រដ្ឋមន្រ្តីក្រសួងបរិស្ថានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងវិនិយោគ ដែលជួយដល់និរន្តរភាពបរិស្ថាននៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ ២០២៦--រដ្ឋមន្រ្តីក្រសួងបរិស្ថានបានគាំទ្រក្នុងគោលបំណង របស់ក្រុមហ៊ុននានា ដែលមានបំណងចង់វិនិយោគនៅកម្ពុជា ជាពិសេស ដូចជាការវិនិយោគដែលធានាបាននូវនិរន្តរភាពបរិស្ថាន។ នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំវិទ្យាស្ថាន The Haikou Silk Road Academy of Social Sciences របស់ប្រទេសចិន ដឹកនាំដោយ លោក Qiu Wenxu (Marx) អនុប្រធានប្រតិបត្តិ នៃស្ថាប័ន រួមជាមួយប្រតិភូក្រុមហ៊ុនចិនធំៗមួយចំនួន នៅរសៀលថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន។

ក្នុងពិធីនេះលោក Qiu Wenxu បានលើកឡើងថា ក្រុមការងារវិនិយោគនៃប្រទេសចិននេះ មានបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរបស់ប្រទេសទាំងពីរ កម្ពុជា-ចិន ក្នុងការពិនិត្យលើឱកាសវិនយោគនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ឯកឧត្តមចង់ឃើញកម្ពុជា មានភាពស្អាត សោភ័ណភាព និងបរិស្ថានបៃតង ប្រៀបបាននឹង «ផ្ទះរបស់ខ្លួន» ផ្ទាល់ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជន កិត្តិយសជាតិ ទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរមកកម្ពុជាកាន់តែច្រើន។ដើម្បីសម្រេចទស្សនវិស័យនេះ ក្រសួងបាននិងកំពុងអនុវត្ត យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដោយផ្តោតលើសសរស្តម្ភសំខាន់ៗចំនួន ៣ គឺ ភាពស្អាត ភាពបៃតង និងចីរភាព។ ការចូលរួមពីភាគីពាក់ព័ន្ធ រួមទាំងវិស័យឯកជន គឺបានឆ្លើយតបនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងនោះ ភាពស្អាត មាន ៣ គឺ ភាពស្អាតក្នុងខ្លួន ភាពស្អាតក្រៅខ្លួន (ក្នុងប្រទេសកម្ពុជា) និងភាពស្អាតលើឆាកអន្តរជាតិ។

ជាមួយគ្នានេះភាពបៃតង កម្ពុជាបានជំរុញការដាំដើមឈើឱ្យបានច្រើនក្នុង១ឆ្នាំ ដោយឡែកនៅឆ្នាំ២០២៦នេះ ក្រសួងបរិស្ថាន គម្រោងចែកកូនឈើចំនួន៥លាន ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដាំ ដើម្បីបង្កើនគម្របព្រៃឈើ ព្រមជាមួយការពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ពង្រឹងការអនុវត្តច្បាប់តឹងរ៉ឹង នៅតាមតំបន់ការពារធម្មជាតិ ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិ ឱ្យគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕

ដោយ៖ មករា





