ឯកឧត្ដម ជា វ៉ាន់ដេត អញ្ជើញចូលរួមវេទិកាសេវាសាធារណៈអង្គការសហប្រជាជាតិ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦–
តបតាមការអញ្ជើញរបស់ ឯកឧត្ដម Li Junhua អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និង ឯកឧត្ដម Paata Salia រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃប្រទេសហ្ស៊កហ្ស៊ីជាម្ចាស់ផ្ទះ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមវេទិកាសេវាសាធារណៈអង្គការសហប្រជាជាតិ (UN Public Service Forum) នៅក្រុងប៊ីលីស៊ី ប្រទេសហ្ស៊កហ្ស៊ី ក្រោមអធិបតីភាព ឯកឧត្ដម Irakli Kobakhidze នាយករដ្ឋមន្ត្រីនៃប្រទេសហ្ស៊កហ្ស៊ី។ កម្មវិធីនេះមានការចូលរួមពីរដ្ឋមន្ត្រីមកពីជាង២០ប្រទេស និងតំណាងជាអនុរដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំមកពីសមាជិកអង្គការសហប្រជាជាតិជាង១០០ប្រទេស និងអង្គការអន្តរជាតិផ្សេងៗ។

ពិធីបើកវេទិកានេះ រៀបចំនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ដែលត្រូវនឹង “ទិវាសេវាសាធារណៈ” របស់អង្គការសហប្រជាជាតិ។ ទិវានេះរៀបចំឡើងជារៀងរាល់ឆ្នាំតាំងពីឆ្នាំ២០០៣មក ដើម្បីទទួលស្គាល់តម្លៃនៃការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដែលជាមូលដ្ឋានដ៏សំខាន់នៃការអភិវឌ្ឍនៅគ្រប់ប្រទេសលើសាកលលោក។ រីឯវេទិកាសេវាសាធារណៈអង្គការសហប្រជាជាតិ ត្រូវបានចាប់ផ្ដើមរៀបចំអមទិវានេះ ចាប់ពីឆ្នាំ២០០៩មក ដើម្បីឱ្យបណ្ដាប្រទេសរៀនសូត្រពីបទពិសោធគ្នាទៅវិញទៅមកក្នុងការផ្ដល់សេវាសាធារណៈឱ្យបានល្អប្រសើរ។ ឆ្នាំនេះ ប្រទេសហ្ស៊កហ្ស៊ីត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះ ដោយសារវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ក្នុងប្រទេសហ្ស៊កហ្ស៊ីលើផ្នែកសេវាសាធារណៈ ជាលទ្ធផលនៃកំណែទម្រង់ក្នុងរយៈពេលប្រមាណ៤ឆ្នាំចុងក្រោយនេះ។ ក្នុងពិធីនេះ ថ្នាល verify.gov.kh កម្ពុជាក៏បានចូលរួមតាំងបង្ហាញជូនអ្នកចូលរួមពីគ្រប់ប្រទេសបានស្គាល់ផងដែរ ៕

ដោយ៖ ណយ នឿន (ប្រភព៖ក្រសួងប្រៃសណីយ៍)





