ក្រុមជម្រើសជាតិកម្ពុជាធ្វើម្ចាស់ផ្ទះប្រកួតបើកឆាកពូល B ជាមួយសិង្ហបុរី ASEAN Hyundai Cup 2026
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦--ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងទទួលធ្វើម្ចាស់ផ្ទះ សម្រាប់ការប្រកួតបើកឆាកមុនគេជាមួយជម្រើសជាតិសិង្ហបុរី នាថ្ងៃទី២៤ ខែកក្កដាខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៃពានរង្វាន់អាស៊ាន ASEAN Hyundai Cup 2026 ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី២៦ ខែសីហាខាងមុខ។

ព្រឹត្តិការណ៍បាល់ទាត់បុរសនេះ មាន១០ក្រុមចូលរួមប្រជែងជើងក ក្នុងនោះពូលA មាន៥ក្រុម ខណៈពូល Bមាន៥ក្រុមដែរ ដោយមានក្រុមវៀតណាម ឥណ្ឌណេស៊ី សិង្ហបុរី កម្ពុជា និងទីម័រខាតកើត។ ចំពោះ៤ប្រកួតរបស់ក្រុមកម្ពុជា គឺធ្វើម្ចាស់ផ្ទះ២ប្រកួត ប៉ះជាមួយសិង្ហបុរី នាថ្ងៃទី២៤ ខែកក្កដា និងប៉ះជាមួយទីម័រខាងកើត នាថ្ងៃ០៣ ខែសីហាខាងមុខ។ ចំពោះ២ប្រកួតក្រៅដី គឺកម្ពុជាប៉ះក្រុមឥណ្ឌណេស៊ី នាថ្ងៃទី២៧ ខែកក្កដា និងប៉ះក្រុមវៀតណាម នាថ្ងៃ០៧ ខែសីហាខាងមុខ។

បើតាមរូបបន្តប្រកួតរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) គឺក្រោយបញ្ចប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលទាំងពីរ គឺ២ក្រុមលើកំពូលតារាងនៃពូលទាំង២ ស្មើនឹង៤ក្រុមនឹងត្រូវឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយលេខ២ពូល A ប៉ះ លេខ១ពូលB ខណៈលេខ២ពូលB ប៉ះលេខ១មកពីពូលA ដោយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងត្រូវធ្វើឡើងចំនួន២ជើង ដើម្បីកាត់សេចក្តីរកក្រុមឈ្នះៗ២ក្រុមឡើងទៅប្រកួតដណ្តើមជើងឯក។ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រក៏នឹងត្រូវធ្វើឡើងចំនួន២ជើងដែរ ដោយជើងទី១ គ្រោងធ្វើឡើងនៅថ្ងៃ២៣ ខែសីហា និងជើងទី២កាត់សេចក្តី គ្រោងនឹងធ្វើឡើងនាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦៕


ដោយ ហេង ណាលីន (រូបភាព៖ ឯកសារប្រកួតមិត្តភាពអន្តរជាតិ FFC)





