សហព័ន្ធវាយកូនបាល់កម្ពុជាបណ្តុះធនធានគ្រូបង្វឹក ដើម្បីបង្កើនធនធានឱ្យកាន់តែច្រើន
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦--វគ្គសិក្សាគ្រូបង្វឹកកីឡាវាយកូនបាល់កម្រិតដំបូងត្រូវបានរៀបចំឡើងពីថ្ងៃទី២២-២៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការ-ទីលានវាយកូនបាល់នៃពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈគ្រូឧទ្ទេសប្រចាំវគ្គបានចាត់ទុកថា នេះជាវគ្គគោលដំបូងដ៏មានសារៈសំខាន់បំផុត មុនពេលគ្រូបង្វឹកណាម្នាក់ចង់ក្លាយខ្លួនជាគ្រូបង្វឹក និងឆ្ពោះទៅចូលរួមវគ្គគ្រូបង្វឹកកម្រិតខ្ពស់ៗបន្ថែម។

លោក ឃ្លាំង ពន្លក គ្រូបង្វឹកនៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ដែលត្រូវបានសហព័ន្ធឱ្យធ្វើគ្រូឧទ្ទេសប្រចាំវគ្គសិក្សានេះជាមួយកញ្ញា ស៊ុម ចិន្តា។ លោកលើកឡើងថា គោលបំណងនៃវគ្គសិក្សាគ្រូបង្វឹកនេះ គឺដើម្បីជំរុញដល់ដំណើរការអភិវឌ្ឍន៍គ្រូបង្វឹកវាយកូនបាល់នៅកម្ពុជាឱ្យយល់ដឹងកាន់តែច្បាស់អំពីរបៀបបង្ហាត់បង្រៀនដល់កីឡាករ កីឡាការិនីវ័យក្មេង ដែលពួកគាត់ទើបចាប់ផ្តើមហ្វឹកហាត់ឱ្យត្រូវបានទម្រង់បច្ចេកទេសនូវប្រភេទកីឡាអូឡាំពិកមួយនេះ។ វគ្គនេះមានសិក្ខាកាមជាគ្រូបង្វឹកចំនួន១២នាក់ ដែលមានគ្រូបង្វឹកខ្មែរមាន១១នាក់ និងសិក្ខាកាមជាគ្រូបង្វឹកជនជាតិម៉ាឡេស៊ីរស់នៅកម្ពុជាម្នាក់ដែរ។ ការសិក្សាក្រោមការរៀបចំរបស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាធ្វើឡើងតាមលំនាំរបស់សហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ (ITF) ហើយយើងនឹងរៀបចំប្រឡងធ្វើតេស្តនៅលើទីលានផ្ទាល់ ក៏ដូចជាចំណេះដឹងទូទៅផងដែរ។

លោក ឃ្លាំង ពន្លក លើកឡើងបន្ថែមថា សម្រាប់ការប្រឡងបញ្ចប់វគ្គវៀបចំ និងការវាយតម្លៃត្រូវធ្វើឡើងដោយគ្រូឧទ្ទេសរបស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា រួចបញ្ជូនរបាយការណ៍ជូនទៅ ITF ហើយ ITF ចេញវិញ្ញាបនបត្របញ្ជាក់ទទួលស្គាល់ក្នុងកម្រិតសិក្សានេះ។ វគ្គសិក្សានេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ បើទោះបីជាជាកម្រិតសិក្សាមូលដ្ឋានក្តី មុនពេលដែលគ្រូបង្វឹកទាំងអស់នេះអាចឈានទៅចូលរួមវគ្គកម្រិតខ្ពស់ជាបន្តបន្ទាប់ នាពេលខាងមុខ។ វគ្គនេះក៏ជាឱកាសល្អ ដែលទទួលស្គាល់ដោយ ITF ហើយពួកគាត់ក៏អាចមានឱកាសបម្រើការងារអន្តរជាតិរបស់ ITF នៅក្រៅប្រទេស នាថ្ងៃអនាគតផងដែរ។ វគ្គនេះមានគ្រូបង្វឹកក្នុងវ័យចាប់ពី១៦ឆ្នាំឡើង ដោយសិក្ខកាមខ្លះទើបចូលរួមហ្វឹកហាត់បាន២ឆ្នាំមានបទពិសោធន៍តិច ហើយអ្នកខ្លះទៀតក៏ជាគ្រូបង្វឹកស្រាប់ផងដែរ។ តាមរយៈការចែករំលែកនេះ សិក្ខាកាមទទួលបានចំណេះដឹងកាន់តែច្រើនជាមួយបទពិសោធន៍កាន់តែច្រើន ក្នុងការបង្ហាត់បង្រៀនដល់ធនធានកីឡាករ កីឡាការិនី។

លោក ឃ្លាំង ពន្លក បានសង្កត់ធ្ងន់ថា វគ្គសិក្សាគ្រូបង្វឹកកីឡាវាយកូនបាល់កម្រិតដំបូង ឆ្នាំ២០២៦នេះនឹងក្លាយជាប្រយោជន៍ដ៏មានសារៈសំខាន់ ក្នុងការជួយជំរុញដល់ការអភិវឌ្ឍវិស័យកីឡាវាយកូនបាល់កម្ពុជាក្នុងការរួមចំណែកផលិតធនធានគ្រូបង្វឹក និងធនធានកីឡាករ កីឡាការិនីជំនាន់ក្រោយៗឱ្យកាន់តែសម្បូរបែបប្រកបដោយគុណភាពល្អៗទៀតផង។ ជារួមវគ្គសិក្សាគ្រូបង្វឹកកម្រិតដំបូងនេះជាវគ្គដ៏ចាំបាច់មិនអាចខ្វះបាននោះទេ បើកាលណាគ្រូបង្វឹកម្នាក់ចង់ក្លាយខ្លួនជាគ្រូបង្វឹកត្រូវតែឆ្លងកាត់វគ្គដំបូងនេះ ដើម្បីទទួលបានចំណេះដឹងគោល មុនពេលទៅបន្តនៅវគ្គគ្រូបង្វឹកកម្រិត១ កម្រិត២ ឬកម្រិតខ្ពស់ជាងនេះ នៃដំណើរការអភិវឌ្ឍសមត្ថភាពក្នុងនាមជាគ្រូបង្វឹកកីឡាវាយកូនបាល់៕

ដោយ ហេង ណាលីន





