មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ការពង្រឹងសមត្ថភាពសិស្សានុសិស្សក្នុងមុខវិជ្ជាគណិតវិទ្យា គឺឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារការងារនាពេលអនាគត
AKP ភ្នំពេញ ថ្ងៃទី0៧ ខែកក្កដា ឆ្នាំ២០២៦--លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការពង្រឹងសមត្ថភាពសិស្សានុសិស្សក្នុងមុខវិជ្ជាគណិតវិទ្យា មិនត្រឹមតែជួយឱ្យពួកគេទទួលបានលទ្ធផលសិក្សាល្អប៉ុណ្ណោះទេ ថែមទាំងជួយរៀបចំពួកគេឱ្យក្លាយជាពលរដ្ឋដែលមានសមត្ថភាពប្រកួតប្រជែង មានភាពច្នៃប្រឌិត ឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារការងារនាពេលអនាគតផងដែរ។ ការលើកឡើងបែបនេះរបស់លោកជំទាវរដ្ឋលេខាធិការធ្វើឡើងក្នុងពិធីប្រគល់រង្វាន់ មេដាយ បណ្ណសរសើរ និងលិខិតសរសើរ នៃកម្មវិធីប្រឡងគណិតវិទ្យាអាមេរិកាំងហ្គោលដិនហ្គេតលើកទី៥ នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។

លោកជំទាវបណ្ឌិតបានគូសបញ្ជាក់ថា បច្ចុប្បន្នពិភពលោកកំពុងឈានចូលយុគសម័យនៃការប្រែប្រួលយ៉ាងឆាប់រហ័ស ដោយមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត។ ក្នុងបរិបទនេះ ការយល់ដឹង និងជំនាញផ្នែកគណិតវិទ្យាកាន់តែមានសារៈសំខាន់ និងបានក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការបង្កើត និងការអភិវឌ្ឍបច្ចេកវិទ្យាទំនើបទាំងឡាយ ខណៈចំណេះដឹងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ត្រូវបានទទួលស្គាល់ថាជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញនវានុវត្តន៍ ការបង្កើនផលិតភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។ ដូច្នេះ ការពង្រឹងសមត្ថភាពសិស្សានុសិស្សក្នុងមុខវិជ្ជាគណិត វិទ្យា មិនត្រឹមតែជួយឱ្យពួកគេទទួលបានលទ្ធផលសិក្សាល្អប៉ុណ្ណោះទេ ថែមទាំងជួយរៀបចំពួកគេឱ្យក្លាយជាពលរដ្ឋដែលមានសមត្ថ ភាពប្រកួតប្រជែង មានភាពច្នៃប្រឌិត ឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារការងារនាពេលអនាគតផងដែរ។

ក្នុងឱកាសនេះ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី បានចូលរួមអបអរសាទរចំពោះសិស្សានុសិស្ស និងជ័យលាភីទាំងអស់ដែលទទួលបានមេដាយ ពានរង្វាន់ និងបណ្ណសរសើរ ដោយលើកឡើងថា នេះគឺជាសមិទ្ធផលជាទីមោទនៈបំផុតមួយសបញ្ជាក់ពីការខិតខំប្រឹងប្រែង តស៊ូអត់ធ្មត់ ភាពវៃឆ្លាត និងយកចិត្តទុកដាក់រៀនសូត្រមិនឈប់ឈរ ព្រមទាំងកោតសរសើរដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសហការីទាំងអស់នៃសាលាអាមេរិកាំងហ្គោលដិនហ្គេត ដែលបានរៀបចំកម្មវិធីប្រកួតប្រជែងដ៏មានសារៈសំខាន់នេះឡើង ប្រកបដោយជោគជ័យជាបន្តបន្ទាប់រហូតដល់លើកទី៥។

គំនិតផ្ដួចផ្ដើមនេះ មិនត្រឹមតែជាការវាស់ស្ទង់សមត្ថភាពរបស់សិស្សានុសិស្សនោះទេ ថែមទាំងជាការឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តខ្ពស់របស់សាលាក្នុងការលើកកម្ពស់គុណភាពអប់រំ និងការបណ្ដុះបណ្ដាលធនធានមនុស្ស ស្របតាមចក្ខុវិស័យនៃការធ្វើបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មវិស័យអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងបានបន្ថែមថា ការវិនិយោគលើការអប់រំរបស់កូនៗចាប់តាំងពីកុមារតូច ដែលផ្ដោតលើទាំងការអភិវឌ្ឍខួរក្បាល ស្មារតី សីលធម៌ និងការយល់ដឹង រហូតដល់ការជំរុញឱ្យពួកគេមានសេរីភាពក្នុងការគិត និងស្រឡាញ់មុខវិជ្ជាវិទ្យាសាស្ត្រ គឺជាការវិនិយោគដ៏ត្រឹមត្រូវ និងមានតម្លៃបំផុតសម្រាប់អនាគតរបស់ពួកគេ និងសម្រាប់សង្គមជាតិទាំងមូល៕
ដោយ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





