អ្នកបុរាណវិទូរកឃើញប្រាសាទនៅក្រោមទីសក្ការៈបូជាហេរ៉ាខលស៍ ក្នុងតំបន់បុរាណហេរ៉ាក្លៀ ស៊ីនទីកា
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ -- ផ្នែកខ្លះនៃអគារមួយ ដែលគេជឿថាជាប្រាសាទបុរាណដែលឧទ្ទិសដល់ហេរ៉ាខលស៍ ត្រូវបានគេរកឃើញនៅក្រោមទីសក្ការៈបូជាដែលមានស្រាប់នៅក្នុងទីក្រុងបុរាណហេរ៉ាក្លៀ ស៊ីនទីកា។ នេះបើយោងតាមការសាកសួររបស់សារព័ត៌មាន BTA ពីសាស្ត្រាចារ្យ លីយូដមីល វ៉ាហ្កាលីនស្គី មកពីវិទ្យាស្ថានបុរាណវិទ្យាជាតិដែលមានសារមន្ទីរនៅបណ្ឌិត្យសភាវិទ្យាសាស្ត្រប៊ុលហ្គារី ដែលជាអ្នកដឹកនាំការជីកកកាយនៅទីក្រុងបុរាណនោះ។
យោងតាមពាក្យរបស់លោក វាមានភាពទំនងកម្រិតខ្ពស់ និងសមហេតុផលខ្លាំង ដែលរចនាសម្ព័ន្ធនេះតំណាងឱ្យប្រាសាទហេរ៉ាខលស៍ដើមដែលក្រោយមកត្រូវបានពង្រីក និងសាងសង់ឡើងវិញ។ រហូតមកដល់ពេលនេះ អ្នកបុរាណវិទូបានរកឃើញជញ្ជាំងជាច្រើនដែលជាកម្មសិទ្ធិរបស់អគារមុនៗ។
ភស្តុតាងបង្ហាញថា រចនាសម្ព័ន្ធនេះជាកម្មសិទ្ធិរបស់ដំណាក់កាលមុននៃការអភិវឌ្ឍទីតាំងសាសនា ដែលនៅលើកំពូលនោះ ប្រាសាទធំជាងនេះនិងអស្ចារ្យជាងនេះត្រូវបានសាងសង់នៅពេលក្រោយមកទៀត។ ការជីកកកាយបន្ថែមទៀតត្រូវបានគ្រោងទុកដើម្បីកំណត់ប្លង់ពេញលេញ និងលក្ខណៈស្ថាបត្យកម្មរបស់អគារ។
អ្នកបុរាណវិទូ សង្ឃឹមថានឹងរកឃើញរបកគំហើញបន្ថែមទៀត ដូចជាគ្រឿងស្មូន សិលាចារឹក ឬវត្ថុសាសនា ដែលអាចបង្ហាញព័ត៌មានកាន់តែច្បាស់លាស់អំពីមុខងារ និងកាលបរិច្ឆេទរបស់អគារ។ យោងតាមលោកសាស្ត្រាចារ្យ វ៉ាហ្កាលីនស្គី បានឱ្យដឹងថា វាសមហេតុផលក្នុងការសន្មត់ថានេះគឺជាប្រាសាទដើមរបស់ហេរ៉ាខលស៍ គីណាហ្គីដាស់ (អ្នកប្រមាញ់) ដែលត្រូវបានសាងសង់ឡើងនៅពេលដែលអាណានិគមម៉ាសេដូននៅក្នុងតំបន់នេះត្រូវបានបង្កើតឡើងនៅលើទឹកដីរបស់ពួកកុលសម្ព័ន្ធស៊ីនទី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ BTA)





