ក្រសួងប្រៃសណីយ៍ រៀបចំកម្មវិធីបណ្តុះបណ្តាលស្តីពីកិច្ចការពារអ្នកប្រើប្រាស់ក្នុងវិស័យទូរគមនាគមន៍
AKP ភ្មំពេញ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តម គង់ ផល្លៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) និង លោក Gidon Windecker អនុប្រធានផ្នែកសហប្រតិបត្តិការអភិវឌ្ឍន៍ នៃស្ថានទូតអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦-៧ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបណ្តុះបណ្តាលស្តីពី “ការរៀបចំសេចក្តីព្រាងប្រកាសស្តីពីកិច្ចការពារអ្នកប្រើប្រាស់ក្នុងវិស័យទូរគមនាគមន៍” នៅសណ្ឋាគារ សាន់វ៉េ ភ្នំពេញ ក្រោមគម្រោង EU-German GATE ដោយមានការអញ្ជើញចូលរួមពីទីប្រឹក្សាបច្ចេកទេសជាតិ និងអន្តរជាតិ មន្ត្រីជំនាញផ្នែកច្បាប់របស់ ក.ប.ទ. និយ័តករទូរគមនាគមន៍កម្ពុជា និងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលព្រមទាំងអ្នកតំណាងគម្រោង EU-German GATE សរុបចំនួន ២២រូប។

លោក Gidon Windecker អនុប្រធានផ្នែកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ នៃស្ថានទូតអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា បានគួសបញ្ជាក់អំពីការគាំទ្ររបស់គម្រោង EU-German GATE ក្នុងការពង្រឹងក្របខ័ណ្ឌច្បាប់ តាមរយៈការរៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់កិច្ចការពារអ្នកប្រើប្រាស់ក្នុងវិស័យទូរគមនាគមន៍ ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងការវិវត្តន៍យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា។
ក្នុងមតិបើកសិក្ខាសាលា ឯកឧត្តមរដ្ឋលេខាធិការ គង់ ផល្លៈ បានលើកទឹកចិត្តឱ្យមន្ត្រីដែលបានចូលរួមកម្មវិធីបណ្តុះបណ្តាល យកចំណេះដឹងដែលទទួលបាន មកអនុវត្តក្នុងការរៀបចំសេចក្តីព្រាងប្រកាស ដោយបានគូសបញ្ជាក់ថា “នៅថ្ងៃស្អែក សូមកុំគ្រាន់តែរៀបចំបទប្បញ្ញត្តិច្បាប់ ប៉ុន្តែសូមរៀបចំដំណោះស្រាយ ជាមួយគ្នានេះ មាត្រានីមួយៗដែលរៀបចំ គួរតែដោះស្រាយបញ្ហាពិតប្រាកដដែលអ្នកប្រើប្រាស់សេវាទូរគមនាគមន៍កំពុងជួបប្រទះ”។

ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍បន្ថែមថា ប្រសិនបើយើងដាក់អ្នកប្រើប្រាស់ជាចំណុចកណ្តាលនៃការងាររបស់យើង យើងនឹងអាចរៀបចំប្រកាសមួយដែលមានប្រសិទ្ធភាព អាចអនុវត្តបាន និងសមស្របសម្រាប់អនាគតឌីជីថលរបស់កម្ពុជា។ ឯកឧត្តម បានផ្តាំផ្ញើថា “សូមចងចាំថា ការរៀបចំសេចក្តីព្រាងបានល្អនាំឱ្យមានបទប្បញ្ញត្តិល្អ បទប្បញ្ញត្តិល្អកសាងទំនុកចិត្តសាធារណៈលើសេវាទូរគមនាគមន៍ ហើយទំនុកចិត្តនោះគឺជាកម្លាំងជំរុញដ៏សំខាន់សម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា” ។

សូមបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាល ដែលរៀបចំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នាពេលនេះមានគោលបំណងពង្រឹងការយល់ដឹងអំពីគោលការណ៍កិច្ចការពារអ្នកប្រើប្រាស់ ឧត្តមានុវត្តន៍អន្តរជាតិ និងក្របខណ្ឌច្បាប់របស់កម្ពុជា ដើម្បីរៀបចំប្រកាសដែលមានលក្ខណៈជាក់ស្តែង អាចអនុវត្តបាន និងស្របតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យទូរគមនាគមន៍ ៕
ដោយ ណយ នឿន (ប្រភព៖ក្រសួងប្រៃសណីយ៍)





