អាជ្ញាធរទន្លេសាបរៀបចំសិក្ខាសាលាស្តីពីការតាមដានភាពសម្បូរត្រី និងពិនិត្យការគ្រប់គ្រងទិន្នន័យត្រី នៅខេត្តកំពង់ឆ្នាំង
AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦--លោក ខូវ មាស អគ្គលេខាធិការរងនៃអាជ្ញាធរទន្លេសាប នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះបានអញ្ជើញចូលរួមសិក្ខាសាលាថ្នាក់ជាតិ ស្តីពី សេចក្តីព្រាងរបាយការណ៍តាមដានភាពសម្បូរត្រី និងភាពចម្រុះប្រភេទត្រី និងពិនិត្យលើការគ្រប់គ្រងមូលដ្ឋានទិន្នន័យនៅខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីក្រុមការងារគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា តំណាងរដ្ឋបាលជលផល តំណាងអាជ្ញាធរទន្លេសាប និងក្រុមការងារជំនាញការថ្នាក់តំបន់នៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ(Mekong River Commission-MRC)។

គណៈកម្មការទន្លេមេគង្គ(MRC)បានអនុវត្តកម្មវិធីត្រួតពិនិត្យភាពសម្បូរត្រី និងភាពចម្រុះនៃប្រភេទត្រី (FADM) ជាប្រព័ន្ធត្រួតពិនិត្យការនេសាទទូទាំងអាងទន្លេមេគង្គជាប្រចាំនៅតាមបណ្តាប្រទេសអនុតំបន់ទន្លេមេគង្គ រហូតមកដល់ពេលបច្ចុប្បន្ន។ កម្មវិធីនេះបានផ្តល់ព័ត៌មានស្តង់ដារ និងមានរយៈពេលវែង ដើម្បីវាយតម្លៃស្ថានភាព និងនិន្នាការនៃការនេសាទត្រីនៅក្នុងអាងទន្លេមេគង្គក្រោម និងដើម្បីគាំទ្រដល់ការគ្រប់គ្រងធនធានទឹកក្នុងតំបន់ ក៏ដូចជាការធ្វើការសម្រេចចិត្តលើការនេសាទត្រី។

កម្មវិធីនេះបានរួមចំណែកដោយផ្ទាល់ដល់សូចនាករចំនួនប្រាំដែលទាក់ទងនឹងការនេសាទនៃក្របខ័ណ្ឌសូចនាករក្នុងអាងទន្លេមេគង្គគឺ ទី១ ភាពចម្រុះនៃត្រី, ទី២ ភាពសម្បូរនៃត្រី, ទី៣ កិច្ចខិតខំប្រឹងប្រែងនេសាទ ,ទី៤ ទំហំត្រី និង និងទី៥ ភាពចម្រុះ និងភាពសម្បូរនៃប្រភេទសត្វដែលបានណែនាំ បានពិនិត្យរួមគ្នា ដើម្បីផ្តល់នូវការយល់ដឹងរួមបញ្ចូលគ្នាអំពីនិន្នាការ និងស្ថានភាពនៃការនេសាទ។

លោកអគ្គលេខាធិការរង អាជ្ញាធរទន្លេសាប ខូវ មាស បានលើកឡើងថា សិក្ខាសាលានេះមានគោលបំណងសំខាន់ៗចំនួមបីគឺ ទី១ ពិនិត្យ និងពិភាក្សាអំពីរបាយការណ៍តាមដានភាពសម្បូរត្រី និងភាពចម្រុះប្រភេទត្រីចាប់ពីឆ្នាំ២០២៣-២០២៤ និងផ្ទៀងផ្ទាត់ទិន្នន័យ និងការរកឃើញសំខាន់ៗនាពេលបច្ចុប្បន្ននេះ ទី២ ពិនិត្យឡើងវិញនូវការអនុវត្ត ការតាមដានភាពសម្បូរត្រី និងភាពចម្រុះប្រភេទត្រី (FADM) ការតាមដានកូនត្រីម្ស៉ៅ (FLDM) និងការគ្រប់គ្រងមូលដ្ឋានទិន្នន័យ និងទ៣ លើកអំពីបញ្ហាប្រឈមនានានៅតាមតំបន់ និងឱកាសសម្រាប់ការកែលម្អ៕
ដោយ ណយ នឿន (ប្រភព៖អាជ្ញាធរទន្លេសាប)





