កម្ពុជា អរគុណប្រទេសប៊ុលហ្គារី សម្រាប់ការគាំទ្រ និងផ្ដល់ទំនុកចិត្តដល់កម្ពុជា ដែលត្រូវជ្រើសរើសជាសមាជិកនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបី នៃអង្គការយូណេស្កូ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦--ក្នុងឱកាសដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រដែលព្រះរាជាណាចក្រកម្ពុជា ត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបី នៃអង្គការយូណេស្កូ សម្រាប់អាណត្តិឆ្នាំ២០២៦–២០៣០ ឯកឧត្ដម ជា ច័ន្ទបរិបូរណ៌ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី និងជាអតីតនិស្សិតនៃសាកលវិទ្យាល័យតន្ត្រីជាតិ «សាស្ត្រាចារ្យ ប៉ាន់ចូ វ្លាឌីហ្គេរ៉ូវ» បានគោរពថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅ និងសេចក្តីសោមនស្សយ៉ាងក្រៃលែងជូនចំពោះ ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងវប្បធម៌នៃសាធារណរដ្ឋប៊ុលហ្គារី ចំពោះការគាំទ្រ ទំនុកចិត្ត និងមិត្តភាពដ៏មានតម្លៃដែលបានផ្តល់ជូនកម្ពុជា។

ក្នុងលិខិតដែលបានផ្ញើជូនឯកឧត្តមរដ្ឋមន្រ្ដីក្រសួងវប្បធម៌នៃសាធារណរដ្ឋប៊ុលហ្គារី ឯកឧត្ដម ជា ច័ន្ទបរិបូរណ៌ បានមានប្រសាសន៍ថា សម្រាប់រូបឯកឧត្ដមផ្ទាល់ ការថ្លែងអំណរគុណនេះមិនមែនគ្រាន់តែជាពាក្យសម្តីផ្លូវការនៃការទូតប៉ុណ្ណោះទេ គឺកើតចេញពីបេះដូងដ៏ស្មោះស្ម័គ្របំផុត និងភ្ជាប់ជាមួយនឹងដំណើរជីវិតផ្ទាល់ខ្លួន ដែលមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយប្រទេសប៊ុលហ្គារី អស់រយៈពេលជាងបួនទសវត្សរ៍មកហើយ។ ឯកឧត្ដមបានរម្លឹកផងដែរថា នៅទសវត្សរ៍ឆ្នាំ១៩៨០ ឯកឧត្ដមមានកិត្តិយស និងសំណាងដ៏ធំធេង ដែលបានសិក្សាតន្ត្រីនៅសាកលវិទ្យាល័យតន្ត្រីជាតិ «សាស្ត្រាចារ្យ ប៉ាន់ចូ វ្លាឌីហ្គេរ៉ូវ» ក្នុងទីក្រុងសូហ្វៀ ដែលកាលនោះមានឈ្មោះថា អភិរក្សតន្ត្រីរដ្ឋប៊ុលហ្គារី។ នៅទីនោះ ឯកត្ដមមិនត្រឹមតែទទួលបានចំណេះដឹង និងការបណ្តុះបណ្តាលវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានស្គាល់ប្រជាជនមួយដែលមានចិត្តទូលាយ វប្បធម៌ដ៏សម្បូរបែប និងសេចក្តីមេត្តាករុណាដ៏កក់ក្តៅ។
