កម្ពុជាវាយតម្លៃខ្ពស់ ចំពោះសភាប្រើភាសាបារាំង ដែលបានអនុម័តសេចក្តីសម្រេចចិត្តគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ --ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះគណៈប្រតិភូទាំងអស់នៃកិច្ចប្រជុំប្រចាំឆ្នាំរបស់សភាប្រើភាសាបារាំង (APF-Assemblée parlementaire de la Francophonie) ចំពោះការគាំទ្រសេចក្តីសម្រេចចិត្តស្តីពីការគោរពបូរណភាពទឹកដីកម្ពុជា។
ថ្លែងក្នុងនាមព្រឹទ្ធសភា រដ្ឋសភា និងប្រជាជនកម្ពុជា បន្ទាប់ពីសេចក្តីសម្រេចនេះត្រូវបានអនុម័តនៅក្នុងសម័យប្រជុំប្រចាំឆ្នាំលើកទី៥១ នៃសភាប្រើភាសាបារាំង ដែលបានប្រព្រឹត្តទៅនៅទីក្រុងយ៉ាអ៊ូនដេ ប្រទេសកាមឺរូន កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ បានមានប្រសាសន៍ថា ការអនុម័តនេះ គឺជាសក្ខីភាពបញ្ជាក់ពីឆន្ទៈ នៃសភាប្រើប្រាស់ភាសាបារាំង ក្នុងការរួបរួមគ្នាយ៉ាងរឹងមាំជុំវិញគោលការណ៍ទាំងឡាយដែលជាមូលដ្ឋានគ្រឹះរបស់សភា ពោលគឺ៖ ការគោរពច្បាប់អន្តរជាតិ អធិបតេយ្យភាពនៃរដ្ឋ និងការដោះស្រាយវិវាទ ដោយសន្តិវិធី។
ឯកឧត្តមបានគូសបញ្ជាក់ថា ការគាំទ្ររបស់សភាប្រើប្រាស់ភាសាបារាំងចំពោះសេចក្តីសម្រេចចិត្ត ជាសារផ្ញើជូនសហគមន៍អន្តរជាតិ ពីសាមគ្គីភាព ភាពទទួលខុសត្រូវ និងការជួយគ្នាទៅវិញទៅមក រវាងប្រទេសសមាជិកនៃអង្គការហ្វ្រង់កូហ្វូនី ដើម្បីសន្តិភាព ការគោរពច្បាប់ អន្តរជាតិ និងការអភិវឌ្ឍ។
ឯកឧត្តមក៏បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទំនុកចិត្ត និងមិត្តភាព ព្រមទាំងការប្តេជ្ញាចិត្តឥតងាករេរបស់ប្រតិភូទាំងអស់ ក្នុងការបម្រើដល់សន្តិភាព កិច្ចសន្ទនា និងគោលការណ៍នីតិរដ្ឋ។
ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ុច បូររិទ្ធ ក៏ត្រូវបានអង្គប្រជុំអនុម័តជ្រើសរើស ជាប្រតិភូប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក សម្រាប់អាណត្តិពីរឆ្នាំ (ឆ្នាំ២០២៦ ដល់ ឆ្នាំ២០២៨)។
ខាងក្រោមនេះ គឺជាសេចក្តីប្រកាសព័ត៌មានទាំងស្រុងរបស់ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា៖








