រដ្ឋបាលស្រុកសំឡូតត្រៀមលក្ខណៈអន្តរាគមន៍ក្នុងការជួយប្រជាពលរដ្ឋធ្វើដំណើរ និងរងផលប៉ះពាល់ពីគ្រោះទឹកជំនន់
AKP បាត់ដំបង ថ្ងៃ១២ ខែកក្កដា ឆ្នាំ២០២៦ -- បច្ចុប្បន្នភាពចំពោះស្ថានភាពទឹកជំនន់នៅស្រុកសំឡូតគិតត្រឹមរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នេះ ភ្លៀងនៅតែបន្តធ្លាក់ ទឹកជំនន់នៅតែបន្តឡើងខ្លាំងតាមអូរតូចៗនៅក្នុងឃុំតាតោក និងជាពិសេសដងស្ទឹងគ្រញូង និងស្ទឹងបឡាង ព្រមទាំងលិចផ្លូវជាតិលេខ៥៧-៧ នៅចំណុចភូមិតាសាញត្បូង ឃុំតាសាញ។

រដ្ឋបាលស្រុកសំឡូត សូមណែនាំដល់កងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលឃុំទាំង៧ ត្រូវបន្តតាមដាន និងត្រៀមលក្ខណៈអន្តរាគមន៍ក្នុងការជួយប្រជាពលរដ្ឋធ្វើដំណើរ និងរងផលប៉ះពាល់ពីគ្រោះទឹកជំនន់នេះ។


រដ្ឋបាលស្រុកសំឡូត ខេត្តបាត់ដំបង បានធ្វើការប្រកាសជូនដំណឹង និងអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុក សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះគ្រោះធម្មជាតិ ដែលអាចនឹងកើតមានឡើង ខណៈស្ថានភាពអាកាសធាតុអាក្រក់បង្កឱ្យកើតមានភ្លៀងធ្លាក់នៅតំបន់ខាងលើស្រុកសំឡូត៕
ដោយ៖ ណយ នឿន (ប្រភព៖ រដ្ឋបាលស្រុកសំឡូត)





