបញ្ជាក់ថា ជាក់ស្តែងគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ មន្ត្រីរាជការស៊ីវិលជាស្ត្រីនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ មានចំនួន១០១, ៤៩៥នាក់ ក្នុងចំណោមមន្ត្រីរាជការសរុបចំនួន២៣៥,២៩ ៥នាក់ គឺស្មើនឹង ចំនួន៤៣% ក្នុងនោះមន្ត្រីរាជការស៊ីវិលជាស្ត្រីដែល ស្ថិតក្នុងមុខតំណែងចាប់ពីថ្នាក់ការិយាល័យតាមក្រុង/ស្រុក/ខណ្ឌ រហូតដល់ថ្នាក់អគ្គនាយក និងថ្នាក់ស្មើមានចំនួន១២,៣៤២នាក់ គឺស្មើនឹងចំនួន២៦ភាគរយទៅហើយដែរ៕
ដោយ សួស សំរិត





