ព្យុះទី៩ ឈ្មោះបាវី ដែលបានវិវត្តន៍ទៅជាព្យុះសង្ឃរា នៅតែបន្តមានឥទ្ធិពលលើកម្ពុជា
AKP ភ្នំពេញ ថ្ងៃ១២ ខែកក្កដា ឆ្នាំ២០២៦ -- ក្រសួងធនធានទឹក បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ខណៈដែលព្យុះទី៩ ឈ្មោះ បាវី (Bavi) T2609 ដែលបានវិវត្តន៍ទៅជាព្យុះសង្ឃរានោះ នៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវរបស់ព្យុះនេះទេ។
ក្រសួងធនធានទឹក បានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦៖ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦°C។ ខ្យល់បក់មកពីទិសនិរតី និងទិសពាយ័ព្យមានល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង និងតាកែវ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៣០%។ ចំណែកខេត្តកណ្តាល និងរាជធានីភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។ ២-តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។ ខ្យល់បក់មកពីទិសនិរតី និងទិសបស្ចិមមានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៤០%។ ចំណែកខេត្តកំពង់ស្ពឺ និងខេត្តមណ្ឌលគិរី ពុំមានភ្លៀងធ្លាក់ទេ។ ៣-តំបន់មាត់សមុទ្រ៖ -សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៥០%។ -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ៕

ដោយ៖ សួស សំរិត





