ឯកឧត្តម សុខ លូ៖ ខេត្តបាត់ដំបងនឹងរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦ រយៈពេល ១០ថ្ងៃ
AKP បាត់ដំបង ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម សុខ លូ បញ្ជាក់ឱ្យដឹងថា រដ្ឋបាលខេត្តបាត់ដំបង បានសម្រេចនឹងរៀបចំព្រឹត្តិការណ៍ផ្លែឈើរយៈពេល ១០ថ្ងៃ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។ ឯកឧត្តមមានប្រសាន៍ដូចនេះនៅពេលឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។

ឯកឧត្តមអភិបាលបាត់ដំបង សុខ លូ បានគូសបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ផ្លែឈើឆ្នាំ២០២៦ នេះ នឹងត្រូវរៀបចំឡើងឱ្យមានលក្ខណៈប្លែក អធិកអធម និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរៀបចំឱ្យមានជាការដង្ហែក្បួនផ្លែឈើបើកព្រឹត្តិការណ៍ និងប៊ូហ្វេទុរេនរយៈពេល ៣ថ្ងៃ ដើម្បីឱ្យអ្នកចូលរួមបានភ្លក្សរសជាតិទុរេនដ៏ឆ្ងាញ់របស់ទុរេនបាត់ដំបង។ គោលបំណងនៃការរៀបចំព្រឹត្តិការណ៍ផ្លែឈើ គឺដើម្បីចង់បង្ហាញឱ្យប្រជាពលរដ្ឋចាប់អារម្មណ៍មកលើផ្លែឈើបាត់ដំបង បង្កលក្ខណៈឱ្យបងប្អូនប្រជាកសិករជាអ្នកដាំដំណាំផ្លែឈើនៅក្នុងខេត្តបាននាំយកផលិតផលរបស់ខ្លួនមកតាំងលក់ជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យបានភ្លក្សរសជាតិដ៏ឆ្ងាញ់នៃផ្លែឈើដែលដាំដុះដោយកសិករក្នុងស្រុក និងទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តបាត់ដំបង។

មន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុកទាំងអស់ត្រូវសហការគ្នារៀបចំកម្មវិធីព្រឹត្តិការណ៍ផ្លែឈើឆ្នាំនេះ ឱ្យប្រព្រឹត្តទៅដោយរលូន មានសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ។ ឯកឧត្តម បានណែនាំដល់រដ្ឋបាលក្រុង ស្រុកទាំង១៤ ឱ្យនាំយកនូវផ្លែឈើដែលមានសក្ដានុពលប្រចាំតំបន់របស់ខ្លួនមកដាក់តាំងបង្ហាញ និងលក់ជូនភ្ញៀវជាតិ និងអន្តរជាតិបានទស្សនា និងកម្សាន្ត។ ឯកឧត្តម បង្ហាញក្ដីរំពឹងទុកថា ព្រឹត្តិការណ៍ផ្លែឈើឆ្នាំនេះនឹងមានអ្នកចូលរួមយ៉ាងច្រើនកុះករ ៕

ដោយ៖ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង)





