រដ្ឋបាលក្រុងសំរោង បើកកិច្ចប្រជុំឆ្លុះបញ្ចាំងលទ្ធផលការងារ ស្ដីពីការអនុវត្តវិធីគ្រប់គ្រងប្រព័ន្ធចែកចាយទឹកដោយសុចរិតភាព (IM Toolbox) របស់សហគមន៍កសិកម្មភូមិភ្នៀត នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ
AKP ឧត្តរមានជ័យ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦--លោក រិន សាគរ អភិបាលរង នៃគណៈអភិបាលក្រុងសំរោង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ឆ្លុះបញ្ចាំងលទ្ធផលការងារ ស្ដីពីការអនុវត្តវិធីគ្រប់គ្រងប្រព័ន្ធចែកចាយទឹកដោយសុចរិតភាព (IM Toolbox) របស់សហគមន៍កសិកម្មភូមិភ្នៀតកាលពីថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅសាលាឆទានភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពីគណៈកម្មការសហគមន៍កសិកម្ម មេភូមិ ព្រមទាំងបងប្អូនកសិករជាសមាជិកសហគមន៍ប្រើប្រាស់ទឹកផងដែរ។

លោក រិន សាគរ បានថ្លែងថា ការតាមដាន ឆ្លុះបញ្ចាំង និងវាយតម្លៃលើលទ្ធផលការងារគ្រប់គ្រងប្រភពទឹក គឺជាជំហានដ៏សំខាន់ក្នុងការធានានិរន្តរភាព ភាពស្មោះត្រង់ និងសមធម៌នៃការចែកចាយទឹកជូនដល់បងប្អូនកសិករ។ អង្គប្រជុំបានធ្វើការត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តជាក់ស្តែងនូវឧបករណ៍គ្រប់គ្រងប្រព័ន្ធចែកចាយទឹក (IM Toolbox) របស់សហគមន៍នាពេលកន្លងមក ពិនិត្យលើចំណុចខ្លាំង ចំណុចខ្សោយ និងស្វែងរកដំណោះស្រាយរួមគ្នា។

លោកអភិបាលរងក្រុង ក៏បានណែនាំ និងជំរុញឱ្យសហគមន៍បន្តប្រកាន់ខ្ជាប់នូវគោលការណ៍សុចរិតភាព តម្លាភាព និងគណនេយ្យភាព ក្នុងការគ្រប់គ្រង និងបែងចែកទឹកទៅតាមក្បាលដីស្រែរបស់សមាជិកម្នាក់ៗ ដើម្បីចៀសវាងការទាស់ទែង និងធានាថាគ្រប់ក្បាលដីទាំងអស់ទទួលបានទឹកប្រើប្រាស់ស្មើៗគ្នា។ លោកបន្តថា ការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ និងចែកចាយទឹកបានល្អ គឺជាគ្រឹះមិនអាចខ្វះបានក្នុងការបង្កើនទិន្នផលស្រូវ និងដំណាំរួមផ្សំ ដែលរួមចំណែកដោយផ្ទាល់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់បងប្អូនកសិករ នៅក្នុងភូមិភ្នៀតទាំងមូល។

លោកក៏សូមកោតសរសើរ ចំពោះស្មារតីសាមគ្គីភាព និងការខិតខំប្រឹងប្រែងរបស់គណៈកម្មការសហគមន៍កសិកម្មភូមិភ្នៀត និងសូមជំរុញឱ្យបងប្អូនបន្តសហការគ្នាឱ្យកាន់តែស្អិតរមួត ដើម្បីនិរន្តរភាពនៃប្រភពទឹកក្នុងសហគមន៍យើង៕

ដោយ ទិត ស្រ៊





