ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា និងមន្ទីរឃោសនាការខេត្តយូណានពិភាក្សាអំពីការជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់ស្តីពីការលើកកម្ពស់វិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦–
ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋ មន្ត្រី ក្រសួង ព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា កាលពី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បាន អញ្ជើញចូលរួមកិច្ចប្រជុំទ្វេភាគី រវាង ក្រសួងព័ត៌មានកម្ពុជា និងមន្ទីរឃោសនាការខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពី ការជំរុញការអនុវត្ត អនុស្សរណៈ នៃការយោគយល់ដើម្បីលើកកម្ពស់វិស័យព័ត៌មាន និងប្រព័ន្ធ ផ្សព្វផ្សាយ រវាងភាគីទាំងពីរតាមរយៈគម្រោងសំណើរបស់ក្រសួងព័ត៌មានកម្ពុជា។ កិច្ចប្រជុំនេះ មានការចូលរួមពី លោកជំទាវ ជឹង យៀន សមាជិកអចិន្ត្រៃយ៍ និង ជាប្រធានមន្ទីរ ឃោសនាការ នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិន ខេត្តយូណាន ថ្នាក់ដឹកនាំនៃមន្ទីរឃោសនាការ ខេត្តយូណាន ព្រមទាំងសមាជិកសមាជិកាគណៈប្រតិភូក្រសួងព័ត៌មានកម្ពុជា។

ថ្លែងក្នុងកិច្ចប្រជុំ ឯក ឧត្តម ប្រាក់ ថាវអមិដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមន្ទីរឃោសនាការខេត្តយូណាន ដែលតែងតែផ្តល់ការយកចិត្តទុកដាក់ ការគាំទ្រ និង កិច្ច សហការ ល្អ ជាមួយ ក្រសួង ព័ត៌មានកម្ពុជានា ពេល កន្លង មក ជាពិសេសក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពកម្ពុជា-ចិនការ ផ្លាស់ ប្តូរ ព័ត៌មាន ការផ្សព្វផ្សាយអំពី វប្បធម៌ទេសចរណ៍ និងការជំរុញការ យល់ដឹងទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ។ ក្នុងបរិបទនេះ កិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានកម្ពុជា និងខេត្តយូណាន គឺ ជា ផ្នែក មួយដ៏សំខាន់ក្នុងការផ្សព្វផ្សាយការយល់ដឹង ការជឿទុកចិត្តការគាំទ្រពីសាធារណជន និងការបង្ហាញសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ឯកឧត្តមបានបន្តថា កាលពីខែធ្នូ ឆ្នាំ២០២៤ ក្រសួង ព័ត៌មានកម្ពុជា និងមន្ទីរឃោសនាការខេត្តយូណាន បានចុះ អនុស្សរណៈនៃការយោគយល់ ស្តីពី កិច្ច សហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។ អនុស្សរណៈនេះមានគោលបំណងជំរុញការផ្សព្វផ្សាយព័ត៌មាន រវាង ប្រទេស កម្ពុជា-ចិន ជា ពិសេស ខេត្ត យូណាន ឱ្យបានទាន់ពេលវេលា ប្រកបដោយគុណភាពក៏ដូចជាការកសាងសមត្ថភាពធនធានមនុស្សការផ្លាស់ប្តូរបទពិសោធ និងការគាំទ្រកិច្ចសហប្រតិបត្តិការ រវាងអង្គភាពបច្ចេកទេសក្រោមឱវាទរបស់ភាគីទាំងពីរ។
ដើម្បីប្រែក្លាយអនុស្សរណៈនេះ ពីឯកសារជាគោលការណ៍ទៅជាការ អនុវត្ត សកម្មភាពជាក់ស្តែង ក្រសួង ព័ត៌មានកម្ពុជា បានរៀបចំគម្រោងសំណើមួយដាក់ជូនភាគីយូណានពិនិត្យ និងពិភាក្សា។ គម្រោងនេះ ត្រូវបានចាត់ទុកជាផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តអនុស្សរណៈឱ្យ ទទួលបានលទ្ធផលពិតប្រាកដអាចវាស់វែងបាន និងដើម្បីជាប្រយោជន៍រួមដល់ ប្រជាជននៃភាគីទាំងពីរ។

