ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញលទ្ធផលពីដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃនៅប្រទេសឡាវ
AKP ភ្នំពេញ ថ្ងៃ២៥ ខែមិថុនា ឆ្នាំ២០២៦ -- ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ និងតំណាងវិស័យឯកជនចំនួន ៣០ក្រុមហ៊ុនទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃនេះ ធ្វើឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្នុងគោលបំណងបើកច្រកដឹកជញ្ជូនថ្មីសម្រាប់ការនាំចេញកសិផលកម្ពុជា និងជំរុញការតភ្ជាប់កសិពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលនឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ជាច្រើនដល់បងប្អូនប្រជាកសិកររបស់កម្ពុជា។
ក្រសួងកសិកម្ម នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នេះ បានបង្ហាញពីលទ្ធផលផ្លូវការក្នុងដំណើរទស្សនកិច្ចនេះ ដែលមានដូចជា ពិធីសម្ពោធ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនតាមរយៈការឆ្លងកាត់ប្រទេសឡាវ (Transit)» ដែលត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមបណ្ឌិត លីនខាំ ដួងសាវ៉ាន់ (Linkham Douangsavanh) រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានឡាវ នៅឯចំណតផែស្ងួត ថាណាលែង នារដ្ឋធានីវៀងចន្ទន៍។
ក្រសួងកសិកម្មបានឱ្យដឹងថា ចំពោះសមិទ្ធផលថ្មីនេះកើតចេញពីកិច្ចខិតខំចរចាយ៉ាងសកម្មអស់រយៈពេលជិត ៦ខែ ដើម្បីអនុញ្ញាតឱ្យកសិផលខ្មែរចំនួន ០៦មុខ រួមមាន ចេក ស្វាយ អង្ករ មៀនប៉ៃលិន ដំឡូងមី និងទុរេន អាចនាំចេញទៅកាន់ទីផ្សារប្រទេសចិនក្នុងរយៈពេលខ្លីជាងមុន ស្របពេលដែលប្រទេសកម្ពុជាក៏នឹងអាចនាំចូលត្រឡប់មកវិញនូវកសិផល និងទំនិញសម្រាប់បំពេញតម្រូវការក្នុងស្រុកមួយចំនួនទៀត ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូនឱ្យបានដល់កម្រិតអតិបរិមា។
លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មនៃប្រទេសទាំងពីរ ក៏បានជួបពិភាក្សាការងារក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ ព្រមទាំងបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងថ្មីនេះឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។ វេទិកាផ្គូផ្គងធុរកិច្ចមួយក៏ត្រូវបានរៀបចំឡើងយ៉ាងជោគជ័យផងដែរក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ ដើម្បីភ្ជាប់ទំនាក់ទំនងដោយផ្ទាល់រវាងវិស័យឯកជននៃប្រទេសទាំងពីរក្នុងការស្វែងរកដៃគូពាណិជ្ជកម្ម និងពង្រីកការធ្វើកសិពាណិជ្ជកម្មទៅវិញទៅមក។
គួរបញ្ជាក់ថា មុននឹងបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីរាយការណ៍ពីលទ្ធផលនៃកិច្ចប្រជុំទ្វេភាគី និងនាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រីឡាវ បានបញ្ជាក់ពីជំហរគាំទ្រផ្នែកនយោបាយយ៉ាងពេញទំហឹងក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិស័យកសិកម្មនៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងបន្តលើកកម្ពស់កំណើននៃ ទំហំពាណិជ្ជកម្មទ្វេភាគីផងដែរ៕



ដោយ៖ មករា





