ឯកឧត្តម វ៉ាត់ ចំរើន៖ ព្រឹត្តិការណ៍កីឡាជាតិ-កីឡាជាតិជនពិការ ២០២៦ កាន់តែទាក់ទាញ និងអស្ចារ្យជាងមុន
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦--ព្រឹត្តិការណ៍កីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៦ នឹងវិលត្រឡប់មកវិញ នាខែវិច្ឆិកាខាងមុខនេះ ដោយក្រៅពីការប្រកួតបង្កើនគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនី ក៏មានការរៀបចំពិធីបើក-បិទជាផ្លូវការជាមួយនឹងកម្មវិធីត្រៀមទុកកាន់តែទាក់ទាញ និងអស្ចារ្យជាងមុន។

នេះជាការលើកឡើងរបស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅក្នុងបទសម្ភាសន៍ក្រោយកិច្ចប្រជុំត្រៀមលក្ខណៈ នៃការប្រកួតកីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ កាលពីល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដោយមានការចូលរួមពីឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ, ឯកឧត្តមទីប្រឹក្សាក្រសួងអប់រំ និងឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ព្រមទាំងប្រធាន-អនុប្រធាន មន្ត្រីនៃនាយកដ្ឋានក្រោមចំណុះអគ្គនាយកដ្ឋានកីឡា។

ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា នេះជាកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការត្រៀមរៀបចំការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៦ ដែលគ្រោងរៀបចំក្នុងខែវិច្ឆិកាខាងមុខ។ ព្រឹត្តិការណ៍កីឡាជាតិដ៏ធំ ដែលត្រូវបានរៀបចំឡើងរៀងរាល់២ឆ្នាំម្តងមួយនេះ គឺជាខួបលើកទី៥ ដែលយើងនឹងត្រៀមរៀបចំលើកិច្ចការគ្រប់ទម្រង់ទាំងអស់ មុនឈានដល់ថ្ងៃរៀបចំព្រឹត្តិការណ៍តែម្តង។ «ក្នុងដំណើរត្រៀមនេះ យើងបានបង្កើតគណៈកម្មការ ការទទួលខុសត្រូវរបស់អង្គភាពពាក់ព័ន្ធក្រោមចំណុះអគ្គនាយកដ្ឋានកីឡា ព្រមទាំងស្ថាប័នពាក់ព័ន្ធក្នុងការចូលរួមសហការរៀបចំ។ ក្នុងដំណើរការត្រៀមនេះ អ្វីដែលយើងផ្តោត គឺប្រសិទ្ធភាពការងារនៃការរៀបចំ បទពិសោធន៍ ដោយយកចំណុចខ្វះខាតនៅក្នុងបទពិសោធន៍នៃការរៀបចំកន្លងមក មកកែសម្រួលច្នៃប្រឌិតវាឱ្យក្លាយជាលទ្ធផលល្អប្រសើរ ក្នុងន័យទទួលបានការចូលរួមឱ្យបានច្រើនកុះករ និងការគាំទ្រផងដែរ»។

សង្កត់ធ្ងន់បន្ថែមពីលើនេះ ឯកឧត្តម វ៉ាត់ ចំរើន បានឱ្យដឹងបែបនេះថា៖ «ទាំងនេះគឺជាអ្វីដែលយើងខិតខំប្រឹងប្រែងក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍កីឡាជាតិ និងគ្រោងផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាជាតិនេះនាពេលឆាប់ៗខាងមុខនេះ។ ជាមួយគ្នានេះ យើងនឹងរៀបចំការរត់ភ្លើងគប់នៅតាមខេត្តគោលដៅឆ្ពោះមករាជធានីភ្នំពេញ ដើម្បីប្រារព្ធពិធីបើកជាផ្លូវការ នៅពហុកីឡដ្ឋានអូឡាំពិក ដោយនឹងមានការសម្តែងសិល្បៈ វប្បធម៌ ផ្ទាំងទស្សនីយភាព ការបាញ់កាំជ្រួច និងកម្មវិធីជាច្រើនទៀត ដើម្បីជំរុញឱ្យពិធីបើក ព្រមទាំងពិធីបិទឱ្យកាន់តែអធិកអធមប្លែកប្រកបដោយភាពទាក់ទាញ និងអស្ចារ្យជាងមុនផងដែរ»។

ជាមួយគ្នានេះ លោក ហួត សេងត្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡាជម្រាបជូនថា ការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦របស់ក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡាបានសហការការងារបច្ចេកទេសជាមួយសហព័ន្ធកីឡាជាតិ និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិក ក្នុងការរៀបចំការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី០៦-១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កែប កំពង់ឆ្នាំង និងខេត្តស្វាយរៀង។
ការប្រកួតកីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ គ្រោងរៀបចំលើ៣២ប្រភេទកីឡា និងត្រៀមរៀបចំប្រភេទកីឡាប៉ារ៉ាឡាំពិកចំនួន ៧។ ពិធីបើកជាផ្លូវកា គ្រោងធ្វើឡើងនាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ចាប់ពីម៉ោង១៦:០០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការនេះនឹងមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីមកក្រសួងស្ថាប័នចំនួន៣ និង២៥រាជធានីខេត្តទូទាំងប្រទេសចូលរួមប្រមាណ ជាង ៥០០០នាក់៕
ដោយ ហេង ណាលីន





