ឯកឧត្តម សេរី ជំនះ ដឹកនាំវេទិកាសាធារណៈនៅស្រុកភ្នំស្រុក ជំរុញការបម្រើសេវាបែប «បុរេសកម្ម» និងដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋ
AKPបន្ទាយមានជ័យថ្ងៃទី១០ខែកក្កដាឆ្នាំ២០២៦–ដើម្បីពង្រឹងយន្តការដោះស្រាយបញ្ហាប្រឈម និងឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានទាន់ពេលវេលា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ បានរៀបចំវេទិកាសាធារណៈដ៏មានសារៈសំខាន់មួយ ដើម្បីបង្កើនភាពជិតស្និទ្ធ និងស្វែងយល់ពីសុខទុក្ខពិតប្រាកដរបស់ប្រជាពលរដ្ឋ។

វេទិកាសាធារណៈនេះ បានប្រារព្ធធ្វើឡើងនៅវត្តបូព៍ ភូមិត្រាង ឃុំភ្នំដី ស្រុកភ្នំស្រុក នារសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកភ្នំស្រុក និងលោក ឃ្លោក នួយ អភិបាលរងខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំភ្នំដី។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ស៉ិញ ឈិញ ប្រធានក្រុមប្រឹក្សាស្រុក, លោក ជូ បុត្រ អភិបាលស្រុក, អភិបាលរងស្រុក, អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក, ប្រធានក្រុមការងារចុះមូលដ្ឋានឃុំ និងភូមិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករប្រមាណជាង ២០០នាក់។
នៅក្នុងឱកាសនៃអង្គវេទិកានោះ បងប្អូនប្រជាពលរដ្ឋបានលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរជាច្រើនដែលជាតម្រូវការចាំបាច់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ក្នុងនោះ កង្វល់ចម្បងៗដែលត្រូវបានលើកយកមកពិភាក្សា រួមមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សំណូមពរជួយកសាង និងជួសជុលផ្លូវថ្នល់ដើម្បីសម្រួលដល់ការធ្វើដំណើរ។

វិស័យកសិកម្មការស្នើសុំប្រព័ន្ធធារាសាស្ត្រសម្រាប់បម្រើឱ្យការងារបង្កបង្កើនផល, ការជួយជ្រោមជ្រែងផ្នែកបច្ចេកទេសកសិកម្មទំនើប និងការជួយស្វែងរកទីផ្សារកសិផលឱ្យមានតម្លៃស្ថិរភាព។ សន្តិសុខ និងសណ្ដាប់ធ្នាប់ ការពង្រឹងសន្តិសុខនៅក្នុងភូមិ-ឃុំ ដើម្បីធានាសុវត្ថិភាពក្នុងការរស់នៅ។
ជាការឆ្លើយតប ថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធបានទទួលយកនូវរាល់កង្វល់ទាំងនេះ ដោយបានធ្វើការបកស្រាយ ពន្យល់ និងដាក់ចេញនូវទិសដៅដោះស្រាយជាជំហានៗទៅតាមអាទិភាពជាក់ស្ដែង ដើម្បីធានាថា រាល់ការលំបាករបស់ពលរដ្ឋត្រូវបានគិតគូរ និងមិនត្រូវបានមើលរំលងឡើយ។
មានប្រសាសន៍សំណេះសំណាលទៅកាន់អង្គវេទិកា ឯកឧត្តម សេរី ជំនះ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋដោយយកចិត្តទុកដាក់។ ឯកឧត្តមបានសង្កត់ធ្ងន់លើពាក្យ «បុរេសកម្ម» ពោលគឺការចុះទៅរកពលរដ្ឋមុនពេលពលរដ្ឋជួបបញ្ហា ដែលសកម្មភាពទាំងនេះ គឺដើរស្របតាមគោលការណ៍ណែនាំ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងខ្ជាប់ខ្ជួន។
បន្ថែមពីនេះ ឯកឧត្តមបានលើកឡើងអំពីយន្តការសំខាន់ៗ ដែលត្រូវបន្តអនុវត្តឱ្យមានប្រសិទ្ធភាពនោះការសម្របសម្រួលសេវាអត្រានុកូលដ្ឋាន ក្រុមការងារបាននិងកំពុងជំរុញយុទ្ធនាការកែតម្រូវទិន្នន័យសំបុត្រកំណើត និងឯកសារផ្សេងៗតាមយន្តការ «ច្រកចេញចូលតែមួយ» ដើម្បីកាត់បន្ថយភាពស្មុគស្មាញ និងការចំណាយពេលវេលាក៏ដូចជាថវិការបស់ពលរដ្ឋ។ការបម្រើសេវាដោយស្នាមញញឹមធានាឱ្យបាននូវការផ្តល់សេវារដ្ឋបាល សេវាសាធារណៈ សេវាសង្គម និងការគ្រប់គ្រងបរិស្ថាន ប្រកបដោយភាពស្និទ្ធស្នាល ភាពស្មោះត្រង់ និងតម្លាភាពខ្ពស់។

សន្តិសុខមូលដ្ឋាន បន្តរឹតបន្តឹងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមរបៀបវារៈនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
ជាមួយនោះ អង្គវេទិកាបានគូសបញ្ជាក់ឡើងវិញនូវគោលបំណងស្នូលធំៗចំនួន ២ នៃការរៀបចំវេទិកាសាធារណៈនេះពង្រឹងកិច្ចសហការ និងមនោសញ្ចេតនា បង្កើតឱកាសឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានចុះជួបផ្ទាល់ ដឹងសុខទុក្ខ ក្តាប់ជាប់នូវរាល់កង្វល់ សំណើ និងសំណូមពរនានា ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងទាន់ពេលវេលាជូនពលរដ្ឋ។
ផ្សព្វផ្សាយយុទ្ធសាស្ត្របញ្ចកោណ បញ្ជ្រាបការយល់ដឹងអំពីកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាល ជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីចូលរួមអនុវត្ត និងគាំទ្រការអភិវឌ្ឍជាតិទាំងអស់គ្នា។
វេទិកាសាធារណៈនេះ បានបញ្ចប់ទៅក្រោមបរិយាកាសរីករាយ យោគយល់ និងទទួលបានលទ្ធផលជាផ្លែផ្កា ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការតម្កល់ផលប្រយោជន៍ និងតម្រូវការរបស់ប្រជាពលរដ្ឋជាធំជានិច្ច៕
ដោយ៖ ឈុន សារ៉ាត





