អង្គការ WWF គាំទ្រជីវភាពសហគមន៍ ដើម្បីការពារធម្មជាតិ
AKP ភ្នំពេញ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦--អង្គការ WWF គាំទ្រជីវភាពសហគមន៍ ដើម្បីការពារធម្មជាតិ ដែលធ្វើឱ្យជីវភាពរបស់សហគមន៍ប្រកបដោយចីរភាព គឺជាគន្លឹះក្នុងការការពារព្រៃឈើ និងកសាងសហគមន៍ដែលមានភាពធន់។ នេះបើតាមការឱ្យដឹងពីអង្គការ WWFនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ ។

អង្គការ WWF-កម្ពុជា សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ អាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំសហគមន៍ បានចែកចាយកូនមាន់ចំនួន ៨០០ក្បាល ដល់គ្រួសារចំនួន ១៥ នៅឃុំជ្រោយបន្ទាយ ដើម្បីលើកកម្ពស់ការចិញ្ចឹមមាន់ដើម្បីជួយដោះស្រាយជីវភាពប្រចាំថ្ងៃ។ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលបច្ចេកទេស និងរៀបចំទ្រុងមាន់រួចរាល់ គ្រួសារទាំងនេះបានចាប់ផ្តើមបង្កើតប្រភពចំណូលថ្មី ដែលជួយកាត់បន្ថយការពឹងផ្អែកលើការប្រើប្រាស់ធនធានធម្មជាតិ និងរួមចំណែកកាត់បន្ថយសម្ពាធលើព្រៃឈើ និងធនធានជលផល។

តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយសហគមន៍ និងដៃគូរាជរដ្ឋាភិបាល អង្គការ WWF-កម្ពុជា កំពុងបង្កើតឱកាសសម្រាប់សហគមន៍ក្នុងការលើកកម្ពស់ជីវភាព ពង្រឹងភាពធន់ និងរួមចំណែកអភិរក្សធនធានធម្មជាតិ ដើម្បីកសាងអនាគតមួយដែល មនុស្ស និងធម្មជាតិរស់នៅដោយសុខដុមរមនា ៕

ដោយ ណយ នឿន (ប្រភព៖WWF)





