មន្រ្ដីជាន់ខ្ពស់ក្រសួងព័ត៌មានចាត់ទុកអ្នកមានសមត្ថភាពអាន បកប្រែ សរសេរ និងទំនាក់ទំនងភាសាអង់គ្លេសបានល្អ នឹងជួយមន្ត្រីទទួលបានព័ត៌មានពីប្រភពអន្តរជាតិ ផ្ទៀងផ្ទាត់ព័ត៌មានបានកាន់តែលឿន
AKP ភ្នំពេញ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦
ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មានបានថ្លែងបញ្ជាក់ថា ចំពោះអ្នកមានសមត្ថភាពអាន បកប្រែ សរសេរ និងទំនាក់ទំនងជាភាសាអង់គ្លេសបានល្អ នឹងជួយឱ្យមន្ត្រី អាចទទួលបានព័ត៌មានពីប្រភពអន្តរជាតិ ផ្ទៀងផ្ទាត់ព័ត៌មានបានកាន់តែលឿន និងចូលរួមផ្សព្វផ្សាយសមិទ្ធផល និង កិត្យានុភាពរបស់កម្ពុជាទៅកាន់ពិភពលោកបានកាន់តែទូលំទូលាយ។ ការថ្លែងបញ្ជាក់របស់ឯកឧត្ដមបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «ភាសាអង់គ្លេសក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ» ជូនដល់មន្ត្រីរាជការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ នៅមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ក្រសួងព័ត៌មាន ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពភាសាអង់គ្លេស និងពង្រឹងជំនាញវិជ្ជាជីវៈ ឱ្យស្របតាមបរិបទនៃការអភិវឌ្ឍវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យឌីជីថល។

ឯកឧត្តម កឹម គុណវឌ្ឍន៍ បានមានប្រសាសន៍ថា ការចេះភាសាអង់គ្លេសមិនត្រឹមតែជួយឱ្យយើងអាចទំនាក់ទំនងបានល្អ និងការអភិវឌ្ឍខ្លួនជាប្រចាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកឱកាសឱ្យយើងអាចទទួលបានចំណេះដឹងថ្មីៗ ពង្រីកទស្សនៈ និងចូលរួមផ្សព្វផ្សាយរូបភាពវិជ្ជមានរបស់ កម្ពុជា និងសមិទ្ធផលរបស់ក្រសួងព័ត៌មានទៅកាន់សហគមន៍អន្តរជាតិ ប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្នុងបរិបទដែលបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយមានការវិវឌ្ឍយ៉ាងឆាប់រហ័ស ការប្រើប្រាស់ភាសាអង់គ្លេសមិនមែនជាជម្រើសទៀតទេ ប៉ុន្តែ ជាតម្រូវការចាំបាច់សម្រាប់មន្ត្រីក្នុងវិស័យព័ត៌មាន។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ផងដែរថា ក្រសួងព័ត៌មាន ក្រោមការដឹកនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានកំណត់ការកសាងធនធានមនុស្សជាអាទិភាពមួយ ដោយជំរុញការបណ្តុះបណ្តាលជាបន្ត បន្ទាប់ទាំងជំនាញវិជ្ជាជីវៈសារព័ត៌មាន ជំនាញបច្ចេកវិទ្យាឌីជីថល ជំនាញទំនាក់ទំនងសាធារណៈ និងជំនាញភាសាបរទេស ដើម្បីឱ្យមន្ត្រីរាជការអាចបំពេញការងារបានកាន់តែមានប្រសិទ្ធភាព ស្របតាមការវិវឌ្ឍនៃវិស័យព័ត៌មាន និង ការធ្វើទំនើបកម្មស្ថាប័នសាធារណៈ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ជាមន្ត្រីរាជការក្រសួងព័ត៌មាន ត្រូវខិតខំសិក្សា ចូលរៀនឱ្យបានទៀងទាត់ ហ៊ានសួរ ហ៊ានអនុវត្តន៍ និងខិតខំអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឱ្យបានជាប្រចាំ ព្រោះចំណេះដឹងដែលទទួលបាននៅថ្ងៃនេះ នឹងក្លាយជាដើមទុនដ៏មានតម្លៃសម្រាប់ការងាររបស់ខ្លួននាពេលអនាគត។ ឯកឧត្ដមក៏បានណែនាំដល់មន្រ្ដីជាសិក្ខាកាមទាំងអស់ សូមកុំចាត់ទុកវគ្គបណ្តុះបណ្តាលនេះ គ្រាន់តែជាការបំពេញកាតព្វកិច្ចប៉ុណ្ណោះ ប៉ុន្តែ ត្រូវចាត់ទុកថា ជាឱកាសដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍខ្លួន ព្រោះថា ការសិក្សារៀនសូត្រមិនគួរបញ្ចប់ត្រឹមវគ្គបណ្តុះបណ្តាលនេះទេ ប៉ុន្តែ ត្រូវបន្តជាប្រចាំ ហើយការរៀនពេញមួយជីវិត គឺជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍសមត្ថភាព និងការរីកចម្រើនក្នុងអាជីព។ «អ្វីដែលសំខាន់ គឺការចេះភាសាអង់គ្លេស មិនត្រឹមតែជួយឱ្យមនុស្សម្នាក់អាចទំនាក់ទំនង និងប្រាស្រ័យទាក់ទងជាមួយអ្នកដទៃបានកាន់តែមានប្រសិទ្ធភាព ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឧបករណ៍ដ៏សំខាន់សម្រាប់ការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន និងការសិក្សារៀនសូត្រពេញមួយជីវិត ផងដែរ»។ នេះគឺជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម កឹម គុណវឌ្ឍន៍។

ក្នុងឱកាសនោះ ឯកឧត្តម កឹម គុណវឌ្ឍន៍ បានមានប្រសាសន៍សង្កត់ធ្ងន់ថា ការមានជំនាញភាសាអង់គ្លេស អាចបើកទ្វារឱ្យទទួលបានចំណេះដឹងថ្មីៗពីពិភពលោក ពង្រីកទស្សនៈ និងបង្កើនសមត្ថភាពក្នុងការបំពេញការងារ ជាពិសេសក្នុងបរិបទនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងការធ្វើសមាហរណកម្មអន្តរជាតិ។ ទន្ទឹមនេះ ការចេះប្រើប្រាស់ភាសាអង់គ្លេសបានល្អ ក៏ជួយឱ្យមន្ត្រី និងអ្នកជំនាញក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ អាចចូលរួមផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ និងលើកកម្ពស់រូបភាពវិជ្ជមានរបស់កម្ពុជាទៅកាន់សហគមន៍អន្តរជាតិ ប្រកបដោយប្រសិទ្ធភាព និងភាពជឿជាក់។
សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ខែកក្កដា រហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២៦ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ៦៣នាក់ ក្នុងនោះ មានស្ត្រី ៣២នាក់ មកពីអង្គភាពនានាចំណុះក្រសួងព័ត៌មាន។ ចំពោះខ្លឹមសារសិក្សាផ្តោតលើការអនុវត្តជាក់ស្តែង រួមមាន ការអានព័ត៌មាន ការសរសេរព័ត៌មាន ការបកប្រែឯកសារ ការប្រើប្រាស់វាក្យសព្ទវិជ្ជាជីវៈ និងការទំនាក់ទំនងជាភាសាអង់គ្លេសក្នុងបរិបទការងារប្រចាំថ្ងៃ៕
ដោយ៖ រិទ្ធី





