ព្រះករុណាព្រះមហាក្សត្រ៖ កិច្ចការអភិរក្សនិងអភិវឌ្ឍន៍ បេតិកភណ្ឌ ជាកិច្ចការគ្មានទីបញ្ចប់
AKP ភ្នំពេញ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ -- ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជឱង្ការថា កិច្ចការអភិរក្សនិងអភិវឌ្ឍន៍ បេតិកភណ្ឌ ជាកិច្ចការគ្មានទីបញ្ចប់ ដែលទាមទារឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ជាពិសេសគឺស្រទាប់យុវជនជាអ្នកបន្តវេន។ នេះបើយោងតាមព្រះរាជសាររបស់ព្រះករុណា ព្រះមហាក្សត្រ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសអបអរសាទរខួបជាប្រវត្តិសាស្ត្រ ៩ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៦)។

ក្នុងព្រះរាជសារ ព្រះអង្គបានគូសបញ្ជាក់ថា នៅក្នុងឱកាសខួបជាប្រវត្តិសាស្ត្រ ៩ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិ បេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ ដោយអង្គការយូណេស្កូ (UNESCO) ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមសម្តែងនូវហឫទ័យសោមនស្សរីករាយឥតឧបមាដ៏ជ្រាលជ្រៅ សូមចូលរួមអបអរសាទរជាមួយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំជាតិគ្រប់ជាន់ថ្នាក់ និងជនរួមជាតិទាំងអស់ ជាទីនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត។ ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមវាយតម្លៃខ្ពស់ និងសូមកោតសរសើរជាទីបំផុត ចំពោះការ ចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅខេត្តកំពង់ធំ ឱ្យបានស្ថិតស្ថេរ គង់វង្សនិងប្រកបដោយចីរភាព នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គ ក៏បានសម្តែងនូវកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជតម្រិះព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដំ ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានយកព្រះទ័យទុកដាក់ជានិច្ចកាលក្នុងការថែរក្សាសម្បត្តិវប្បធម៌ជាតិក្នុងមួយព្រះជន្មព្រះអង្គ។ ព្រះករុណាព្រះមហាក្សត្រ ក៏បានកោតសរសើរនិងអរគុណដ៏ជ្រាលជ្រៅចំពោះប្រជាជាតិកម្ពុជា ទាំងមូល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឆ្នើម ឈ្លាសវៃនិងប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងបន្តមកបច្ចុប្បន្ន សម្តេចមហាប់វរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យពីភពលោកព្រមទទួលស្គាល់សម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រ ជាកេរ្ត៍ដំណែលដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរដែលបានបន្សល់ទុកសម្រាប់ មនុស្សជាតិជំនាន់ក្រោយដើម្បី ថែរក្សាបន្ត។ ទន្ទឹមនេះដែរ ព្រះអង្គក៏បានថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅ និងគាំទ្រជាខ្លាំង ចំពោះកិច្ច ខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ រាជរដ្ឋាភិបាល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិសំបូរ ព្រៃគុក និងគណៈកម្មាធិការសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រសំបូរព្រៃគុក «ICC/ANGKOR-SAMBOR PREI KUK» និងការថែទាំបន្ត ដែលដឹកនាំដោយសហប្រធាន ជាតំណាងនៃ សាធារណរដ្ឋបារាំង និងប្រទេសជប៉ុន ព្រមទាំងដៃគូកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិទាំងអស់ ។

គួរម្លឹកដែរថា ប្រាសាទសំបូរព្រៃគុក បានចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងក្រាកូវ (Krakow) ប្រទេសប៉ូឡូញ។ ប្រាសាទទាំងនេះ សាងសង់អំពីថ្មបាយក្រៀម ឥដ្ឋតាន់ និងថ្មភក់ ក្នុងរជ្ជកាលព្រះបាទឥសានវរ្ម័នទី១ (គ.ស.៦១៦-៦៣៥) នាសម័យចេនឡា ដើម្បីឧទ្ទិសថ្វាយ ព្រះសិវៈ ក្នុងលទ្ធិព្រហ្មញ្ញសាសនា លើផ្ទៃដីប្រមាណ ៣០០០ ហិកតា។ តំបន់ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចម្ងាយប្រហែល ២៨គីឡូម៉ែត្រភាគឦសាននៃទីរួមខេត្តកំពង់ធំ និងមានចម្ងាយប្រហែល ១៩៦គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ប្រាសាទសំបូរព្រៃគុក ជារាជធានីចាស់ឈ្មោះថា ឦសានបុរៈ កាលពីសម័យនោះជាមជ្ឈមណ្ឌលនៃព្រហ្មញ្ញសាសនា៕

ដោយ៖ ជឹម ណារី