ក្នុងលិខិតក៏បានលើកឡើងថា ប៊ុលហ្គារីបានផ្តល់ឱ្យឯកឧត្ដមលើសពីការអប់រំ ខណៈប្រទេសនេះបានផ្តល់ឱ្យឯកឧត្ដមឯកអគ្គរាជទូតនូវមិត្តភាពដ៏យូរអង្វែង ក្តីស្រឡាញ់ ភាពកក់ក្តៅ និងអនុស្សាវរីយ៍ដ៏មានតម្លៃ ដែលពេលវេលាមិនអាចលុបបំបាត់បាន។ ឯកឧត្ដមឯកអគ្គរាជទូតបានបន្ដថា នៅទីនេះ ឯកឧត្ដមមានមិត្តភក្តិជាច្រើន ហើយក៏មានឪពុកម្តាយធម៌ និងគ្រួសារធម៌ ដែលបានទទួលស្វាគមន៍ឯកឧត្ដមដោយភាពស្និទ្ធស្នាល និងក្តីស្រឡាញ់ដូចសមាជិកគ្រួសារម្នាក់។ ដោយហេតុនេះហើយ «ប៊ុលហ្គារី មានទីកន្លែងដ៏ពិសេសមួយនៅក្នុងបេះដូងរបស់ខ្ញុំ។ ខ្ញុំតែងតែចាត់ទុកប្រទេសនេះជា មាតុភូមិទីពីរ របស់ខ្ញុំ។ វាមិនមែនគ្រាន់តែជាប្រទេសដែលខ្ញុំធ្លាប់រស់នៅ និងសិក្សាប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយនៃអត្តសញ្ញាណ ជីវិត និងអនុស្សាវរីយ៍ដ៏មានតម្លៃបំផុតរបស់ខ្ញុំ។ រាល់ពេលដែលខ្ញុំវិលត្រឡប់មកកាន់ទីក្រុងសូហ្វៀ ខ្ញុំមិនដែលមានអារម្មណ៍ថាជាភ្ញៀវឡើយ ប៉ុន្តែមានអារម្មណ៍ថាកំពុងវិលត្រឡប់មកផ្ទះរបស់ខ្លួន។» នេះគឺជាការលើកឡើងបន្ថែមរបស់ឯកឧត្ដម ជា ច័ន្ទបរិបូរណ៌។

បើតាម ឯកឧត្ដម ជា ច័ន្ទបរិបូរណ៌ សេចក្តីស្រឡាញ់របស់ឯកឧត្ដមចំពោះប៊ុលហ្គារី មិនត្រឹមតែស្ថិតនៅក្នុងវិស័យវប្បធម៌ និងតន្ត្រីប៉ុណ្ណោះទេ វាក៏រួមបញ្ចូលទាំងប្រពៃណី ដួងព្រលឹងជាតិ ភាពស្រស់ស្អាតនៃធម្មជាតិ និងសូម្បីតែម្ហូបអាហារប៊ុលហ្គារី ដែលឯកឧត្ដមស្រឡាញ់ និងពេញចិត្តមិនចាញ់ម្ហូបអាហារប្រពៃណីខ្មែរឡើយ។ រាល់រសជាតិទាំងនោះបានរម្លឹកឯកឧត្ដមអំពីភាពកក់ក្តៅ ការរាក់ទាក់ និងស្មារតីគ្រួសារ ដែលជាតម្លៃរួមដ៏ស្រស់បំព្រងរវាងប្រជាជននៃប្រទេសទាំងពីរ។
ឯកឧត្ដមឯកអគ្គរាជទូតបានបញ្ជាក់ផងដែរថា ក្នុងពេលដែលកម្ពុជាទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងការបម្រើការងារនៅក្នុងស្ថាប័នដ៏សំខាន់មួយរបស់អង្គការយូណេស្កូ ឯកឧត្ដមមើលឃើញថា នេះមិនត្រឹមតែជាការទទួលស្គាល់ចំពោះតម្លៃវប្បធម៌របស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសដ៏ល្អមួយក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការវប្បធម៌រវាងកម្ពុជា និងប៊ុលហ្គារី ដែលត្រូវបានកសាងឡើងដោយការគោរពគ្នាទៅវិញទៅមក ការយោគយល់ និងមិត្តភាពដ៏ស្មោះត្រង់។
ក្នុងឱកាសនោះដែរ ឯកឧត្ដមឯកអគ្គរាជទូតជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរនឹងបន្តរីកចម្រើន និងកាន់តែស៊ីជម្រៅទៅមុខទៀត ហើយវប្បធម៌នឹងបន្តធ្វើជាស្ពានដ៏ស្រស់ស្អាត ដែលភ្ជាប់ប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។ បន្ថែមពីនេះទៀត វប្បធម៌បានបង្រៀនយើងថា ទោះបីជាមានចម្ងាយភូមិសាស្ត្រឆ្ងាយយ៉ាងណាក៏ដោយ បេះដូងមនុស្សអាចនៅជិតគ្នាបានជានិច្ច៕
ដោយ៖ រិទ្ធី, ប្រភព៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី





