អភិបាលស្រុកបូរីជលសារ អញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ នៅមណ្ឌលប្រឡងវិទ្យាល័យសុខអានដូងខ្ពស់បូរីជលសារ
AKP តាកែវ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦--លោក ស៊ូ ភិរម្យ អភិបាលនៃគណៈអភិបាលស្រុកបូរីជលសារ បានអញ្ជើញបើក វិញ្ញាសាសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ឌីប្លូម) សម័យប្រឡងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យសុខអានដូងខ្ពស់បូរីជលសារ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក សាន់ សុះ អភិបាលរងស្រុក, លោកស្រីនាយករងរដ្ឋបាលសាលាស្រុក, លោកប្រធាន-អនុប្រធាន និងមន្ត្រីនៃការិយាល័យ អប់រំយុវជននិងកីឡាស្រុក, លោកមេឃុំ, លោកនាយកសាលា ព្រមទាំងលោកគ្រូ អ្នកគ្រូ ដែលជាគណៈមេប្រយោគប្រឡង និងអនុរក្សជាច្រើនរូប នៅមណ្ឌលប្រឡង វិទ្យាល័យ សុខអានដូងខ្ពស់បូរីជលសារ ស្ថិតនៅក្នុងឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ កាលពីព្រឹកថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោក ស៊ូ ភិរម្យ អភិបាលនៃគណៈអភិបាលស្រុកបូរីជលសារ បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខ និងការគិតគូរយ៉ាងយកចិត្តទុកដាក់លើវិស័យអប់រំ ពីសំណាក់ថ្នាក់ដឹកនាំខេត្តតាកែវ ជូនដល់គណៈកម្មការប្រឡង និងបេក្ខជនទាំងអស់។ ជាមួយគ្នានោះដែរ លោកអភិបាលស្រុកបានដាស់តឿន និងលើកទឹក ចិត្តដល់ក្មួយៗជា បេក្ខជនទាំងអស់ ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ប្រើប្រាស់ចំណេះដឹងដែលបាន រៀនសូត្រកន្លងមក និងត្រូវគោរពតាមបទបញ្ជានៃការប្រឡងឱ្យបានខ្ជាប់ខ្ជួនបំផុត ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ "អ្នកចេះ គឺជាប់"។
លោក ស៊ូ ភិរម្យ ក៏បានសង្កត់ធ្ងន់និងណែនាំដល់គណៈមេប្រយោគ អនុរក្ស ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ យុត្តិធម៌ និងតម្លាភាព ដើម្បីធានាឱ្យដំណើរ ការនៃការប្រឡងនេះ ប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ។

លោក ស៊ូ ភិរម្យ ក៏បានផ្ដល់កម្លាំងចិត្តដល់ក្មួយៗ ប្អូនៗសិស្សានុសិស្សទាំងអស់ សូមខិតខំប្រឹងប្រែងប្រឡងឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបានជោគជ័យនិងឆ្លងកាត់ ការវាយ តម្លៃចំណេះដឹងមួយកម្រិតទៀត ឆ្ពោះទៅរកការសិក្សានៅកម្រិត មធ្យមសិក្សាទុតិយភូមិជា បន្តទៀត។ ជាមួយគ្នានេះលោកអភិបាលស្រុក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កងកម្លាំងមានសមត្ថកិច្ច ក្រុមគ្រូពេទ្យ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព នៅតាមមណ្ឌលប្រឡងនីមួយៗ យ៉ាងយកចិត្តទុក ដាក់បំផុត ដើម្បីរួមចំណែកធ្វើឱ្យសម័យប្រឡងនេះ ទទួលបានជោគជ័យតាមការគ្រោងទុក។

បន្ទាប់ពីមានប្រសាសន៍សំណេះសំណាលរួច លោក ស៊ូ ភិរម្យ ក៏បានអញ្ជើញដើរពិនិត្យ មើលទិដ្ឋភាពទូទៅនៅតាមបន្ទប់ប្រឡង ដោយបានឃើញថា បេក្ខជន បេក្ខនារីទាំងអស់ បាននិងកំពុងអនុវត្តន៍ការប្រឡងប្រកបដោយភាពស្ងប់ស្ងាត់ ថ្លៃថ្នូរ និងមានទំនុកចិត្តខ្ពស់ លើសមត្ថភាពរៀងៗខ្លួន៕
ដោយ អ៊ុច សៀង





