វគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងហិរញ្ញវត្ថុ និងផែនការប្រចាំឆ្នាំរបស់សហគមន៍» ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម ម៉េង ប៉ូគន្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល ក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំបើកវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងហិរញ្ញវត្ថុ និងផែនការប្រចាំឆ្នាំរបស់សហគមន៍» កាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយមជ្ឈមណ្ឌលសេវាបច្ចេកទេសប្រព័ន្ធធារាសាស្ត្រ និងឧតុនិយម ដោយមានការចូលរួមពីសិក្ខាកាមសរុបចំនួន ៣០រូប មកពីនាយកដ្ឋានចំនួន ៤ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តចំនួន៩។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយកបានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ណាស់ក្នុងការបង្កើន និងពង្រឹងសមត្ថភាពមន្ត្រីបច្ចេកទេស ក៏ដូចជាសហគមន៍ ឱ្យកាន់តែមានការយល់ដឹងស៊ីជម្រៅលើការងារគន្លឹះចំនួន២រួមមាន៖ ទី១. ការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំ៖ ការរៀបចំសកម្មភាព និងបង្កើតកាលវិភាគនៃការបែងចែក និងចែកចាយទឹក ដើម្បីធានាបាននូវការប្រើប្រាស់ និងការថែទាំប្រព័ន្ធធារាសាស្ត្រប្រកបដោយប្រសិទ្ធភាពខ្ពស់។ ទី២. ការគ្រប់គ្រងហិរញ្ញវត្ថុ៖ ការរៀបចំកញ្ចប់ថវិកា ការប្រមូលថ្លៃសេវាប្រើប្រាស់ទឹក ការកត់ត្រាបញ្ជីគណនេយ្យ-ហិរញ្ញវត្ថុ ធានាបាននូវរបាយការណ៍មួយដែលមានភាពច្បាស់លាស់ ត្រឹមត្រូវ និងមានតម្លាភាព។

ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយកជឿជាក់ថា ចំណេះដឹងនិងបទពិសោធន៍ទាំងនេះនឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់សិក្ខាកាមយកទៅអនុវត្ត និងបណ្តុះបណ្តាលបន្តនៅតាមអង្គភាព។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំក្រេបជញ្ជក់ចំណេះដឹងពីគ្រូឧទ្ទេស ដើម្បីពង្រឹងសមត្ថភាពផ្ទាល់ខ្លួន និងរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ក្រសួងឱ្យកាន់តែប្រសើរឡើង៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





