ជនភៀសសឹក «ភូមិរង់ចាំ» នាំគ្នាដាំដំណាំទ្រទ្រង់ជីវភាព ប្រកួតយកថវិកាឧបត្ថម្ភពីរដ្ឋមន្ត្រីកសិកម្ម
AKP បន្ទាយមានជ័យ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦--វិបត្តិ និងទុក្ខលំបាកកើតចេញពីការឈ្លានពានបំពានច្បាប់របស់កងទ័ពថៃមកលើភូមិឋានរបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងភូមិសាស្ត្រជាប់ព្រំដែននៃខេត្តបន្ទាយមានជ័យ មិនបានផ្តាច់នូវខ្សែជីវិត និងក្តីសង្ឃឹមរបស់ពួកគេនោះឡើយ។ នៅលើទឹកដីថ្មីដែលត្រូវបានប្រសិទ្ធនាមថា «ភូមិរង់ចាំ» ដែលជាទីដីតំណាងឱ្យការរង់ចាំថ្ងៃវិលត្រឡប់ទៅកាន់ផ្ទះ និងដីកំណើតពិតប្រាកដរបស់ខ្លួន ប្រជាពលរដ្ឋជាជនភៀសសឹកជាង ៣.០០០គ្រួសារ បាននិងកំពុងប្រឹងតស៊ូជម្នះរាល់ឧបសគ្គ ចាប់យកពន្លឺជីវិត និងបង្កើតសេដ្ឋកិច្ចគ្រួសារជាថ្មី តាមរយៈតំណក់ញើសលើវិស័យកសិកម្ម។ ជាមួយនឹងផ្ទះសម្បែង និងដីធ្លីឡូតិ៍ដែលរាជរដ្ឋាភិបាលកម្ពុជាបានដោះស្រាយ និងផ្តល់ជូនជាទីជម្រកបណ្តោះអាសន្ន ប្រជាពលរដ្ឋនៅទីនោះបានរួមគ្នាប្តូរមុខមាត់ទីតាំងនេះយ៉ាងរហ័ស។

ផ្ទៃដីដែលធ្លាប់តែជាទីវាលហួតហែង រហោឋាន ត្រូវបានប្រែក្លាយទៅជាចម្ការបន្លែបង្ការ និងដំណាំរួមផ្សំជាច្រើនប្រភេទ ដែលកំពុងលូតលាស់យ៉ាងខៀវស្រងាត់។ ផលដំណាំដ៏ខៀវខ្ចីទាំងនេះ មិនត្រឹមតែជាប្រភពស្បៀងអាហារប្រចាំថ្ងៃ និងជួយកាត់បន្ថយការចំណាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាភស្តុតាងសបញ្ជាក់ឱ្យឃើញពីភាពឧស្សាហ៍ព្យាយាម ការមិនបោះបង់ចោលការតស៊ូ ទោះស្ថិតក្នុងស្ថានភាពភៀសខ្លួន។ នេះជាពន្លកនៃក្តីសង្ឃឹម ភាពជឿជាក់លើការដឹកនាំ និងការស្តារជីវភាពឡើងវិញតាមរយៈស្វ័យភាពកសិកម្ម ដោយជម្នះបាននូវសម្ពាធសេដ្ឋកិច្ច និងផ្លូវចិត្តដែលបន្សល់ទុកពីទង្វើបំពានខាងយោធាពីសំណាក់ភាគីថៃ។

លោកស្រី សុខ ចាន់ថា អាយុ ៤២ឆ្នាំ ដែលជាជនភៀសសឹកម្នាក់មកពីតំបន់ព្រំដែន បានរៀបរាប់ទាំងទឹកភ្នែករំភើបថា «ពេលមកដល់ដំបូង ពួកខ្ញុំបាក់ទឹកចិត្តខ្លាំងណាស់ ផ្ទះសម្បែងក៏បាត់បង់ ដីស្រែចំការក៏មិនដឹងបានទៅវិញថ្ងៃណា។ ប៉ុន្តែ ក្រោយពីទទួលបានដីឡូតិ៍ពីរាជរដ្ឋាភិបាល និងមានការជំរុញឱ្យដាំដុះ ពួកខ្ញុំចាប់ផ្តើមមានសង្ឃឹមឡើងវិញ។ មើលចុះ! ឥឡូវដីលែងនៅទំនេរហើយ បន្លែខៀវខ្ចីជុំវិញផ្ទះនេះ គឺជានិមិត្តរូបនៃការតស៊ូរបស់ពួកខ្ញុំ ទោះបីជាថៃធ្វើបាបយើង តែយើងមិនព្រមចុះចាញ់វាសនានោះទេ»។