គម្រោងសំណើរបស់ក្រសួងព័ត៌មានកម្ពុជា ផ្តោតលើសមាសភាគ សំខាន់ៗចំនួន៤ រួមមាន៖ ទី១ ការ ផ្លាស់ប្តូរទស្សនកិច្ច និងកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធផ្សព្វផ្សាយ ដើម្បី ផ្តល់ ឱកាស ដល់ អ្នក សារព័ត៌មាន អ្នកគ្រប់គ្រងនិងអ្នកបច្ចេកទេសនៃ ភាគីទាំងពីរ បានសិក្សាផ្លាស់ ប្តូរ បទពិសោធ និង បង្កើត ទំនាក់ ទំនង ការងារ ជាក់លាក់។ ទី២ ការបណ្តុះបណ្តាលអ្នកសារព័ត៌មាន អ្នកផលិតកម្មវិធី និងមន្ត្រីបច្ចេកទេស ជា ពិសេស លើ ការផលិតមាតិកាទំនើប ការផ្សព្វផ្សាយពហុវេទិកា ការផ្ទៀងផ្ទាត់ព័ត៌មាននិង ការ ឆ្លើយ តប ព័ត៌មាន ក្លែង ក្លាយ ឱ្យ បានទាន់ពេល។ ទី៣ ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ជាពិសេស ការ ធ្វើ ទំនើបកម្ម ម៉ាស៊ីន ផ្សាយ អា-អឹមរបស់វិទ្យុជាតិកម្ពុជា។ និង ទី៤ ការផលិត និងផ្លាស់ប្តូរមាតិកាព័ត៌មាន និង កម្មវិធី ផ្សព្វ ផ្សាយ រួម ដើម្បីផ្សព្វផ្សាយអំពីមិត្តភាពកម្ពុជា-ចិន កិច្ចសហប្រតិបត្តិការកម្ពុជា-យូណាន សក្តានុពល សេដ្ឋកិច្ច វប្បធម៌ទេសចរណ៍ និងសមិទ្ធផលអភិវឌ្ឍន៍របស់ភាគីទាំងពីរ។
ក្នុងចំណោមសមាសភាគទាំងនេះ ក្រសួងព័ត៌មានកម្ពុជា បានផ្តោតសំខាន់លើការធ្វើទំនើបកម្ម ប្រព័ន្ធ ផ្សាយអា-អឹមរបស់វិទ្យុជាតិកម្ពុជា។ឯកឧត្តម ប្រាក់ ថាវអមិដា បានលើកឡើងថា វិទ្យុជាតិកម្ពុជា គឺ ជា បណ្តាញ ផ្សព្វផ្សាយសាធារណៈដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ព័ត៌មានផ្លូវការ ការអប់រំ សាធារណៈ ការផ្សព្វផ្សាយអំពី វប្បធម៌ជាតិ ការបញ្ជូនសារសំខាន់ៗរបស់រាជរដ្ឋាភិបាល និងការបម្រើប្រជាពលរដ្ឋ ទូទាំងប្រទេស។

