លោកបណ្ឌិត អាំង សិរីពិសិដ្ឋ៖ សហព័ន្ធបាល់ទះពិភពលោកសរសើរបាល់ទះ «តេជោលីគ» អាចដើរទាន់ការរៀបចំជាង២០ឆ្នាំរបស់លីគក្នុងអាស៊ាន
AKP ភ្នំពេញ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦--លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទះកម្ពុជាបានលើកឡើងថា ព្រឹត្តិការណ៍កីឡាបាល់ទះ «តេជោលីគ» រដូវកាលទី៣ ឆ្នាំ២០២៦ ជាព្រឹត្តិការណ៍ដ៏ធំ ដែលត្រូវបានរៀបចំចំនួន៣ឆ្នាំប៉ុណ្ណោះអាចទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ពីសហព័ន្ធកីឡាបាល់ទះពិភពលោកថា កម្រិតនៃការរៀបចំអាចដើរទាន់នូវការរៀបចំរបស់លីគនៃបណ្តាប្រទេសនានា ក្នុងអាស៊ានបាន ដែលមានរយៈពេលជាង២០ឆ្នាំមកហើយនោះ។

នេះជាការលើកឡើងរបស់លោកបណ្ឌិត ក្រោយបញ្ចប់ការប្រកួតតេជោលីគ ចុងសប្តាហ៍នេះ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានអះអាងថា៖ «មន្ត្រីសហព័ន្ធកីឡាបាល់ទះពិភពលោកបានឆាតមកខ្ញុំថា តេជោលីគពិតជាអស្ចារ្យ ពីព្រោះថា ការរៀបចំកម្រិតតេជោលីគ រយៈពេលត្រឹម៣ឆ្នាំអាចតាមទាន់ការរៀបចំរយៈពេលជាង ២០ឆ្នាំរបស់លីគនៃបណ្តាប្រទេសមួយចំនួន នៅតំបន់អាស៊ីអាគ្នេយ៍។ ជាក់ស្តែងលីគប្រទេសឥណ្ឌូណេស៊ីបានរៀបចំតាំងពីឆ្នាំ ២០០២មកម្ល៉េះ ដែលមានរយៈពេល ២៤ឆ្នាំមកហើយ។ ភាពកក្រើកទាក់ទាញនៃតេជោលីគ ឆ្នាំ២០២៦នេះ មិនមែនដោយសារតែខ្ញុំម្នាក់នោះទេ ពោលគឺជាការរួមចំណែកគ្រប់ផ្នែកទាំងអស់ទាំងថ្នាក់ដឹកនាំសហព័ន្ធ មន្ត្រីបច្ចេកទេសសហព័ន្ធ បណ្តាក្លឹបចូលរួមទាំងអស់ ក្រុមហ៊ុនឯកជនវិនិយោគវិស័យកីឡាបាល់ទះ ហើយមានទាំងការគាំទ្ររបស់បងប្អូនជនរួមជាតិទាំង ១៧លាននាក់ផងដែរ ដោយបានរួមចំណែកម្នាក់បន្តិចៗនេះហើយ ដែលធ្វើឱ្យវិស័យកីឡាបាល់ទះកម្ពុជាមានសម្រស់ពិតប្រាកដ។

ជុំវិញដំណើរការរៀបចំតេជោលីគនេះត្រូវបានលោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានពន្យល់ថា ព្រឹត្តិការណ៍តេជោលីគទើបចុះបញ្ជីទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់ពិភពលោក ទើបបាន២លើក នៅឆ្នាំ២០២៥ និងឆ្នាំ២០២៦។ ដូច្នេះគោលការណ៍ច្បាប់នៃតេជោលីគ អនុលោមតាមសហព័ន្ធកីឡាបាល់ទះពិភពលោក ខណៈកីឡាករបរទេស ដែលមកលេងក្នុងតេជោលីគ ត្រូវតែមាន ITC ដែលជាវិញ្ញាបនបត្រផ្ទេរកីឡាករអន្តរជាតិ។ ក្លឹបមួយចំនួនមានការយល់ច្រឡំ និងនិយាយពាក្យមិនសមរម្យ ចំពោះបញ្ហានេះ ដែលថាសហព័ន្ធកីឡាបាល់ទាត់កម្ពុជាធ្វើឱ្យមានផលវិបាក។ ត្រង់ចំណុចនេះ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានពន្យល់ថា៖ «វាមិនដូច្នោះទេ ហេតុអ្វីដែលគេតម្រូវឱ្យមាន ITC នេះ គឺដោយសារកីឡាករដែលត្រូវលេងឱ្យក្នុងក្រុមជម្រើសជាតិរបស់ខ្លួន គឺមិនអាចមកចូលរួមលេងឱ្យក្លឹបបានទេ។ ឧទាហរណ៍ ដូចកីឡាករ វឿន វាសនា លេងឱ្យក្លឹបក្នុងក្របខ័ណ្ឌលីគតៃវ៉ាន់ គឺមិនអាចក្លឹបនៅទីនោះបានទេ លុះត្រាតែមិនមានកីឡាករនោះមិនមានឈ្មោះ ឬលុបឈ្មោះចេញពីក្រុមជម្រើសជាតិ។ ចំពោះកីឡាករក្នុងស្រុកមិនត្រូវឱ្យធ្វើ ITC នោះឡើយ។ មានន័យថា បើវឿន វាសនា លេងនៅលីគប្រទេសគេ គឺលេងអត់បានទេ តែបើលេងឱ្យលីគក្នុងស្រុក គឺលេងបាន។ មូលហេតុដែលធ្វើឱ្យព្រឹត្តិការណ៍ តេជោលីគ ផ្ទុះកក្រើកការគាំទ្រខ្លាំង គឺដោយសារតែការនាំចូលកីឡាករបរទេស ដែលមានកម្រិតគុណភាពខ្ពស់ៗ»។