ដើម្បីបំប្លែងការលំបាកឱ្យទៅជាឱកាស និងលើកទឹកចិត្តដល់ការដាំដុះឱ្យកាន់តែមានសន្ទុះខ្លាំងក្លាថែមទៀតនោះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ព្រមទាំងក្រុមការងារ បានដាក់ចេញនូវយន្តការជំរុញទឹកចិត្តដ៏មានប្រសិទ្ធភាពមួយ គឺការបើកយុទ្ធនាការ «ប្រឡងប្រណាំងផ្ទះស្អាត និងភូមិស្អាត» ដែលធ្វើឡើងរៀងរាល់ ៣ខែម្តង។ ឯកឧត្តមបានបញ្ជាក់ថា «ចលនាប្រឡងប្រណាំងនេះ មិនត្រឹមតែបង្កើតឡើងដើម្បីសោភ័ណភាព និងអនាម័យប៉ុណ្ណោះទេ ប៉ុន្តែវាជាយុទ្ធសាស្ត្រពង្រឹងសន្តិសុខស្បៀងកម្រិតគ្រួសារ និងការបង្កើនប្រាក់ចំណូលបន្ថែមសម្រាប់ជនភៀសសឹក»។ យុទ្ធនាការនេះ នឹងធ្វើការវាយតម្លៃយ៉ាងម៉ត់ចត់ ដើម្បីជ្រើសរើសខ្នងផ្ទះគំរូចំនួន៣ ដែលមានការរៀបចំអនាម័យល្អ និងមានសកម្មភាពដាំដុះឈានមុខគេ ដោយទទួលបានរង្វាន់លើកទឹកចិត្តជាថវិកាយ៉ាងក្រាស់ក្រែលពីរដ្ឋមន្ត្រីផ្ទាល់ ដោយលេខ១ ទទួលបាន ៣.០០០ដុល្លារអាម៉េរិក ផ្ទះស្អាត អនាម័យល្អ មានការដាំដុះដំណាំវិលជុំជុំវិញផ្ទះច្រើនជាងគេ និងមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ។ លេខ២ ទទួលបាន ២.០០០ដុល្លារអាម៉េរិក គ្រប់គ្រងបរិស្ថានជុំវិញផ្ទះបានល្អ និងមានការដាំដុះទ្រទ្រង់ជីវភាពសកម្ម និងលេខ៣ ទទួលបាន ១.០០០ដុល្លារអាម៉េរិក មានការចូលរួមចំណែកក្នុងសកម្មភាពកសិកម្ម និងថែរក្សាបរិស្ថានបានល្អសមរម្យ។
ក្រៅពីការប្រកួតប្រជែងកម្រិតបុគ្គល (ខ្នងផ្ទះ) ក៏មានការវាយតម្លៃជារួមលើការប្រឡងប្រណាំង «ភូមិស្អាត» ផងដែរ ដែលនឹងទទួលបានការឧបត្ថម្ភគាំទ្រជាសម្ភារៈ និងថវិកាសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរួមនៅក្នុងសហគមន៍ភូមិរង់ចាំទាំងមូល។ រង្វាន់លើកទឹកចិត្តដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លា ធ្វើឱ្យផ្ទះនីមួយៗប្រជែងគ្នាយ៉ាងស្វិតស្វាញក្នុងការដាំដុះបន្លែបង្ការ ដូចជា ម្ទេស ត្រប់ ជីគ្រប់មុខ សណ្តែកគួរ ព្រមទាំងការចិញ្ចឹមសត្វលក្ខណៈគ្រួសារ។

