កិច្ចប្រជុំស្ដីពីការកែសម្រួលសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជា និងចាត់តាំងក្រុមការងារចុះមូលដ្ឋានភូមិក្នុងស្រុកប្រាសាទបល្ល័ង្ក
AKP កំពង់ធំ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦--
លោក ទុយ សុធារិទ្ធ អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក និងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំទួលគ្រើលបានដឹកនាំកិច្ចប្រជុំស្ដីពីការកែសម្រួលសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជា និងចាត់តាំងក្រុមការងារចុះមូលដ្ឋានភូមិម្រាក(ក)ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីលោកស្រី ស៊ិន ស៊ីផាន សមាជិកក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកប្រាសាទបល្ល័ង្ក ជាអនុប្រធានក្រុមការងារចុះជួយឃុំទួលគ្រើល និងជាប្រធានក្រុមការងារចុះមូលដ្ឋានភូមិម្រាក(ក) លោកស្រី ង៉ែត ណារីន សមាជិកក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកប្រាសាទបល្ល័ង្ក ជាអនុប្រធានក្រុមការងារចុះជួយឃុំទួលគ្រើល និងជាប្រធានក្រុមការងារចុះមូលដ្ឋានភូមិជន្លូស ប្រធាន អនុប្រធាន និងសមាជិកសមាជិកាជាង១០០នាក់។

លោក ទុយ សុធារិទ្ធ បានលើកឡើងថា ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានភូមិក្នុងឃុំត្រូវតែមានភារកិច្ចគឺធ្វើជាសេនាធិការឱ្យប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទួលគ្រើល។ ប្រធានក្រុមការងារដឹកនាំរួម ធ្វើការប្រជុំពិភាក្សាផ្តល់យោបល់ និងគាំទ្រដល់ក្រុមការងារចុះមូលដ្ឋានភូមិក្នុងឃុំ ដើម្បីសម្រេច ជោគជ័យនៅមូលដ្ឋានដោយមានការគាំទ្រពីប្រជាពលរដ្ឋ ពិសេសគ្រប់គ្រង ពង្រឹង ពង្រីកការកសាងសមាជិកគណបក្សឱ្យបានគ្រប់ផែនការលើសពី៦៨ភាគរយនិងមានទិន្នន័យគ្រប់គ្រងសមាជិកគណបក្សប្រជាជនកម្ពុជាឱ្យបានច្បាស់លាស់។ មានប្រជុំដើម្បីពិភាក្សាបែងចែកភារកិច្ចសមាជិក ក្រុមការងារឱ្យទទួលខុសត្រូវ ចាត់តាំងការដឹកនាំចុះតាមខ្នងផ្ទះនីមួយៗ ឱ្យបានច្បាស់លាស់ផ្អែកតាម សមត្ថភាព លទ្ធភាព របស់មន្ត្រីគណបក្សគណបក្សប្រជាជនកម្ពុជា។

លោក ទុយ សុធារិទ្ធ បានបញ្ជាក់ថា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ និងភូមិនីមួយៗត្រូវប្រជុំជីវភាពប្រចាំខែនិងប្រជុំតាមការចាំបាច់នានារបស់គណបក្ស ដើម្បីត្រួតពិនិត្យ ពិភាក្សា បូកសរុបវឌ្ឍនភាពការងារគណបក្ស ដាក់ផែនការ ទិសដៅបន្ត ដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ។ ក្តាប់ឱ្យបាននូវសំណូមពរ និងសតិអារម្មណ៍ ដើម្បីវិភាគចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងកាលានុវត្តភាពរបស់គណបក្ស ដើម្បីកសាងនូវយន្តការ ដោះស្រាយសមស្របមួយសំដៅអនុវត្តឱ្យបានជោគជ័យ នូវកម្មវិធីនយោបាយ និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។

ក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់ថ្នាក់ខិតខំស្រាវជ្រាវសភាពការណ៍ សតិអារម្មណ៍ក្នុងស្រទាប់យុវជន ស្ត្រី កម្មករ និយោជិក និងគ្រប់មជ្ឈដ្ឋានមហាជន។ តាមដានពិនិត្យ វាយតម្លៃការអនុវត្តតួនាទីភារកិច្ច ការធ្វើអំពើល្អរបស់មន្ត្រីគណបក្ស សំដៅកែលម្អឱ្យបាន ទាន់ពេលវេលាស្របតាមមាគ៌ានយោបាយរបស់គណបក្សប្រជាជនកម្ពុជា។ ត្រូវតែធ្វើការតាមដានឈ្វេងយល់ វិភាគសភាពការណ៍នយោបាយរបស់ពួកអមិត្ត និងតាមមជ្ឈដ្ឋាននានា ដើម្បីរៀបចំ វិធានការទប់ស្កាត់ ព្រមទាំងផ្តល់គោលការណ៍វាយបកទាន់ពេលវេលា តាមគ្រប់មធ្យោបាយ។សហការណ៍ គាំទ្រ កៀរគរប្រភពធនធានស្របច្បាប់នានា ដើម្បីធានាលើការងារគណបក្ស និងការកសាង សមិទ្ធិផលថ្មីៗជូនគណបក្សប្រជាជនកម្ពុជា បំពេញការងារផ្សេងៗតាមការចាំបាច់ដែលគណបក្សថ្នាក់លើប្រគល់ជូន។ ក្រុមការងារមានសិទ្ធិចាត់ចែង និងចាត់តាំងមន្ត្រីគណបក្សក្រោមឱវាទមន្ថែមចុះមូលដ្ឋានដែលខ្លួនទទួល ខុសត្រូវបានសមស្រប ដើម្បីបំពេញការងារផ្សេងៗតាមការងារចាំបាច់។ ប្រសិនបើបងប្អូនអត្តសញ្ញាណប័ណ្ណផុតសុពលភាពខុសអក្ខរាវិរុទ្ធឬក៏បាត់បង់សូមអញ្ជើញទៅធ្វើអត្តសញ្ញាណប័ណ្ណជាបន្ទាន់ ដើម្បីត្រៀមក្នុងការបោះឆ្នោតជ្រើសរើសឃុំ/សង្កាត់នាពេលខាងមុខ៕
ដោយ ស៊ុម វណ្ណា