អនុប្រធានរូបនេះបានអំពាវនាវដល់បណ្តាក្លឹបទាំង៨ ដែលលេងតេជោលីគ រដូវកាលទី៤ ឆ្នាំ២០២៧ខាងមុខ នាំចូលកីឡាករបរទេសគុណភាពខ្ពស់ៗ ហើយបើកាលណាក្លឹបនាំចូលកីឡាករបរទេសមកពីច្រើនកន្លែង គឺអ្វីដែលផលចំណេញ គឺកីឡាករក្នុងស្រុករបស់យើង ជាពិសេសគឺក្រុមជម្រើសជាតិកម្ពុជាតែម្តង។ បើកាលណា យើងលេងតែកីឡាករក្នុងស្រុកសុទ្ធ នោះគុណផលអត្តពលិកកម្ពុជាក៏មិនអាចកើនឡើងគុណភាពខ្ពស់ៗបាននោះទេ។

«ងាកមកវិញ ការប្រកួតកីឡាបាល់ទះ តេជោលីគ រដូវកាលទី៣ ឆ្នាំ២០២៦ ដែលទើបបញ្ចប់នេះ គឺអាចបង្ហាញពីសម្រស់បាល់ទះពិតប្រាកដនៅប្រទេសកម្ពុជា។ ខ្ញុំឃើញអ្នកគាំទ្រ ៨០០០ ទៅ៩០០០នាក់ នៅក្នុងទីលានផ្ទាល់ និងនៅក្រៅទីលាន ក៏ដូចជាការទស្សនាតាមរយៈការផ្សាយផ្ទាល់លើបណ្តាញសង្គម នោះ គឺមិនមែនគាំទ្រក្លឹបនោះទេ ពោលគឺពួកគាត់ផ្តល់ការគាំទ្រដល់កីឡាបាល់ទះកម្ពុជា។ ជារួម អ្នកគាំទ្រចំពោះក្លឹបនីមួយៗពិតជាមានប្រាកដមែន ប៉ុន្តែខ្ញុំអាចសន្និដ្ឋានបានថា ប្រមាណ៨០%នៃអ្នកគាំទ្រគឺជាអ្នកគាំទ្របាល់ទះកម្ពុជាពិតប្រាកដ ជាក់ស្តែងអ្នកគាំទ្រមើលការប្រកួតតាំងពីប្រកួតដំបូងមក ដែលជាស្មារតីស្រឡាញ់គាំទ្រវិស័យកីឡាកម្ពុជា»។ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានសង្កត់ធ្ងន់បន្ថែមបែបនេះ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទះតេជោលីគ រដូវកាលទី៣ ឆ្នាំ២០២៦ គឺក្រុមបញ្ជាការដ្ឋានអង្គរក្សបានយកឈ្នះក្រុមវិសាខា ដោយលទ្ធផល ៣សិត០ ក្នុងពិន្ទុ ២៥-១៦ ២៥-១៨ និង២៥-១៨។ ការឈ្នះជើងឯករបស់បញ្ជាការដ្ឋានអង្គរក្សបានធ្វឱ្យការពារម្ចាស់ជើងឯកចំនួន៣ រដូវកាលជាប់ៗគ្នា ហើយក្រុមជើងឯកមួយនេះបានក្លាយជាម្ចាស់កម្មសិទ្ធពានធំ តេជោលីគ ជាផ្លូវការ ហើយសហព័ន្ធនឹងត្រូវរចនាពានថ្មីមួយទៀត សម្រាប់ដាក់ឱ្យប្រកួត នារដូវក្រោយ។ ចំពោះក្រុមវិសាខា ទទួលបានជើងឯករង៣រដូវកាលជាប់ៗគ្នា ខណៈក្រុមស្នងការនគរបាលខេត្តស្វាយរៀងទទួលបានចំណាត់ថ្នាក់លេខ៣។ ពិធីបិទការប្រកួត និងប្រគល់មេដាយ ពានរង្វាន់ជ័យលាភីទទួលបានការអញ្ជើញផ្តល់កិត្តិយសពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា៕
ដោយ ហេង ណាលីន