ចំណែកឯលោក ម៉ៅ សារឿន អាយុ ៥៣ឆ្នាំ ដែលកំពុងមមាញឹកក្នុងការតាក់តែងរបងផ្ទះ និងរៀបចំប្រព័ន្ធស្រោចស្រពបន្លែ បានបង្ហាញចំណាប់អារម្មណ៍ទាំងក្តីសង្ឃឹមថា «រង្វាន់របស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា គឺច្រើនសន្ធឹកសន្ធាប់ណាស់សម្រាប់ពួកខ្ញុំជាជនភៀសសឹក។ ថវិការង្វាន់នេះ បានធ្វើឱ្យភូមិទាំងមូលមានចលនារស់រវើកខ្លាំងណាស់។ ម្នាក់ៗប្រកួតគ្នាដាំផង សម្អាតផ្ទះផង ព្រោះបើបានលេខ១ ទឹកប្រាក់ចំនួន ៣.០០០ដុល្លារនោះ វានឹងក្លាយជាដើមទុនដ៏ធំសម្រាប់ពួកខ្ញុំពង្រីកការដាំដុះ ទិញម៉ូទ័របូមទឹក និងពូជដំណាំល្អៗ។ ចលនានេះធ្វើឱ្យពួកខ្ញុំលែងគិតពីរឿងកើតទុក្ខ តែមកផ្តោតលើការប្រកួតប្រជែងគ្នាធ្វើមានធ្វើបានវិញ»។
សកម្មភាពទាំងនេះកំពុងប្រែក្លាយ «ភូមិរង់ចាំ» ពីទីតាំងជនភៀសសឹកដែលធ្លាប់តែអង្គុយរង់ចាំជំនួយមនុស្សធម៌ ទៅជា «សហគមន៍ស្វ័យពឹងផ្អែក» មួយដែលពោរពេញដោយសក្តានុពល។ ថវិកាឧបត្ថម្ភដែលទទួលបាន នឹងត្រូវយកទៅប្រើប្រាស់ជាទុនបន្ថែមក្នុងការទិញពូជដំណាំ ប្រព័ន្ធស្រោចស្រព និងពង្រីកការដាំដុះសម្រាប់រដូវកាលបន្ទាប់។

លោកយាយ ម៉ៅ សឿន អាយុ ៦៥ឆ្នាំ ក៏បានលើកឡើងទាំងញញឹមពព្រាយផងដែរថា «កាលមុន ពាក្យថា "ភូមិរង់ចាំ" គឺពួកយើងអង្គុយរង់ចាំតែជំនួយមនុស្សធម៌ រង់ចាំគេចែកអង្ករ ចែកមី។ ប៉ុន្តែឥឡូវ ក្រោមការណែនាំពីក្រសួងកសិកម្ម និងការប្រឡងប្រណាំងនេះ ពួកយើងរង់ចាំដោយមានមោទនភាព គឺរង់ចាំប្រមូលផលបន្លែ និងរង់ចាំថ្ងៃឈ្នះពានរង្វាន់ផ្ទះស្អាត។ ពួកយើងអាចរស់បានដោយពឹងលើកម្លាំងបាយ និងតំណក់ញើសខ្លួនឯង»។ ថ្វីត្បិតតែខ្លួនប្រាណកំពុងស្ថិតនៅលើដីបណ្តោះអាសន្ន ប៉ុន្តែស្មារតីស្នេហាជាតិ និងការមិនចុះចាញ់របស់ប្រជាពលរដ្ឋខ្មែរនៅ «ភូមិរង់ចាំ» ក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងក្រសួងកសិកម្ម បានបង្ហាញឱ្យឃើញច្បាស់ថា គ្មានការឈ្លានពានណាមួយអាចបំផ្លាញពន្លកនៃជីវិត និងការអភិវឌ្ឍរបស់ពលរដ្ឋខ្មែរបានឡើយ៕
ដោយ៖ ឈុន សារ៉ាត