ឯកឧត្តមបានបញ្ជាក់ថា ទោះបីបច្ចេកវិទ្យាឌីជីថលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សក៏ដោយ ប្រព័ន្ធ ផ្សាយអា-អឹមនៅតែមានតួនាទីសំខាន់សម្រាប់តំបន់ជនបទ តំបន់ឆ្ងាយ តំបន់ព្រំដែន និងស្ថានភាពបន្ទាន់ ដូចជាគ្រោះមហន្តរាយធម្មជាតិ វិបត្តិសង្គម ឬការផ្សព្វផ្សាយសារបន្ទាន់របស់រាជរដ្ឋាភិបាល។ ដូច្នេះ ការធ្វើទំនើបកម្មប្រព័ន្ធនេះ មិនត្រឹមតែជាការកែលម្អបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាការពង្រឹងសមត្ថភាពផ្សព្វផ្សាយសាធារណៈរបស់រដ្ឋការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងការពង្រឹងភាពធន់នៃប្រព័ន្ធព័ត៌មានជាតិ។
ក្នុងន័យនេះ ក្រសួងព័ត៌មានកម្ពុជាបានស្នើឱ្យភាគីយូណានពិនិត្យលទ្ធភាព គាំទ្រលើការបញ្ជូនក្រុមជំនាញ បច្ចេកទេសមកវាយតម្លៃប្រព័ន្ធអា-អឹមរបស់វិទ្យុជាតិកម្ពុជា ការផ្តល់ជំនួយបច្ចេកទេស និង អនុសាសន៍ លើការរចនាប្រព័ន្ធផ្សាយ ការពិនិត្យលទ្ធភាពផ្គត់ផ្គង់ម៉ាស៊ីនផ្សាយអា-អឹម និង ឧបករណ៍ ពាក់ព័ន្ធ ព្រមទាំងការបណ្តុះបណ្តាលវិស្វករ និងមន្ត្រីបច្ចេកទេសនៅកម្ពុជា ឬនៅខេត្តយូណាន។
ជាមួយគ្នានេះ ក្រសួងព័ត៌មានកម្ពុជា ក៏បានស្នើឱ្យភាគីចិនបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើការផ្លាស់ប្តូរមាតិកាវិទ្យុ កម្មវិធីវប្បធម៌ ការផលិតកម្មវិធីរួមគ្នា ការផ្សព្វផ្សាយសមិទ្ធផលកម្ពុជា-ចិន ការបណ្តុះបណ្តាលនិងពង្រឹង សមត្ថភាពលើការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការ បង្កើតឧបករណ៍បច្ចេកវិទ្យា រួម សម្រាប់ ការផ្ទៀងផ្ទាត់ និងតាមដានព័ត៌មានក្លែងក្លាយ។
ជាការឆ្លើយតប លោកជំទាវ ជឹង យៀន បានសម្តែងការគាំទ្រចំពោះគម្រោង សំណើរបស់ក្រសួងព័ត៌មានកម្ពុជា និងបានវាយតម្លៃថា សំណើនេះមានទិសដៅច្បាស់លាស់ ស្របតាមស្មារតី និង គោលបំណងនៃអនុស្សរណៈ នៃការយោគយល់ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីឆ្នាំ២០២៤។ លោកជំទាវ បានបញ្ជាក់ពីការត្រៀមខ្លួនរបស់ភាគីយូណានក្នុងការបន្តសម្របសម្រួល និង ពិនិត្យលទ្ធភាពគាំទ្រសកម្មភាព សហប្រតិបត្តិការដែលអាចអនុវត្តបានជាក់ស្តែង និងឆ្លើយតបនឹងតម្រូវការរបស់ក្រសួងព័ត៌មានកម្ពុជា។

លោកជំទាវ ជឹង យៀន ក៏បានជំរុញឱ្យអង្គភាពជំនាញពាក់ព័ន្ធនៃភាគីទាំងពីរ បន្តពិភាក្សាលម្អិត ដើម្បី កំណត់សកម្មភាពអាទិភាព រៀបចំផែនការអនុវត្ត និងកាលវិភាគឱ្យបានច្បាស់លាស់ ដើម្បីធានាថា អនុស្សរណៈនៃការយោគយល់នេះ មិនមែន ត្រឹមតែជាឯកសារក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែ ត្រូវបានប្រែក្លាយទៅជាកម្មវិធី គម្រោង និងសកម្មភាពជាក់ស្តែង ដែលផ្តល់លទ្ធផលប្រកបដោយ ប្រសិទ្ធភាព និងផលប្រយោជន៍ជាក់ស្តែងសម្រាប់ភាគីទាំងពីរ។

តាមរយៈកិច្ចប្រជុំនេះ ភាគីទាំងពីរនឹងអាចកំណត់ទិសដៅអនុវត្តជាក់ស្តែង ដើម្បី ប្រែ ក្លាយ អនុស្សរណៈ នៃការយោគយល់ដែលបានចុះហត្ថលេខាកាលពីខែធ្នូ ឆ្នាំ២០២៤ ទៅជាការអនុវត្តជាក់ស្តែង និង ទទួល បាន លទ្ធផលពិតប្រាកដ។ លទ្ធផលទាំងនេះ នឹងរួមចំណែកដល់ការកែលម្អគុណភាព និង ស្ថិរ ភាព នៃ ការ ផ្សាយ របស់វិទ្យុជាតិកម្ពុជា ការពង្រីកវិសាលភាពផ្សាយទៅកាន់តំបន់ជនបទ និងតំបន់ឆ្ងាយ ការកសាង សមត្ថភា ពមន្ត្រីបច្ចេកទេស និងអ្នកសារព័ត៌មាន ការផលិតកម្មវិធីរួមរវាង កម្ពុជា-ចិននិង ការ ពង្រឹង ការ យល់ ដឹង រវាងប្រជាជននៃភាគីទាំងពីរ។ ភាគីទាំងពីរ បានបង្ហាញពីការប្តេជ្ញារួមគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន លើវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ឱ្យកាន់តែមានភាពជាក់ស្តែងប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយសាធារណៈក្នុងយុគសម័យឌីជីថល៕
ដោយ៖ គង់ សិរីរ័ត្ន





