អង្គការ Oxfam គាំទ្រការបង្កើតបណ្តាញយុវជនកម្ពុជាសម្រាប់អន្តរកាលថាមពល (CETYN)
AKP ភ្នំពេញ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦--អង្គការអុកស្វាម Oxfam បានគាំទ្រការបង្កើតបណ្តាញយុវជនកម្ពុជាសម្រាប់អន្តរកាលថាមពល (CETYN) ដែលជាបណ្តាញមួយដែលដឹកនាំដោយក្រុមយុវជន ដើម្បីផ្តល់សិទ្ធិអំណាចដល់សិស្ស និស្សិត និងអ្នកជំនាញវ័យក្មេងក្នុងការទទួលបាននូវជំនាញ ឱកាស និងកិច្ចសហការនានា ក្នុងវិស័យថាមពលនៅកម្ពុជា។
បើតាមអង្គការ Oxfam បានឱ្យដឹងនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦នេះថា នេះជាកម្មវិធីដ៏សំខាន់មួយនៃបណ្តាញនេះគឺ កម្មវិធីយុវទូតថាមពលស្អាត ដែលបានបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងរយៈពេល ៤ សប្តាហ៍ ដោយផ្តោតលើបញ្ហាការប្រែប្រួលអាកាសធាតុ វិស័យថាមពលនៅកម្ពុជា អន្តរកាលថាមពលប្រកបដោយយុត្តិធម៌ ប្រសិទ្ធភាពថាមពល និងរថយន្តអគ្គិសនី។ កម្មវិធីនេះក៏រួមបញ្ចូលការទស្សនកិច្ចសិក្សា និងការបង្កើត និងបង្ហាញគម្រោងរបស់យុវជននៅក្នុង វេទិកាយុវជនថាមពលស្អាតថ្នាក់ជាតិផងដែរ។


កម្មវិធីនេះមានយុវជនជាង៨០នាក់បានចូលរួមវេទិកាយុវជនថាមពលស្អាតថ្នាក់ជាតិនៅទីក្រុងភ្នំពេញ ដែលក្នុងនោះផងដែរយុវទូតថាមពលស្អាត ១៦ នាក់បានបង្ហាញដំណោះស្រាយដ៏មានភាពច្នៃប្រឌិតរបស់ពួកគាត់។ ព្រឹត្តិការណ៍នេះបានភ្ជាប់យុវជន អ្នកស្រាវជ្រាវ និងអ្នកដឹកនាំ ដែលសង្កត់ធ្ងន់ថា យុវជនគឺជាកម្លាំងសំខាន់ក្នុងការដឹកនាំអនាគតថាមពលស្អាតរបស់កម្ពុជា ៕

ដោយ ណយ នឿន (ប្រភព៖Oxfam)





