រដ្ឋបាលក្រុងសំរោង បើកវគ្គអប់រំផ្សព្វផ្សាយស្តីពី «គោលគំនិតយេនឌ័រ និងការប្រែប្រួលអាកាសធាតុ» ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់កូនគ្រៀល និងសង្កាត់សំរោង
AKP ឧត្តរមានជ័យ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦--លោកស្រី អ៊ីម គឹមអឿង ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង នាថ្ងៃព្រហស្បតិ៍ទី០៩ ខែកក្កដា ឆ្នាំ២០២៦ សហការជាមួយតំណាងមន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យ ព្រមទាំងគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារីនិងកុមារ (គ.ក.ន.ក) សង្កាត់ បានចុះផ្ទាល់ដល់មូលដ្ឋាន ដើមី្បរៀបចំ «វគ្គអប់រំផ្សព្វផ្សាយស្តីពី គោលគំនិតយេនឌ័រ និងការប្រែប្រួលអាកាសធាតុ»។

លោកស្រី អ៊ីម គឹមអឿង លើកឡើងថា ការលើកកម្ពស់សមភាពយេនឌ័រ ការពង្រឹងសមត្ថភាពស្ត្រី ព្រមទាំងការបង្កើនការយល់ដឹងអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅថ្នាក់មូលដ្ឋាន ជាកិច្ចការងារអភិវឌ្ឍន៍សង្គមដ៏សំខាន់ ក្នុងការជួយឱ្យបងប្អូនប្រជាពលរដ្ឋ ពិសេសស្ត្រីនិងកុមារ អាចត្រៀមលក្ខណៈបន្ស៊ាំ និងចូលរួមការពារបរិស្ថានសហគមន៍, ។ លោកស្រីបន្តថា សកម្មភាពចុះអប់រំ និងផ្សព្វផ្សាយយ៉ាងសកម្មនាឱកាសនោះ ត្រូវបានរៀបចំឡើងនៅក្នុងភូមិសាស្ត្រសំខាន់ៗចំនួន២សង្កាត់ គឺសង្កាត់កូនគ្រៀល បានរៀបចំផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិខ្ទុំ និងភូមិឈើក្រំ និងនៅក្នុងសង្កាត់សំរោង បានបន្តរៀបចំផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិបាក់នឹម។

សូមបញ្ជាក់ថា ក្រុមការងារជំនាញបានពន្យល់ និងណែនាំយ៉ាងក្បោះក្បាយអំពីតួនាទី បុរស ស្រ្តី ក្នុងការអភិវឌ្ឍគ្រួសារនិងសង្គម ព្រមទាំងការលុបបំបាត់រាល់ទម្រង់រើសអើង ដើមី្បជំរុញឱ្យស្ត្រីមានឱកាសពេញលេញក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្ត និងដឹកនាំការងារសហគមន៍។ វគ្គអប់រំបានលើកឡើងពីបញ្ហាប្រឈមជាក់ស្តែងនៃការប្រែប្រួលអាកាសធាតុ (ដូចជា គ្រោះរាំងស្ងួត ទឹកជំនន់ និងការប្រែប្រួលអាកាសធាតុខុសប្រក្រតី) ដែលជះឥទ្ធិពលដល់ការរស់នៅ និងមុខរបរកសិកម្ម ព្រមទាំងបានណែនាំពីវិធីសាស្ត្រងាយៗក្នុងការថែរក្សាប្រភពទឹក ការដាំដើមឈើ និងការការពារសុខភាពគ្រួសារ។

លោកស្រីប្រធានការិយាល័យ និងមន្ត្រីជំនាញមន្ទីរកិច្ចការនារីខេត្ត បានសង្កត់ធ្ងន់ពីតួនាទីដ៏ចម្បងរបស់ស្ត្រី ដែលជាអ្នកគ្រប់គ្រងផ្ទះសម្បែង និងជីវភាព ក្លាយជាកម្លាំងចលករឈានមុខក្នុងការអនុវត្តវិធានការបន្ស៊ាំ និងកាត់បន្ថយហានិភ័យពីគ្រោះធម្មជាតិ។
ដោយ៖ ទិត ស្រ៊





