សហព័ន្ធសេវាអប់រំនៅកម្ពុជារៀបចំព្រឹត្តិការណ៍រត់ដើម្បីការអប់រំកុមារព្រំដែន
AKP ភ្នំពេញ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦-- កម្មវិធីរត់ដើម្បីការអប់រំកុមារព្រំដែនក្រោមការផ្ដួចផ្តើមរៀបចំឡើងដោយសហព័ន្ធសេវាអប់រំនៅកម្ពុជា ក្នុងកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា គាំទ្រឧបត្ថម្ភដោយក្រុមហ៊ុនជីបម៉ុង ក្នុងគោលបំណង ប្រមូលមូលនិធិសប្បុរសធម៌ផ្តល់ជូនក្រសួងអប់រំ យុវជន និងកីឡា ដើម្បីគាំទ្រដល់កុមារដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃឱ្យមានឱកាសបន្តការសិក្សារៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយសក្ដានុពល ចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅទីតាំង ជីប ម៉ុង លែន គម្រោង២៧១ ដោយមានអ្នកចូលរួមប្រមាណ ២៥០០នាក់។

នាឱកាសនេះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា កម្មវិធីនេះ ក្រៅពីជួយដល់សាលារៀន និងកុមារនៅព្រំដែន ក៏មានគោលដៅបំផុសស្មារតីស្នេហាជាតិ សាមគ្គីភាព និងឯកភាពជាតិ តាមរយៈកីឡាដែលក្រើនរម្លឹកដល់យើងគ្រប់គ្នា ត្រូវបន្តថែរក្សាសុខភាពឱ្យបានរឹងមាំ បន្តសហការរួមកម្លាំងគ្នាជាធ្លុងមួយ ដើម្បីកុមារកម្ពុជាដែលជាអ្នកជំនាន់ក្រោយ និងជាអនាគតដ៏សំខាន់របស់ប្រទេសជាតិ។


ឯកឧត្តមបានថ្លែងអំណរគុណដល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានយកអស់កម្លាំងកាយចិត្ត បញ្ញាស្មារតីគិតគូរដល់សុខុមាលភាពប្រជាជន និងកងទ័ព ដែលជួបការលំបាកនៅតាមព្រំដែន និងបន្តយកចិត្តទុកដាក់ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពកម្ពុជា ដើម្បីធានាបាននូវសុខសុវត្ថិភាព សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





