ឯកឧត្តម ខូវ ឆាយ៖ ការប្រកួតគុនខ្មែរ នៅអូស្ត្រាលីជាបេសកកម្មថ្មីមួយទៀត ក្នុងការផ្សព្វផ្សាយទៅកាន់ឆាកអន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាអគ្គលេខាធិការ សហព័ន្ធគុនខ្មែរអន្តរជាតិបានលើកឡើងថា ព្រឹត្តិការណ៍ប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរ (CAMBODIA KUN KHMER BEST OF BEST IN AUSTRALIA) គឺជាបេសសកម្មថ្មីមួយទៀតនៃផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយគុនខ្មែរបស់សហព័ន្ធទៅកាន់ឆាកអន្តរជាតិ។

ការលើកឡើងរបស់ឯកឧត្តម ខូវ ឆាយ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ នៅអគារពហុពាណិជ្ជកម្ម ជីប ម៉ុង ដោយមានការចូលរួមជាគណៈអធិបតីពីលោក អ៊ឹង វីរៈ អគ្គនាយកបន្តវេននៃក្រុមហ៊ុនខ្មែរប៊ែវើរីជីស និងលោក អ៊ឹង វិសាល ប្រធានផ្នែកយុទ្ធសាស្រ្តទីផ្សារ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។
ឯកឧត្តម ខូវ ឆាយ បានគូសបញ្ជាក់ថា ការត្រៀមចូលរួមប្រកួតនេះ គឺជាផ្នែកមួយនៃការផ្សព្វផ្សាយវិស័យកីឡាប្រដាល់គុនខ្មែរទៅលើឆាកអន្តរជាតិ ក្រោមផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធ ក្នុងការដឹកនាំគុនខ្មែរចេញទៅប្រកួតនៅក្រៅប្រទេស។ ក្នុងនាមយើងជាម្ចាស់ក្បាច់គុន យើងត្រូវបន្តសម្រួគោលដៅ ក្នុងការអភិរក្ស អភិវឌ្ឍន៍ ផ្សព្វផ្សាយប្រដាល់គុនខ្មែរ ដែលជាមរតកដូនតាខ្មែរ។ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសជួយជំរុញឱ្យវិស័យកីឡាប្រដាល់គុនខ្មែរកាន់តែអភិវឌ្ឍឆ្ពោះទៅរកកម្រិតពិភពលោក តាមរយៈកិច្ចសហប្រតិបត្តិការរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរជាមួយស្ថាប័នកីឡាប្រយុទ្ធកំពូលៗកម្រិតពិភពលោកជាបន្តបន្ទាប់ជាច្រើនកន្លងមកនេះ។

ឯកឧត្តម ខូវ ឆាយ បានគូសបញ្ជាក់បន្ថែមទៀតថា តាមរយៈការបោះជំហានជាបន្តបន្ទាប់របស់វិស័យកីឡាប្រដាល់គុនខ្មែរលើឆាកអន្តរជាតិនេះ ឯកឧត្តមប្រធានក៏បានបង្ហាញនូវក្តីសុបិនដ៏ធំមួយនៃជំរុញឱ្យប្រភេទកីឡាប្រដាល់គុនខ្មែរត្រូវបានទទួលស្គាល់ជាអន្តរជាតិ ក្រោមការគាំទ្រជាង៧៥ឡើងទៅ និងដាក់បញ្ជូលប្រភេទកីឡាគុនខ្មែរទៅក្នុងកម្រិតអូឡាំពិកហ្គេម នាថ្ងៃអនាគត។ បើទោះបីជាក្តីសុបិននេះធំធេងក៏ពិតមែន ប៉ុន្តែឯកឧត្តម ខូវ ឆាយ ថាយើងត្រូវតែហ៊ានដាក់ក្តីសុបិនដ៏ធំមួយ តាមរយៈការខិតខំប្រឹងប្រែងរបស់សហព័ន្ធ ក្រោមការឧបត្ថម្ភគាំទ្រពីគ្រប់ផ្នែកទាំងអស់។

បន្ថែមពីលើនេះ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានសង្កត់ធ្ងន់ទៀតថា ជាមួយនឹងដំណើរការអភិវឌ្ឍនៃវិស័យកីឡាប្រដាល់គុនខ្មែរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែផ្តល់កម្លាំងចិត្ត លើកទឹកចិត្ត ឧបត្ថម្ភគាំទ្រទាំងសម្ភារៈ ថវិកាជាបន្តបន្ទាប់ ដោយការឧបត្ថម្ភគាំទ្ររបស់សម្តេចទាំងទ្វេរមិនអាចកាត់ថ្លៃបានឡើយ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលតែងតែជំរុញការអភិវឌ្ឍវិស័យកីឡាកម្ពុជាគ្រប់ប្រភេទកីឡាទាំងអស់ផងដែរ។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនដៃគូអភិវឌ្ឍន៍ទាំងអស់ រួមទាំងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលតែងតែផ្តល់ការឧបត្ថម្ភគាំទ្រ ក្នុងដំណើរការអភិវឌ្ឍនេះ។

គួរបញ្ជាក់ថា ការប្រកួតកីឡាប្រដាល់ដណ្តើមខ្សែក្រវាត់គុនខ្មែរ (CAMBODIA KUN KHMER BEST OF BEST IN AUSTRALIA) នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី គ្រោងនឹងរៀបចំនៅថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ ដោយមាន៦គូ ដែលកីឡាករ កីឡាការិនីខ្មែរ ប៉ះជាមួយអ្នកប្រដាល់អូស្ត្រាលី ក្នុងនោះគូការពារខ្សែក្រវាត់៣គូ និងគូដណ្តើមខ្សែក្រវាត់១គូ និងគូមិត្តភាព២គូ។ ចំពោះ ៦គូនេះ រួមមាន៖ កីឡាករ ពេជ្រ សម្បត្តិ ឡើងការពារខ្សែក្រវាត់ជាមួយអ្នកប្រដាល់ ផុនឡាគិត ឆុមប្រាម ទម្ងន់ ៦០គ.ក្រ គូការពារខ្សែក្រវាត់, កីឡាករកម្ពុជា បឺត សង្ឃឹម ឡើងការពារខ្សែក្រវាត់ជាមួយអ្នកប្រដាល់ សូឡៃម៉ាន់ ហាសេមី ទម្ងន់ ៦០គ.ក្រ, ពេជ្រ អាទិទេព ឡើងការពារខ្សែក្រវាត់ជាមួយអ្នកប្រដាល់ អាលី ណាហ្សារី ទម្ងន់ ៥៨គ.ក្រ ខណៈកីឡាការិនីកម្ពុជា ទូច ចាន់វត្តី ប៉ះ កីឡាការិនី ហ្លូ វ៉ារូ ទម្ងន់ ៥៧គ.ក្រ គូដណ្តើមខ្សែក្រវាត់។ ចំពោះការប្រកួតមិត្តភាព២គូ គឺកីឡាករ ឡុង សំណាង ប៉ះ សុងគ្រ ផិចយិនឌី ទម្ងន់ ៦៧គ.ក្រ ខណៈកីឡាករ គឹម វាសនា ប៉ះ ជីមមី ហ្វស្ទ័រ ក្នុងប្រភេទទម្ងន់ ៦៩គ.ក្រ៕
ដោយ ហេង ណាលីន





