ប្រព័ន្ធអេកូឡូស៊ីសមុទ្រដែលមានសុខភាពល្អ គឺអាស្រ័យទៅលើមនុស្សដែលយល់ដឹងឱ្យតម្លៃ និងចូលរួមការពារ
AKP ភ្នំពេញ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦--ប្រព័ន្ធអេកូឡូស៊ីសមុទ្រដែលមានសុខភាពល្អ គឺអាស្រ័យទៅលើមនុស្សដែលយល់ដឹង ឱ្យតម្លៃ និងចូលរួមការពារពួកវា។ នោះហើយជាមូលហេតុដែលការអប់រំ និងការចែករំលែកចំណេះដឹង គឺជាផ្នែកមួយដ៏សំខាន់នៃការងារអភិរក្សរបស់អង្គការអភិរក្សសមុទ្រកម្ពុជា។

ប្រភពពីអង្គការ MCC បានឱ្យដឹងនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ថា កញ្ញា ឡោ សម្ផស្ស ដែលជាអ្នកដឹកនាំគម្រោងអប់រំ និងផ្យព្វផ្សាយរបស់អង្គការអភិរក្សសមុទ្រកម្ពុជា MCC បានចុះជួបជាមួយនិស្សិតជំនាញជលផលនៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ដើម្បីធ្វើបទបង្ហាញស្តីពីការអភិរក្សសមុទ្រនៅក្នុងប្រជុំកោះ ខេត្តកែប។ ដើម្បីគាំទ្រដល់អ្នកវិទ្យាសាស្ត្រ និងអ្នកអភិរក្សសមុទ្រជំនាន់ក្រោយរបស់កម្ពុជា និស្សិតជំនាញជលផលចំនួន ៤នាក់ មកពីវិទ្យាស្ថានជាតិកសិកម្មកំពង់ចាមនឹងចូលរួមជាមួយអង្គការអភិរក្សសមុទ្រកម្ពុជា MCC ដែលក្នុងនាមជានិស្សិតចុះកម្មសិក្សា។

កម្មសិក្សានេះនឹងផ្តល់ឱកាសឱ្យពួកគាត់ទទួលបានបទពិសោធអនុវត្តការងារផ្ទាល់នៅពេលបំពេញការងាររួមគ្នាជាមួយក្រុមការងាររបស់អង្គការអភិរក្សសមុទ្រកម្ពុជាMCC៕

ដោយ ណយ នឿន (ប្រភព៖ MCC)





