ប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បង្ហាញពីសមិទ្ធផល និងសក្ដានុពលថ្នាល verify.gov.kh នៅវេទិកាសេវាសាធារណៈអង្គការសហប្រជាជាតិ
AKP ប៊ីលីស៊ី ថ្ងៃ២៥ ខែមិថុនា ឆ្នាំ២០២៦ -- ក្នុងឱកាសចូលរួមវេទិកាសេវាសាធារណៈរបស់អង្គការសហប្រជាជាតិឆ្នាំ២០២៦ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញចូលរួមជំនួបទ្វេភាគី និងពិភាក្សាការងារជាមួយឯកឧត្ដម Faquir Mahbub Anam រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាននៃប្រទេសបង់ក្លាដេស ជួបជាមួយលោកជំទាវ Tashi Pem ប្រធានរាជគណៈកម្មការមុខងារសាធារណៈនៃប្រទេសប៊ុយតង់ និងជួបពិភាក្សាជាមួយលោក Patrick Duong ប្រធានសាកលផ្នែកអភិបាលកិច្ចសម្រាប់ធនធានសាធារណៈ និងសេវាសាធារណៈនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ។ នេះបើយោងតាមការឱ្យដឹងពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នេះ។

នៅក្នុងជំនួបជាមួយឯកឧត្ដម Faquir Anam ឯកឧត្ដមរដ្ឋមន្ត្រីទាំងពីររូបបានពិភាក្សាគ្នាអំពីវឌ្ឍនភាពការងារនៃសំណើរបស់ប្រទេសបង់ក្លាដេសក្នុងការរដាក់ឱ្យប្រើប្រាស់ថ្នាល verify.gov នៅប្រទេសបង់ក្លាដេស និងការផ្សព្វផ្សាយបន្តនៅតំបន់អាស៊ីខាងត្បូង។
នៅក្នុងជំនួបជាមួយលោកជំទាវ Tashi Pem ឯកឧត្ដមរដ្ឋមន្ត្រីក៏បានចែករំលែកអំពីបទពិសោធជោគជ័យនៃការដាក់ឱ្យប្រើប្រាស់ថ្នាល verify.gov.kh ហើយឯកឧត្ដមរដ្ឋមន្ត្រី និងលោកជំទាវបានផ្លាស់ប្តូរយោបល់គ្នាយ៉ាងស៊ីជម្រៅអំពីបរិវត្តកម្មឌីជីថលក្នុងវិស័យសាធារណៈនៃប្រទេសទាំងពីរ និងបានឯកភាពគ្នាក្នុងការពិនិត្យលទ្ធភាពសម្រាប់កិច្ចសហការ។

នៅក្នុងកិច្ចប្រជុំជាមួយ UNDP វិញ គណៈប្រតិភូក្រសួងបានណែនាំឱ្យក្រុមការងារ GPGS របស់ UNDP បានស្គាល់អំពីបរិវត្តកម្មរដ្ឋាភិបាលឌីជីថលនៅកម្ពុជា ជាពិសេសសមិទ្ធផលទាំងកម្រិតជាតិ និងអន្តរជាតិនៃថ្នាល verify.gov.kh។ ភាគីទាំងពីរបានឯកភាពសិក្សាបន្តដើម្បីស្វែងរកឱកាសសហការផ្ទាល់ពាក់ព័ន្ធនឹងថ្នាល verify.gov.kh និងការកសាងសមត្ថភាពបរិវត្តកម្មឌីជីថល។

ក្នុងឱកាសវេទិកាសេវាសាធារណៈនេះដែរ ឯកឧត្ដម ជា សេរីវឌ្ឍ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាចំនួនពីរលើប្រធានបទ «សេវាសាធារណៈឆ្លាតវៃ៖ កាត់បន្ថយភាពស្មុគស្មាញ» និងប្រធានបទ «ហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថលសម្រាប់សេវាសាធារណៈ»។ ក្នុងសិក្ខាសាលាទាំងពីរនេះ ឯកឧត្ដមអគ្គលេខាធិការ បានពន្យល់អំពីសមិទ្ធផល និងសក្ដានុពលនៃថ្នាល verify.gov.kh និងកម្មវិធីទូរសព្ទ DG SuperApp ក្នុងការបម្រើសេវាសាធារណៈឱ្យមានភាពងាយស្រួល ឆាប់រហ័ស សុវត្ថិភាព និងមានបរិយាបន្នចំពោះប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។

គម្រោងបរិវត្តកម្មឌីជីថលទាំងនេះ ជាការបំពេញភារកិច្ចរបស់ក្រសួងក្នុងការអនុវត្តវិធានការក្នុងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍)





