អង្គការ Samaritan's Purse ឧបត្ថម្ភកូនឈើហូបផ្លែជាង ១ម៉ឺនដើម ជូនប្រជាពលរដ្ឋភៀសសឹកភូមិរង់ចាំក្នុងស្រុកស្វាយចេក
AKP បន្ទាយមានជ័យ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ -- កូនឈើហូបផ្លែសរុបជាង ១១.៥២០ដើម ដែលជាការឧបត្ថម្ភពីអង្គការ Samaritan's Purse ត្រូវបានចែកជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន ២.៨៨០គ្រួសារ មកពី ៧ភូមិ ដែលកំពុងស្នាក់នៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្រោមវត្តមាន លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត។

ក្នុងឱកាសដ៏មានអត្ថន័យនេះ លោក ឃ្លោក នួយ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ Samaritan's Purse ដែលតែងតែសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរខេត្ត ក្នុងការជួយសម្រាលទុក្ខលំបាក និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ លោកបានគូសបញ្ជាក់ថា សកម្មភាពនេះមិនត្រឹមតែជួយបង្កើនចំណូលក្នុងគ្រួសារតាមរយៈការដាំដុះហូបផ្លែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនគម្របព្រៃឈើ និងភាពបៃតងក្នុងតំបន់ស្នាក់នៅរង់ចាំផងដែរ។ កូនឈើដែលបានផ្តល់ជូននេះមាន ៤ប្រភេទ រួមមានដើមស្វាយ ២.៨៨០ដើម ដើមក្រូចឆ្ មា២.៨៨០ដើម ដើមត្របែក ២.៨៨០ដើម និងដើមមៀន ២.៨៨០ដើម។

ក្នុងន័យជំរុញប្រសិទ្ធភាពនៃការដាំដុះ លោកអភិបាលរងខេត្ត បានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលទទួលបានកូនឈើ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការថែទាំ ការទទួលកូនឈើមិនមែនជារឿងចុងក្រោយនោះទេ ប៉ុន្តែជាការចាប់ផ្តើម។ ខ្ញុំសូមសំណូមពរដល់បងប្អូនទាំងអស់ សូមមេត្តាខិតខំស្រោចទឹក ថែទាំ បោចស្មៅ និងការពារកូនឈើទាំងនេះឱ្យបានល្អ ដើម្បីឱ្យពួកវាលូតលាស់ រស់រានមានជីវិត និងផ្តល់ផលផ្លែផ្កាជូនបងប្អូនវិញនាពេលអនាគត។

គួរបញ្ជាក់ថា ការផ្តល់ជូនកូនឈើហូបផ្លែនេះ គឺជាផ្នែកមួយនៃការគាំទ្រដល់ជីវភាពគ្រួសារប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ដើម្បីឱ្យពួកគាត់មានលទ្ធភាពបង្កើតមុខរបរខ្នាតតូចក្នុងគ្រួសារ និងធានាបាននូវសន្តិសុខស្បៀងនៅនឹងកន្លែងផងដែរ៕

ដោយ៖ ឈុន សារ៉ាត





