នៅរាជធានី-ខេត្ដនឹងអាចមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះរយៈពេល៣ថ្ងៃ
AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០២៦--ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះបានចេញសេចក្ដីជូនដំណឹងថា ព្យុះទី៩ ឈ្មោះ បាវី(Bavi)T2609 បានវិវត្តទៅជាព្យុះសង្ឃរា នៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ តែព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះនេះទេ។

ក្រសួងធនធានទឹកបានបញ្ជាក់ថា ដោយសារស្ថានភាពបែបនេះនឹងធ្វើឱ្យមានឥទ្ធិពលមកលើតំបន់មួយចំនួន នៅក្នុងព្រះរាជាណាចក្រកម្ពុជារយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦។
តំបន់ដែលទទួលរងពីឥទ្ធិពលនេះរួមមាន៖
១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ ខ្យល់បក់ មកព័ទិសនិរតី និងទិសពាយ័ព្យមានល្បឿនមធ្យម ៣ម៉ែត្រក្នុង១វិនាទី។ ខេត្តសៀមរាប កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង បន្ទាយមានជ័យ និងបាត់ដំបង អាចមានភ្លៀងធ្លាក់ជាមួយ ខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ១៥%។ ចំណែកខេត្តព្រៃវែង ពោធិ៍សាត់ តាកែវ កំណ្តាល កំពង់ឆ្នាំង កំពង់ធំ និងរាជធានីភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។
២-តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C។ ខ្យល់បក់មកពីទិស និរតី និងទិសបស្ចិមមានល្បឿនមធ្យម ៣ម៉ែត្រក្នុង១វិនាទី។ ខេត្តឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី២០%។ចំណែកខេត្តកំពង់ស្ពឺ ប៉ៃលិន និងមណ្ឌលគិរី ពុំមានភ្លៀងធ្លាក់ទេ។

៣-តំបន់មាត់សមុទ្រ៖ -សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C។ខ្យល់បក់ មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម២ម៉ែត្រក្នុង១វិនាទី។ ខេត្តកោះកុង ព្រះសីហនុ និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី៣០%។ ចំណែកខេត្តកំពតនិងខេត្តកែបពុំមានភ្លៀងធ្លាក់ទេ។-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕
ដោយ សួស សំរិត





