មន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណប្រកាសអាសន្នពីការកើនឡើងនៃជំងឺគ្រុនឈាម ព្រមទាំងផ្តល់អនុសាសន៍បន្ទាន់ដល់ប្រជាពលរដ្ឋ
AKP បន្ទាយមានជ័យ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦-- ជំងឺគ្រុនឈាមកំពុងក្លាយជាប្រធានបទដ៏គួរឱ្យព្រួយបារម្ភសម្រាប់រដូវវស្សានេះ បន្ទាប់ពីមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណខេត្តប ន្ទាយមានជ័យបានកត់សម្គាល់ឃើញការកើនឡើងយ៉ាងគំហុកនៃចំនួនអ្នកជំងឺកុមារដែលចូលសម្រាកព្យាបាលក្នុងសប្តាហ៍ទី២ ខែកក្កដា ឆ្នាំ២០២៦នេះ។

លោក អ៊ាវ តារាវុធ ប្រធានមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ បានឱ្យដឹងថា ក្នុងចំណោមកុមារសរុប ៣៥នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ មានរហូតដល់ ១៩នាក់ ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺគ្រុនឈាម។ លោកបានសង្កត់ធ្ងន់ថា ជំងឺនេះមិនអាចមើលស្រាលបានឡើយ ទោះបីជាស្ថិតក្នុងទម្រង់ស្រាលក៏ដោយ គឺចាំបាច់ត្រូវសម្រាកព្យាបាលក្រោមការត្រួតពិនិត្យរបស់គ្រូពេទ្យជំនាញ និងហាមដាច់ខាតការសម្រាកព្យាបាលនៅតាមផ្ទះដោយខ្លួនឯង។

ដើម្បីទប់ស្កាត់ការឆ្លងរាលដាល និងកាត់បន្ថយហានិភ័យដល់អាយុជីវិត លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្ត បានចេញសេចក្តីណែនាំយ៉ាងម៉ឺងម៉ាត់នូវវិធានការគន្លឹះចំនួន ៣ ដែលប្រជាពលរដ្ឋគ្រប់រូបត្រូវអនុវត្តជាប្រចាំ៖ ១. ការកម្ចាត់ជម្រកមូសខ្លានេះជាវិធានការចម្បងបំផុត។ ប្រជាពលរដ្ឋត្រូវរួមគ្នាប្រមូលសំបកកំប៉ុង ត្រឡោកដូង សំបកកង់ឡាន-ម៉ូតូ និងវត្ថុដក់ទឹកភ្លៀងជុំវិញផ្ទះ យកទៅកប់ ឬដុតចោល។ ជាមួយគ្នានេះ ត្រូវលាងសម្អាតពាង ឬអាងទឹកយ៉ាងតិច ១ដងក្នុង ១សប្តាហ៍ ប្រើប្រាស់ថ្នាំអាបែត និងលែងត្រីប្រាំពីរពណ៌ ដើម្បីកម្ចាត់ដង្កូវទឹក។ ២. ការការពារខ្លួនពីការខាំរបស់មូសត្រូវទម្លាប់ស្លៀកពាក់ខោអាវវែងៗ គេងក្នុងមុងជានិច្ចទាំងថ្ងៃ និងយប់ ព្រោះមូសខ្លាសកម្មខ្លាំងនៅពេលថ្ងៃ។ អាចប្រើប្រាស់ឡេលាបការពារមូសខាំ ឬអុជធូបមូសនៅតាមទីកន្លែងដែលមានមូសច្រើន។ ៣. ការរៀបចំបរិស្ថានផ្ទះ កាប់ឆ្ការព្រៃ និងស្មៅស៊ុបទ្រុបជុំវិញផ្ទះ និងបើកបង្អួចឱ្យពន្លឺថ្ងៃចូលបានល្អ ដើម្បីកាត់បន្ថយទីតាំងលាក់ខ្លួនរបស់មូស។ ចំណុចដ៏សំខាន់ដែលមន្ទីរសុខាភិបាលព្រួយបារម្ភបំផុតនោះគឺ «ការប្រើប្រាស់ថ្នាំខុសបច្ចេកទេស»។
លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បានដាស់តឿនយ៉ាងខ្លាំងៗថា ប្រសិនបើកូនចៅមានរោគសញ្ញាគ្រុនក្តៅខ្លាំង (៣៩-៤០ អង្សាសេ) រយៈពេល ២ ទៅ ៧ថ្ងៃ មុខឡើងក្រហម ឬមានស្នាមអុចក្រហមលើស្បែក សូមកុំទិញថ្នាំបញ្ចុះកម្តៅប្រភេទ អាស្ពីរីន (Aspirin) ឬ អ៊ីប៊ុយប្រូហ្វែន (Ibuprofen) ឱ្យប្រើប្រាស់ឱ្យសោះ ព្រោះវាអាចបណ្តាលឱ្យមានការហូរឈាមធ្ងន់ធ្ងរ និងគ្រោះថ្នាក់ដល់ជីវិត។

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តតាមពាក្យស្លោក «ខ្ញុំ និងគ្រួសារខ្ញុំជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំគ្មានដង្កូវទឹក» ដើម្បីកសាងសហគមន៍ដែលមានសុខភាពល្អ និងសុវត្ថិភាពពីជំងឺគ្រុនឈាមក្នុងរដូវវស្សានេះ៕
ដោយ ឈុន សារ៉ាត





