អភិបាលស្រុកថ្មពួកជំរុញសាប៊ូលាងចាន «ស្នាដៃកូនខ្មែរ» នៅបន្ទាយឆ្មារ វាយលុកទីផ្សារ និងបង្កើតការងារមូលដ្ឋាន
AKP បន្ទាយមានជ័យ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦--ការលើកកម្ពស់សង្វាក់ផលិតកម្មក្នុងស្រុក និងការកាត់បន្ថយការនាំចូលពីបរទេស បានក្លាយជាចលនាដ៏សំខាន់សម្រាប់អាជ្ញាធរមូលដ្ឋាន។ ជាក់ស្តែង កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ លោក រ័ត្ន ដាស៊ីណង់ អភិបាលនៃគណៈអភិបាលស្រុកថ្មពួក បានដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់ដល់ទីតាំង និងចង្វាក់ផលិតកម្មសិប្បកម្មសាប៊ូលាងចានមួយកន្លែង ស្ថិតក្នុងឃុំបន្ទាយឆ្មារ ដើម្បីស្វែងរកយន្តការយោង និងជំរុញសហគ្រាសធុនតូច និងមធ្យម (SMEs) ឱ្យក្លាយជាបង្អែកសេដ្ឋកិច្ចដ៏រឹងមាំជូនប្រជាពលរដ្ឋ។

«ការបង្កើតសិប្បកម្មផលិតសាប៊ូលាងចាននៅក្នុងឃុំបន្ទាយឆ្មារនេះ មិនត្រឹមតែជួយកាត់បន្ថយការនាំចូលផលិតផលពីខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែវាបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតឱកាសការងារធ្វើជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផ្ទាល់ និងជួយជម្រុញសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើរឡើង»។ នេះជាប្រសាសន៍សង្កត់ធ្ងន់របស់លោក រ័ត្ន ដាស៊ីណង់។

នៅក្នុងឱកាសចុះពិនិត្យនោះ លោកអភិបាលស្រុកបានកោតសរសើរខ្ពស់ចំពោះគំនិតច្នៃប្រឌិតរបស់ម្ចាស់សិប្បកម្ម និងបានណែនាំនូវយុទ្ធសាស្ត្រគន្លឹះ ដើម្បីធានាភាពជោគជ័យយូរអង្វែងនៅលើទីផ្សារស្តង់ដារគុណភាព និងសុវត្ថិភាពជាចម្បង ត្រូវយកចិត្តទុកដាក់ខ្ពស់លើការជ្រើសរើសវត្ថុធាតុដើម និងការវេចខ្ចប់ ធ្វើយ៉ាងណាឱ្យមានគុណភាពល្អ ស្របតាមស្តង់ដារបច្ចេកទេស និងមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ យុទ្ធសាស្ត្រតម្លៃ និងការប្រកួតប្រជែង ត្រូវពង្រឹងទាំងគុណភាព និងរក្សាតម្លៃសមរម្យ ដើម្បីអាចមានលទ្ធភាពប្រកួតប្រជែងស្មើមុខស្មើមាត់ជាមួយផលិតផលនាំចូល និងពង្រីកវិសាលភាពចែកចាយឱ្យបានកាន់តែទូលំទូលាយ។

រដ្ឋបាលស្រុកថ្មពួកត្រៀមខ្លួនជានិច្ចក្នុងការសម្របសម្រួល ជួយជំរុញ និងផ្សព្វផ្សាយផលិតផលក្នុងស្រុក ក្រោមស្មារតី «ខ្មែរជួយខ្មែរ»។ ការចុះផ្ទាល់របស់ថ្នាក់ដឹកនាំស្រុកនាពេលនេះ មិនត្រឹមតែជាការផ្តល់កម្លាំងចិត្តដល់សហគ្រិនក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែជាសញ្ញាវិជ្ជមានបង្ហាញពីការយកចិត្តទុកដាក់លើសេដ្ឋកិច្ចម៉ាក្រូនៅកម្រិតមូលដ្ឋាន។ តាមរយៈការជម្រុញសិប្បកម្មប្រភេទនេះ វានឹងជួយកាត់បន្ថយការចំណាកស្រុករបស់ប្រជាពលរដ្ឋ ដោយប្តូរមកវិញនូវការបង្កើតចំណូលប្រចាំថ្ងៃនៅនឹងកន្លែង។

ជាមួយគ្នានោះ លោកអភិបាលស្រុកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប ឱ្យចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលសាប៊ូលាងចាន ដែលជាស្នាដៃកូនខ្មែរនេះ ដើម្បីជាកម្លាំងចលករជម្រុញឱ្យសិប្បកម្មក្នុងស្រុកអាចឈរជើងបានយ៉ាងរឹងមាំ និងរីកចម្រើនជាបន្តបន្ទាប់៕
ដោយ ឈុន សារ៉ាត





