រដ្ឋមន្ត្រីក្រសួងអប់រំ៖ កម្មវិធីផ្លាស់ប្ដូរការសិក្សា គឺជាស្ពានចម្លងប្រពៃណីដ៏សំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងយុវជននៃប្រជាជាតិទាំងពីរ កម្ពុជា-ចិន ឱ្យកាន់តែជិតស្និទ្ធ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦–
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកកម្មវិធីផ្លាស់ប្ដូរការសិក្សារបស់និស្សិតខេត្តគួយចូវ ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «ផែនការនិស្សិតឆ្នើមទៅសិក្សានៅបរទេសរាប់ពាន់នាក់» ដែលបានធ្វើឡើងនាពេលនេះថាជាស្ពានចម្លងប្រពៃណីដ៏សំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងយុវជននៃប្រជាជាតិទាំងពីរ កម្ពុជា-ចិន ឱ្យកាន់តែជិតស្និទ្ធ តាមរយៈការរៀនសូត្រពីគ្នាទៅវិញទៅមក ការបង្កើនការយល់ចិត្តគ្នា និងការគោរពតម្លៃវប្បធម៌គ្នាទៅវិញទៅមក។

ក្នុងជំនួបសម្ដែងការគួរសមជាមួយប្រតិភូនៃកម្មវិធីផ្លាស់ប្ដូរការសិក្សារបស់និស្សិតខេត្តគួយចូវ ឆ្នាំ២០២៦ ដឹកនាំដោយ លោកបណ្ឌិត សរ រិទ្ធី ប្រធានសមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំ កម្ពុជា-អាស៊ាន-ចិន ដោយមានការចូលរួមពីសំណាក់តំណាងគណៈគ្រប់គ្រង និងនិស្សិតចិនមកពីសាកលវិទ្យាល័យ Qiannan Normal University for Nationality ដែលមកទស្សនកិច្ចនៅកម្ពុជា សរុបប្រមាណ ៤០នាក់ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា កម្មវិធីនេះបានផ្ដល់ឱកាសដល់និស្សិតចិន រួមទាំងនិស្សិតជនជាតិភាគតិចមកទស្សនកិច្ចសិក្សានៅប្រទេសកម្ពុជា ដើម្បីសិក្សាឈ្វេងយល់ផ្ទាល់ពីអរិយធម៌ដ៏រុងរឿង ប្រវត្តិសាស្ត្រដ៏យូរលង់ និងទម្រង់សិល្បៈវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ដែលជាការបើកទស្សនវិស័យថ្មី និងដកស្រង់បទពិសោធន៍ជាក់ស្ដែងក្រៅពីការសិក្សាតែនៅក្នុងថ្នាក់រៀន។ ជាងនេះទៅទៀត ទស្សនកិច្ចសិក្សានេះ គឺជាស្ពានចម្លងប្រពៃណីដ៏សំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងយុវជននៃប្រជាជាតិទាំងពីរឱ្យកាន់តែជិតស្និទ្ធតាមរយៈការរៀនសូត្រពីគ្នាទៅវិញទៅមក ការបង្កើនការយល់ចិត្ត និងការគោរពតម្លៃវប្បធម៌គ្នាទៅវិញទៅមក។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្រុមការងារពាក់ព័ន្ធឱ្យបន្តពង្រឹងទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវិស័យអប់រំ និងការផ្លាស់ប្ដូរយុវជននៃប្រទេសទាំងពីរ ដើម្បីរួមចំណែកដល់ការបណ្ដុះបណ្ដាលធនធានមនុស្ស ព្រមទាំងការរឹតចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ឱ្យកាន់តែរីកចម្រើន និងមាននិរន្តរភាពទៅថ្ងៃអនាគត។

សូមជម្រាបថា កម្មវិធីផ្លាស់ប្ដូរការសិក្សានេះមានរយៈពេល ១៤ថ្ងៃចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





