ជនរងគ្រោះដោយសារសំណល់អាវុធជាតិផ្ទុះពីពីសង្គ្រាមព្រំដែន ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលបានសង្គ្រោះជីវិតទាន់ពេលវេលា
AKP សៀមរាប ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦--
ប្រជាពលរដ្ឋម្នាក់ដែលរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដោយសារសំណល់អាវុធជាតិផ្ទុះពីសង្គ្រាមព្រំដែនកម្ពុជា-ថៃ បានសម្ដែងក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងជួយសង្គ្រោះអ្នកស្រីរហូតដល់ជាសះស្បើយ និងអាចវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ។

អ្នកស្រី ហែម ស្រី ដែលជាជនរងគ្រោះបណ្ដាលពីសំណល់អាវុធជាតិផ្ទុះ កាលពីអំឡុងខែឧសភា រស់នៅក្នុងសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានរងរបួសធ្ងន់ធ្ងរដែលបណ្ដាលមកពីសំណល់អាវុធជាតិផ្ទុះ ហើយត្រូវបានបញ្ជូលមកសង្គ្រោះបន្ត នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ អ្នកស្រីបានបង្ហាញក្ដីរំភើប និងការដឹងគុណ ដែលអ្នកស្រីទទួលបានការសង្គ្រោះ ព្យាបាលយ៉ាងយកចិត្តទុកដាក់ និងទាន់ពេលវេលា ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ខណៈអ្នកស្រីមិនសង្ឃឹមថា នឹងអាចបន្ដជីវិតនេះបានឡើយ ដោយផ្អែកតាមស្ថានភាពធ្ងន់ធ្ងររបស់ខ្លួន។

អ្នកស្រី ហែម ស្រី បានបញ្ជាក់ថា ដំបូងឡើយ អ្នកស្រី និងកូន ក្មួយ បានទៅធ្វើការឆ្កាព្រៃដីចម្ការរបស់គាត់ ដែលមានចម្ងាយប្រមាណ២០គីឡូម៉ែត្រ ពីផ្ទះរបស់ខ្លួន ក្នុងពេលកំពុងដុតសំរាម នៅក្បែរទួលដំបូក ក៏ត្រូវបានរងរបួសដោយសំណល់អាវុធជាតិផ្ទុះ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ និង ត្រូវបានបញ្ជូនបន្តមកកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះ ដែលគិតមកទាល់ពេលនេះ មានរយៈពេលជិត១ខែហើយ ហើយ អ្នកស្រីក៏ត្រូវបានការអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យផងដែរ។
លោកវេជ្ជបណ្ឌិត ហម គឹមហ៊ាន ប្រធានផ្នែកប្រពោធនកម្មវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានប្រសាសន៍ថា បន្ទាប់ពីទទួលបានដំណឹងពីវត្តមាននៃជនរងគ្រោះរួចមក លោកក៏បានបង្កើតក្រុមការងារ ពហុជំនាញ ដើម្បីធ្វើការវាយតម្លៃ ពីស្ថានភាពរបួស និង និតិវិធីនៃការជួយសង្គ្រោះ រហូតដល់ដំណើរការនៃការវះកាត់ និង ទទួលបានជោគជ័យទាំងស្រុង។

លោកវេជ្ជបណ្ឌិតបន្ដថា បើទោះបី ជាស្ថានភាពរបស់ជនរងគ្រោះមានភាពល្អប្រសើរក៏ដោយ ក៏ក្រុមគ្រូពេទ្យនៅតែបន្ដធ្វើការតាមដានពីការវិវត្តន៍ជាប់ជាប្រចាំ ដើម្បីប្រាកដថា ផលវិបាកក្រោយពេលវះកាត់ នឹងត្រូវបានកាត់បន្ថយ ជាពិសេសការតាមដានសុខភាពក្រោយពេលចេញពីមន្ទីរពេទ្យ ដោយមានកាលវិភាគនៃការណាត់ជួបជាបន្ដបន្ទាប់។
បើតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ហម គឹម ហ៊ាន នេះមិនមែនជាករណីទី១នោះឡើយ ដែលក្រុមគ្រូពេទ្យជំនាញជួបប្រទះអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរដូចនេះ ដោយលោកវេជ្ជបណ្ឌិត បញ្ជាក់ថាក្រុមគ្រូពេទ្យសុទ្ធតែមានសមត្ថភាព និងបទពិសោធ ក្នុងនោះសម្ភារបរិក្ខារក៏មានគ្រប់គ្រាន់ ដែលបានផ្ដល់នូវទំនុកចិត្តដល់អ្នកជំងឺ មកទទួលការព្យាបាលទីនេះ៕
ដោយ ឃុត សៅ





