ឯកឧត្តម ប៉ុលស៊ីនួន និងសប្បុរសជនបន្តផ្តល់អំណោយជូនកងកម្លាំងនៃបញ្ជាការដ្ឋានការពារអាកាស
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦--នៅទីបញ្ជាការដ្ឋានការពារអាកាសនៃកងទ័ពជើងគោក ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស និងសហការីបានទទួលអំណោយពីឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ុល ស៊ីនួន មេបញ្ជាការរងកងទ័ពជើងគោក ឧបត្ថម្ភភេសជ្ជៈចំនួន៤០០កេស និងលោកឧកញ៉ា ថាន់ ចាន់នួន និងលោកជំទាវ ឧបត្ថម្ភសម្ភារៈ និងថវិកាមួយចំនួន ជូនបញ្ជាការដ្ឋានការពារអាកាសនៃកងទ័ពជើងគោក ដើម្បីជួយផ្គត់ផ្គង់វីរកងទ័ពជួរមុខ នាថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាសបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ប៉ុល ស៊ីនួន មេបញ្ជាការរងកងទ័ពជើងគោក និងលោកឧកញ៉ា ថាន់ ចាន់នួន និងលោកជំទាវ ដែលបានឧបត្ថម្ភជាថវិកា សម្ភារៈ ភេសជ្ជៈ ជូនអង្គភាពនាពេលនេះ ពិតជាបានជួយទ្រទ្រង់ដល់ខឿនការពារជាតិពិតប្រាកដមែន ទាំងនេះបង្ហាញអំពីការសាមគ្គីឯកភាពជាតិជាធ្លុងមួយ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី រួមចំណែកជាមួយរាជរដ្ឋាភិបាល ដោះស្រាយរាល់ទុក្ខលំបាកវីរកងទ័ពជួរមុខ ដែលបច្ចុប្បន្នកងកម្លាំងយើងបាន និងកំពុងបំពេញបេសកកម្មត្រៀមប្រយុទ្ធការពារជាតិយ៉ាងអង់អាចក្លាហានទប់ទល់នឹងសត្រូវឈ្លានពាន។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស បានប្រគល់លិខិតថ្លែងអំណរគុណជូន ឯកឧត្តម លោកឧកញ៉ា លោកជំទាវ ទុកជាការដឹងគុណក្នុងការរួមចំណែកជួយទ្រទ្រង់ដល់ខឿនការពារជាតិមាតុភូមិយើង ឯកឧត្តម បានបួងសួងដល់គុណតេជះបារមីវត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សាការពារវីរកងទ័ពយើងនៅគ្រប់សមរភូមិជួរមុខ និងឯកឧត្តម លោកឧកញ៉ា លោកជំទាវ ទាំងអស់ដែលជាម្ចាស់ទានក្នុងពេលនេះ សូមឲ្យមានសុខភាពល្អបរិបូរណ៍ឈ្នះអស់មាសត្រូវគ្រប់ទិសទី និងប្រកបរបរទទួលទានមានបាន ជោគជ័យគ្រប់ភារកិច្ច៕
ដោយ សំ សាម៉ន(ប្រភព៖កងទ័ពជើងគោក)





