សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ផ្លូវល្អជួយកាត់បន្ថយពេលវេលានៃការធ្វើដំណើរ និងកាត់បន្ថយការចំណាយ
AKP កំពង់ចាម ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ផ្លូវជាតិលេខ៧ ត្រូវបានពង្រីកជា៤គន្លង(ទៅ២ មក២) ដែលជួយឱ្យការធ្វើដំណើរបានលឿនជាងមុន ចំណែកការដឹកជញ្ជូនកសិផលក៏ចំណាយតិចជាងមុនផងដែរ ព្រោះកាលណាពេលវេលាធ្វើដំណើរត្រូវបានកាត់បន្ថយ ទោះបីជាចម្ងាយផ្លូវនៅដដែលក៏អាចជួយសន្សំសំចៃថវិកា និងកាត់បន្ថយការខូចខាតយានយន្តផ្សេងៗបានច្រើនដែរ។ ការគូសបញ្ជាក់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ ក្នុងពិធីបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ប្រវែងជាង ៤៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ខេត្ដកំពង់ចាម នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ផ្លូវនេះ មិនត្រឹមតែសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលប៉ុណ្ណោះទេ ប៉ុន្តែ ក៏មានសារៈសំខាន់ក្នុងការទាក់ទាញការវិនិយោគបន្ថែមលើវិស័យឧស្សាហកម្ម ដូចជាការបើករោងចក្រ កន្លែងផលិត និងបើកហាងផ្សេងៗនៅតាមបណ្តោយផ្លូវនេះ ព្រោះតែវាជាផ្លូវល្អ និងអាចធ្វើដំណើរបានលឿន។ សម្ដេចធិបតីបានបញ្ជាក់ថា បើទោះបីជាផ្លូវជាតិលេខ៧នេះ មិនអាចប្រៀបធៀបជាមួយផ្លូវល្បឿនលឿនបានក៏ពិតមែន ប៉ុន្តែ បើប្រៀបធៀបទៅនឹងស្ថានភាពកាលពីប៉ុន្មានឆ្នាំមុន ផ្លូវនេះមានការលំបាក តែឥឡូវមានការអភិវឌ្ឍខ្លាំងគួរឱ្យកត់សម្គាល់ ហើយជឿជាក់ថាក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខតាមបណ្តោយផ្លូវនេះ នឹងកាន់តែមានការរីកចម្រើនខ្លាំងថែមទៀត។
សម្តេចធិបតីនាយករដ្ឋមន្ត្រីលើកឡើងថា បងប្អូនប្រជាពលរដ្ឋពិតជាមានការសប្បាយរីករាយជាមួយនឹងស្ថានភាពផ្លូវថ្មីនេះ និងសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវនេះដែលបានគាំទ្រដល់ការពង្រីក និងស្ថាបនាផ្លូវថ្មីនេះ បើទោះបីជាត្រូវបាត់បង់ដីមុខផ្ទះខ្លះក៏ដោយចុះ ប៉ុន្តែយើងទទួលបានផ្លូវមួយដែលធំទូលាយសម្រួលដល់ការធ្វើដំណើរ និងបម្រើដល់សេដ្ឋកិច្ចបានយ៉ាងច្រើន ជាពិសេសវាអាចទាក់ទាញអ្នកទេសចរបន្ថែមទៀតផងដែរ។

សូមជម្រាបថា គម្រោងសាងសង់ឡើងវិញកំណាត់ផ្លូវជាតិលេខ៧ ដែលមានប្រវែងជាង ៤៥ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ (ទីរួមស្រុកជើងព្រៃ) ទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណា (ក្រុងកំពង់ចាម) ត្រូវបានស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) កម្រាស់៩សង់ទីម៉ែត្រ និងបេតុងសរសៃដែកកម្រាស់ ២៦សង់ទីម៉ែត្រ។ ផ្លូវនេះ មានគន្លងផ្លូវធ្វើចរាចរណ៍ចំនួន៤គន្លង(២គន្លងទៅ២គន្លងមក) ដោយគន្លងនីមួយៗមានប្រវែង ៣,៧៥ម៉ែត្រ និងមានសួនពុះទ្រូងផ្លូវប្រវែង ១,៥ម៉ែត្រ។ កំណាត់ផ្លូវជាតិនេះ បានរួមបញ្ចូលនូវការសាងសង់ស្ពានចំនួន ៨កន្លែង ក្នុងនោះ ស្ពានថ្មី ១កន្លែង មានប្រវែង ៤០ម៉ែត្រ មានទទឹង ២៤ម៉ែត្រ និងស្ពានថ្មីចំនួន ៦ កន្លែងផ្សេងទៀត មានប្រវែងសរុប ១០៦ម៉ែត្រ មានទទឹង ១២ម៉ែត្រ និងពង្រីកបន្ថែមស្ពានចាស់ដែលមានស្រាប់ចំនួន ១កន្លែង មានទទឹង ១០,៥ម៉ែត្រ៕
ដោយ៖ ចាន់ សុភឿន





