អង្គការ WWF ពង្រឹងការគ្រប់គ្រងទេសចរណ៍ អភិវឌ្ឍផលិតផល និងសកម្មភាពទេសចរណ៍ថ្មីៗ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦--អង្គការ WWF-កម្ពុជាសហការជាមួយមន្ទីរទេសចរណ៍ខេត្តក្រចេះ អាជ្ញាធរមូលដ្ឋាន និងសហគមន៍អេកូទេសចរណ៍ កោះផ្តៅ បានគាំទ្រកិច្ចប្រជុំសហគមន៍ ដើម្បីពង្រឹងការគ្រប់គ្រងទេសចរណ៍ និងអភិវឌ្ឍផលិតផល និងសកម្មភាពទេសចរណ៍ថ្មីៗ ។

មន្រ្តីអង្គការ WWF បានឱ្យដឹងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះថា សមាជិកសហគមន៍បានដាក់ឱ្យអនុវត្តលក្ខន្តិកៈសហគមន៍អេកូទេសចរណ៍ដែលបានធ្វើបច្ចុប្បន្នភាពរួមមាន ការឯកភាពលើតម្លៃសេវាកម្មស្តង់ដារ ការបង្កើតសកម្មភាពកំសាន្តថ្មីៗ និងលើកកម្ពស់តម្លាភាពហិរញ្ញវត្ថុតាមរយៈការកត់ត្រាទិន្នន័យជាប្រព័ន្ធឌីជីថល។ កិច្ចខិតខំប្រឹងប្រែងទាំងនេះនឹងជួយពង្រឹងអភិបាលកិច្ចសហគមន៍ កែលម្អបទពិសោធន៍របស់ភ្ញៀវទេសចរ និងបង្កើតឱកាសជីវភាពប្រកបដោយចីរភាពសម្រាប់ប្រជាជនមូលដ្ឋាន។

នេះជាផ្នែកមួយនៃការងាររបស់អង្គការ WWF-កម្ពុជា នៅក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គ សហគមន៍អេកូទេសចរណ៍ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់ការអភិរក្សធនធានធម្មជាតិជាមួយការអភិវឌ្ឍសេដ្ឋកិច្ចព្រមទាំងគាំទ្រដល់សហគមន៍ឱ្យទទួលបានអត្ថប្រយោជន៍ពីធនធានធម្មជាតិដែលពួកគេពឹងផ្អែក និងចូលរួមការពារ គ្រប់គ្រង និងប្រើប្រាស់ធនធានទាំងនោះប្រកបដោយចីរភាព ៕

ដោយ ណយ នឿន (ប្រភព៖គម្រោងWWF)





