លោកជំទាវ និន សាផុន និងលោកជំទាវ នូ សុវណ្ណនី នាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃនៅវត្តសីហរតនារាម
AKP តាកែវ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦--ដើម្បីចូលរួម និងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យកាន់តែ មានភាពរុងរឿង លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា និងជាតំណាង រាស្ត្រមណ្ឌលតាកែវ និងបុត្រាបុត្រី រួមជាមួយលោកជំទាវ នូ សុវណ្ណនី តំណាងរាស្ត្រមណ្ឌលតាកែវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលខេត្តតាកែវ ពុទ្ធបរិស័ទ និងប្រជា ពលរដ្ឋបាននាំយកទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ បច្ច័យ និងទេយ្យទាន ប្រគេន ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសីមាវត្តសីហរតនារាម។ ពិធីនេះរៀបចំឡើង នៅក្នុងវត្តសីហរតនារាម ស្ថិតនៅក្នុងសង្កាត់រកា ក្នុងក្រុងដូនកែវ ខេត្តតាកែវ កាលពីព្រឹកថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ លោកជំទាវ និន សាផុន ប្រធាន គណៈកម្មការទី៩នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលតាកែវ បានថ្លែងថា ពិធីបុណ្យចូល ព្រះវស្សាគឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា។ ជាពេលវេលា ដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។ បងប្អូនដែលជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យនេះ ដោយនាំ យកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗទៅប្រគេន ព្រះសង្ឃតាមលទ្ធភាព។
លោកជំទាវ និន សាផុន បានមានប្រសាសន៍បន្តថា ពិធីបុណ្យចូលព្រះវស្សាគឺ ជាការរៀបចំ ឱ្យឈប់សម្រាកនៅទីណាមួយ ឬក្នុងវត្តអារាមណាមួយក្នុងរយៈពេល៣ខែក្នុងរដូវធ្លាក់ភ្លៀង និងមិនអនុញ្ញាតឱ្យព្រះសង្ឃនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែ មានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ ឬនិមន្តទៅសម្តែងធម៌ជាដើម ដោយតាំងចិត្ត ត្រលប់មកវិញក្នុង រយៈពេល៧ថ្ងៃ។

លោកជំទាវ និន សាផុន បានមានប្រសាសន៍បន្ថែមថា ក្រៅពីរបស់ប្រើប្រាស់និងម្ហូបអាហារ បងប្អូនខ្មែរក៏បានជាវទានវស្សាទៅប្រគេនព្រះសង្ឃផងដែរ ព្រោះយើងមានជំនឿថា ពន្លឺទៀនគឺ ជួយបំភ្លឺអនាគតជាតិ ឱ្យភ្លឺស្រស់បំព្រងនិងមានសេចក្តីសុខចម្រើន ដោយអំពើល្អសេចក្តីល្អ ហើយគេត្រូវរក្សាភ្លើងទៀនឱ្យឆេះជាប់រហូត គ្រប់រយៈពេលបីខែ។ មួយវិញទៀតនេះជា ការជួយដល់វត្តអារាម ក្នុងការមានទៀនប្រើប្រាស់ដើម្បីដុតបំភ្លឺនៅពេលយប់ផងដែរ។
លោកជំទាវ និន សាផុន ក៏បានគូសបញ្ជាក់ផងដែរថា វឌ្ឍនភាពទាំងផ្នែកពុទ្ធ ចក្រនិងអាណាចក្រ ដែលយើងទទួលបានសព្វថ្ងៃ គឺមិនអាចកាត់ផ្ដាច់ចេញពីកត្តាសុខសន្តិភាព បានឡើយ។ សន្តិភាពដ៏មានតម្លៃនេះ គឺកើតចេញពីកាលះបង់និងការយកជីវិតធ្វើជាដើមទុន របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រែក្លាយកម្ពុជាពីសង្គ្រាម មកជាប្រទេសដែលមានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងសាលារៀន មន្ទីរពេទ្យ ស្ពាន និងផ្លូវថ្នល់ខ្វាត់ខ្វែង។ បើគ្មានសន្តិភាពទេ កុំថាឡើយដល់ ការអភិវឌ្ឍ សូម្បីតែសិទ្ធិរស់រានមានជីវិតក៏គ្មានដែរ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាការពារនិងថែរក្សាសុខសន្តិភាពឱ្យបានគង់វង់យូរអង្វែង ដើម្បីបន្តវឌ្ឍនភាពជាតិក្រោម គោលនយោបាយ ឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាល។

ជាចុងក្រោយលោកជំទាវ និន សាផុន និងក្រុមការងារ បានប្រគេនទេយ្យទាន និងគ្រឿងឧបភោគបរិភោគដល់ព្រះសង្ឃ រួមមានទៀនវស្សា1គូ អង្ករ4បាវ មី4កេស ត្រីខ4យួរ ទឹកបរិសុទ្ធ3កេស ភេសជ្ជៈ3កេស ផ្លែឈើស្រស់មួយចំនួន និងបច្ច័យចំនួន3 620 000រៀល(បីលានប្រាំមួយសែនពីរម៉ឺនរៀល)៕
ដោយ អ៊ុច សៀង





