ក្រសួងធនធានទឹកបើកកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើគម្រោងផែនការចំណាយថវិការបស់អង្គភាពក្រោមឱវាទ នាឆ្នាំ២០២៧
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើគម្រោងផែនការចំណាយថវិកាឆ្នាំ២០២៧ របស់អង្គភាពក្រោមឱវាទនៃក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ នៅសាលប្រជុំនៃទីស្ដីការក្រសួង។

អញ្ជើញចូលរួមក្នុងកម្មវិធីមាន ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការតំណាងអង្គភាពថវិកាក្រោមឱវាទក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាបជាច្រើនរូប។
កិច្ចប្រជុំនេះមានគោលបំណងធានាបាននូវការឯកភាពផ្ទៃក្នុង គ្រប់ជ្រុងជ្រោយ និងប្រសិទ្ធភាពនៃការរៀបចំផែនការចំណាយថវិកាឆ្នាំ២០២៧ ស្របតាមពិដានចំណាយគោល និងសារាចរលេខ ០៦ សរ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ ព្រមទាំងពិនិត្យ និងដោះស្រាយបញ្ហាប្រឈមមួយចំនួននាពេលកន្លងមក ដើម្បីឱ្យការអនុវត្តថវិកាបន្តកាន់តែមានភាពល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់។

ជាពិសេសការផ្ដល់អាទិភាពដល់ការវិនិយោគលើសន្តិសុខទឹក ការគ្រប់គ្រងធនធានទឹក និងប្រព័ន្ធឧតុនិយមទំនើប ដើម្បីបង្កើននូវសន្តិសុខទឹក ភាពធន់នឹងការប្រែប្រួលអាកាសធាតុ កាត់បន្ថយហានិភ័យពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ពង្រឹងការព្យាករណ៍អាកាសធាតុ និងគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព៕

ដោយ ពេជ្រ សំអឿន(ប្រភព៖ក្រសួងធនធានទឹកនិងឧតុនិយម)





