កម្ពុជាចូលរួមជាមួយប្រទេសជាង១៧០ ដើម្បីកំណត់ទិសដៅអភិបាលកិច្ច បញ្ញាសិប្បនិម្មិតសាកល
AKP ភ្នំពេញ ថ្ងៃទី0៧ ខែកក្កដា ឆ្នាំ២០២៦--ពីទីក្រុងហ្សឺណែវ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រីទទួលបន្ទុកវិស័យឌីជីថល និងតំណាងមកពី ១៧០ប្រទេស និងអង្គការអន្តរជាតិនានា ប្រមាណជា៤០០០នាក់ បានជួបជុំគ្នាក្នុង“ពិធីសម្ពោធកិច្ចសន្ទនាសកលស្ដីពីអភិបាលកិច្ចបញ្ញាសិប្បនិម្មិត”។
តបតាមការអញ្ជើញរបស់ ឯកឧត្ដម Antonio Gutierres អគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមអគ្គលេខាធិការអង្គការសហប្រជាជាតិ និងតំណាងប្រទេសអែលសាលវ៉ាដ័រនិងអេស្តូនីជាសហប្រធាន។

ក្នុងនាមតំណាងកម្ពុជា ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានថ្លែងដោយផ្ដោតលើចំណុចសំខាន់ៗ ចំនួនប្រាំគឺ ទី១ អភិបាលកិច្ចបញ្ញាសិប្បនិម្មិត ត្រូវផ្ដោតលើការគាំទ្រសក្ដានុពលវិជ្ជមាន ដើម្បីជំរុញនវានុវត្តន៍ ពង្រីកលទ្ធភាពប្រើប្រាស់ និងកសាងទំនុកចិត្ត ទី២ ដើម្បីកសាងទំនុកចិត្ត អភិបាលកិច្ចត្រូវឆ្លើយតបនឹងហានិភ័យ ឆ្លើយតបទាន់សភាពការណ៍ និងសំឡឹងមើលទៅមុខ ដោយត្រូវទប់ស្កាត់មុនផលប៉ះពាល់មកដល់ ក្នុងករណីចាំបាច់ ទី៣ ស្របតាមនិន្នាការអាស៊ាន កម្ពុជានឹងធ្វើអភិបាលកិច្ចបញ្ញាសិប្បនិម្មិតដោយឈរលើគោលការណ៍ និងចាត់ទុកវិស័យឯកជន គ្រឹះស្ថានអប់រំស្រាវជ្រាវ សង្គមស៊ីវិល និងប្រជាពលរដ្ឋជាដៃគូដ៏សំខាន់ ទី៤ សហគមន៍អន្តរជាតិត្រូវសហការលើការកសាងសមត្ថភាពជូននិយ័តករ ចែករំលែកព័ត៌មាន អំពីការវិវឌ្ឍថ្មីៗ និងចែករំលែកបទពិសោធនិយ័តកម្មនិងការតាមដានឧប្បត្តិហេតុបញ្ញាសិប្បនិម្មិត ទី៥ កម្ពុជាអំពាវនាវឱ្យក្រុមហ៊ុនបច្ចេកវិទ្យាសហការយ៉ាងពិតប្រាកដជាមួយបណ្ដារដ្ឋាភិបាល ដើម្បីធ្វើអភិបាលកិច្ចបញ្ញាសិប្បនិម្មិត ។

បញ្ញាសិប្បនិម្មិតមានសក្ដានុពលធំធេងក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម តែក៏នាំមកនូវហានិភ័យជាច្រើនផងដែរ។ គណៈវិទ្យាសាស្ត្រឯករាជ្យអន្តរជាតិលើបញ្ញាសិប្បនិម្មិត ដែលមានសមាជិក ៤០រូប ជាអ្នកជំនាញមកពីជុំវិញពិភពលោក បានរាយការណ៍ជូនតំណាងរដ្ឋសមាជិក នូវលទ្ធផលនៃការសិក្សារបស់ខ្លួនអំពីបញ្ញាសិប្បនិម្មិត ដោយបង្ហាញយ៉ាងច្បាស់ថា បញ្ញាសិប្បនិម្មិតកំពុងអភិវឌ្ឍលឿនជាងសមត្ថភាពគ្រប់គ្រង ហើយសមត្ថភាពនេះប្រមូលផ្ដុំក្នុងប្រទេសមួយចំនួនតូច ខណៈផលប៉ះពាល់អាចជះឥទ្ធិពលដល់គ្រប់ប្រទេសជុំវិញពិភពលោក។ គណៈវិទ្យាសាស្ត្របានអំពាវនាវឱ្យបណ្ដារដ្ឋសមាជិកធ្វើការសម្រេចចិត្តជានយោបាយឱ្យបានរួសរាន់ ដើម្បីធានាថា បញ្ញាសិប្បនិម្មិតបម្រើប្រយោជន៍របស់មនុស្សជាតិ៕

ដោយ ណយ នឿន (ប្រភព៖ក្រសួងប្រៃសណីយ៍)





