ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់៖ កម្ពុជា ស្ថិតនៅក្នុងបញ្ជីមួយរបស់ប្រជាជនអាល្លឺម៉ង់ ដែលជាគោលដៅទេសចរណ៍
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តម Stefan MESSERER ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា បានថ្លែងបញ្ជាក់ថា កម្ពុជាបានស្ថិតនៅក្នុងបញ្ជីមួយរបស់ប្រជាជនអាល្លឺម៉ង់ ដែលជាគោលដៅទេសចរណ៍ ជាពិសេសឯកឧត្ដមបានលើកឡើងថា សម្រាប់អ្នកចូលនិវត្តន៍របស់អាល្លឺម៉ង់ បានសម្លឹងឃើញកម្ពុជា គឺជាទីកន្លែងមនោរម្យសម្រាប់ពួកគេមកទស្សនានិងកម្សាន្ត។ នេះបើតាមការឱ្យដឹងរបស់ ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Stefan MESSERER ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ ដែលចប់អាណត្តិការទូតប្រចាំកម្ពុជា ចូលសម្ដែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា។

ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការរីរាយដែលបានជួបជាមួយ ឯកឧត្ដម Stefan MESSERER សាជាថ្មី មុននឹងឯកឧត្ដមចាកចេញពីព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបញ្ចប់អាណត្តិជាឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណចក្រកម្ពុជា។ សម្ដេចតេជោបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ឯកឧត្ដម ក្នុងឋានៈជាឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណចក្រកម្ពុជានាពេលកន្លងមក ដែលបានជំរុញ និងសម្របសម្រួលឱ្យទំនាក់ទំនងរវាងកម្ពុជា និងអាល្លឺម៉ង់ កាន់តែមានភាពរីកចម្រើន។

ជាមួយគ្នានេះ ឯកឧត្តម Stefan MESSERER បានសម្ដែងនូវការអរគុណជាអនេកកប្បការចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យឯកឧត្ដម និងសហការីបានជួបសម្ដែងការគួរសម និងជម្រាបលានៅក្នុងឱកាសនេះ។ ឯកឧត្ដមបានលើកឡើងថា នៅក្នុរយៈពេល៤ឆ្នាំនៃការបំពេញការងាររបស់ឯកឧត្ដមនៅកម្ពុជា គឺបានប្រព្រឹត្តទៅលឿនខ្លាំងណាស់ ហើយក្នុងរយៈពេល៤ឆ្នាំនេះឯកឧត្ដមបានធ្វើកិច្ចការងារជាមួយភាគីកម្ពុជា និងបានសម្រេចនូវលទ្ធផលជាច្រើនសម្រាប់ពូនជ្រុំនូវទំនាក់ទំនងរវាងកម្ពុជា និងអាល្លឺម៉ង់។ ឯកឧត្ដមឯកអគ្គរដ្ឋទូត ក៏បានអរគុណចំពោះភាគីកម្ពុជា ដែលបានសហការយ៉ាងជិតស្និទ្ធបំផុតជាមួយនឹងឯកឧត្ដម និងក្រុមការងារ ក្នុងទិសដៅនៃការពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរនេះ។
ឯកឧត្តម Stefan ក៏បានរំលេចពីស្នាដៃសំខាន់ៗ ក្នុងពេលដែលឯកឧត្ដមបំពេញកិច្ចការជាឯកអគ្គរដ្ឋទូតក្នុងរយៈពេល៤ឆ្នាំនៅកម្ពុជាកន្លងមកនេះ ដែលក្នុងនោះមាន ការសម្របសម្រួលឱ្យមានទស្សនកិច្ចរបស់ប្រធានាធិបតីអាល្លឺម៉ង់មកកាន់ប្រទេសកម្ពុជា។ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជា វប្បធម៌ និងទេសចរណ៍ រវាងប្រជាជនកម្ពុជា និងអាល្លឺម៉ង់ផងដែរ។ ឯកឧត្ដម ឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃប្រទេសកម្ពុជាដែលបានកើតឡើង ហើយប្រជាជនអាល្លឺម៉ង់ បានចាប់អារម្មណ៍នៅក្នុងការមកទស្សនានៅក្នុងប្រទេសកម្ពុជា។

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត Stefan ទាក់ទងទៅនឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអាល្លឺម៉ង់។ សម្ដេតេជោបានយល់ស្របទាំងស្រុងចំពោះការលើកឡើងនៃទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ដោយសម្ដេចបានលើកឡើងថា សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគនេះ គឺស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចតេជោសង្ឃឹមថា អ្នកវិនិយោគរបស់អាល្លឺម៉ង់ នឹងកាន់តែមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត។
សម្ដេចតេជោប្រធានព្រឹទ្ធសភា ក៏បានអរគុណអាល្លឺម៉ង់ ដែលបានជួយជ្រោមជ្រែងកម្ពុជានាពេលកន្លងមក ជាពិសេសនៅក្នុងការជួយដល់ការកំណែទម្រង់រដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ ការជួយនៅក្នុងការអភិវឌ្ឍជនបទ ជាដើម ដែលជាសមិទ្ធផលអាល្លឺម៉ង បានចូលរួមចំណែកជួយដល់កម្ពុជា៕
ដោយ៖ ជឹម ណារី





