កងអាវុធហត្ថខេត្តបន្ទាយមានជ័យ ប្រកាសយុទ្ធនាការក្ដាប់ឱ្យជាប់-បង្ក្រាបឱ្យម៉ត់ចត់លើបទល្មើសគ្រប់ប្រភេទ និងឧក្រិដ្ឋកម្មបច្ចេកវិទ្យា (Online Scams)
AKP បន្ទាយមានជ័យ ថ្ងៃទី0៧ ខែកក្កដា ឆ្នាំ២០២៦--លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កងកម្លាំងក្រោមឱវាទឱ្យបង្កើនកិច្ចសហប្រតិបត្តិការ និងពង្រឹងប្រសិទ្ធភាពការងារឱ្យដល់កម្រិតខ្ពស់បំផុត ពិសេសគឺការបោសសម្អាតបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលកំពុងបង្កផលប៉ះពាល់ដល់សង្គម និងការបង្ក្រាបបទ ល្មើសគ្រឿងញៀន ជួញដូរមនុស្ស និងបទល្មើសព្រហ្មទណ្ឌគ្រប់ទម្រង់។
ការដាក់ចេញនូវទិសដៅការងារដ៏មុតស្រួចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធ ផលការងារកងរាជអាវុធហត្ថឆមាសទី១ និងដាក់ទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ នៅព្រឹកថ្ងៃ អង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំអគារសេនាធិការ ដ្ឋានកងរាជអាវុធហត្ថខេត្ត។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានពាំនាំនូវការសួរសុខទុក្ខ ប្រកបដោយក្តីនឹករលឹកពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសជូនដល់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់។ ទន្ទឹមនឹងនោះ លោកក៏បានគោរព វិញ្ញាណក្ខន្ធចំពោះវីរកងទ័ព និងវីរអាវុធហត្ថ ដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងសមរភូមិ ដើម្បីបុព្វហេតុជាតិមាតុភូមិ។

ថ្លែងក្នុងកិច្ចប្រជុំ លោកមេបញ្ជាការបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កង កម្លាំងទាំងអស់ ដែលបានបំពេញតួនាទីភារកិច្ចនាពេលកន្លងមកបានយ៉ាងល្អប្រសើរ។ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងឆមាសទី២ លោកឧត្តមសេនីយ៍ត្រី បានដាក់ចេញនូវ អនុសាសន៍គន្លឹះនោះ មន្ត្រីអាវុធហត្ថគ្រប់រូបត្រូវគោរពតួនាទី ភារកិច្ច និងបទបញ្ជាឱ្យបានម៉ឺងម៉ាត់ មានផែនការច្បាស់លាស់ក្នុងការងារ ការតាមដានត្រួតពិនិត្យ និងការរាយការណ៍ទៀង ទាត់តាមឋានានុក្រម។ ត្រូវប្រកាន់ខ្ជាប់នូវភាពថ្លៃថ្នូរ និងនីតិវិធីច្បាប់ក្នុងការអនុវត្តការងារ ដើម្បីទទួលបានការគាំទ្រ និងជំនឿទុកចិត្តពីប្រជាពលរដ្ឋ។ ត្រូវយកចិត្តទុកដាក់ការពារ សន្តិសុខជូនថ្នាក់ដឹកនាំ ឥស្សរជនជាន់ខ្ពស់ជាតិ-អន្តរជាតិ ភ្ញៀវទេសចរ ក៏ដូចជាអ្នកវិនិយោគ ក្នុងគ្រប់ព្រឹត្តិការណ៍ទាំងអស់ដែលកើតឡើងក្នុងមូលដ្ឋាន។
យុទ្ធនាការបង្ក្រាបបទល្មើសនេះគឺជាចំណុចអាទិភាពបំផុត លោកមេបញ្ជាការបានសង្កត់ ធ្ងន់ឱ្យកងកម្លាំង «ក្តាប់ឱ្យជាប់ ស្រាវជ្រាវឱ្យម៉ត់ចត់» លើបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scams) ព្រមទាំងបទល្មើសគ្រឿងញៀន ការជួញដូរមនុស្ស និងបទល្មើសព្រហ្ម ទណ្ឌផ្សេងៗទៀត ដោយមិនអនុញ្ញាតឱ្យបទល្មើសទាំងនេះចាក់ឫសក្នុងមូលដ្ឋានឡើយ។

កិច្ចប្រជុំនេះ មិនត្រឹមតែជាការវាយតម្លៃលទ្ធផលការងារប៉ុណ្ណោះទេ ប៉ុន្តែគឺជាការប្តេជ្ញាចិត្តថ្មី មួយទៀតរបស់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្នុងការរួមចំណែកថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យកាន់តែរឹងមាំ ដើម្បីបង្កលក្ខណៈសម្បត្តិល្អប្រសើរ ជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្ត៕
ដោយឈុនសារ៉ាត





