វេទិកាសាធារណៈនៅស្រុកអូរជ្រៅ៖ «ស្ពានចម្លង» ទំនុកចិត្ត រវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខ
AKP បន្ទាយមានជ័យ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦--
វេទិកាសាធារណៈមិនមែនគ្រាន់តែជាការជួបជុំតាមទម្លាប់នោះទេ ប៉ុន្តែវាគឺជា «ស្ពានចម្លង» ដ៏មានសារៈសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង បង្កើនទំនុកចិត្ត និងជាយន្តការដោះស្រាយបញ្ហាប្រឈមជាក់ស្តែងជូនប្រជាពលរដ្ឋនៅមូលដ្ឋានភ្លាមៗ និងមានប្រសិទ្ធភាពបំផុត។ នេះជាការលើកឡើងយ៉ាងដិតដល់របស់ ឯកឧត្តម សុខ ហេង ប្រធានបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្ម និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកអូរជ្រៅ ក្នុងឱកាសតំណាងឱ្យ ឯកឧត្តម ឃឹម ហ្វីណង់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ដឹកនាំវេទិកាសាធារណៈរវាងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ជាមួយប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦។

នៅក្នុងវេទិកាដែលបានប្រារព្ធឡើងនៅបរិវេណវត្តចោមប្រាសាទសូភី ក្រោមអធិបតីភាព លោកជំទាវ នួម សុភ័ណ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពី លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ, លោក តាន់ ស្វាង ប្រធានក្រុមប្រឹក្សាស្រុក, លោក អែម សុខា អភិបាលស្រុកអូរជ្រៅ ព្រមទាំងអាជ្ញាធរ និងប្រជាពលរដ្ឋសរុបចំនួន ១៩៧នាក់ (ស្រី ៧៩នាក់) នោះ ឯកឧត្តម សុខ ហេង បានគូសបញ្ជាក់ពីសារប្រយោជន៍ទ្វេទិសនៃវេទិកានេះ។
ឯកឧត្តមបានលើកឡើងថា វេទិកានេះធ្វើឡើងក្នុងគោលបំណងបង្ហាញពីសមិទ្ធផលពិត ផ្សព្វផ្សាយពីលទ្ធផលការងារដែលរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងក្រុមការងារ សម្រេចបានកន្លងមកក្នុងការអភិវឌ្ឍមូលដ្ឋានឱ្យមានការរីកចម្រើន។ បើកបេះដូងស្តាប់កង្វល់ ទទួលយកនូវសំណូមពរ បញ្ហាប្រឈម និងសុខទុក្ខផ្ទាល់របស់បងប្អូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយឱ្យចំគោលដៅ និងទាន់ពេលវេលា។ «យើងមកទីនេះ មិនមែនគ្រាន់តែមកប្រាប់ពីអ្វីដែលយើងធ្វើបាននោះទេ ប៉ុន្តែសំខាន់បំផុតគឺមកស្តាប់ មកទទួលយកកង្វល់ និងរួមគ្នារកដំណោះស្រាយលើបញ្ហាចាំបាច់ចំពោះមុខរបស់បងប្អូន»។ នេះជាប្រសាសន៍បន្ថែមរបស់ឯកឧត្តម សុខ ហេង។

ក្នុងឱកាសនោះ ប្រជាពលរដ្ឋបានលើកឡើងនូវសំណូមពរ និងបញ្ហាប្រឈមនានា ដែលក្រុមការងារបានកត់ត្រា និងត្រៀមធ្វើការឆ្លើយតប ក៏ដូចជាដោះស្រាយជាបន្តបន្ទាប់ ជាពិសេសលើវិស័យអាទិភាពចំនួន ៣ រួមមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការកែលម្អ និងអភិវឌ្ឍផ្លូវគមនាគមន៍ ដើម្បីសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃ និងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារឱ្យបានលឿន និងកាត់បន្ថយការចំណាយ។ ប្រព័ន្ធធារាសាស្ត្រ និងទឹកស្អាត ការពង្រឹងប្រព័ន្ធទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងការធានាឱ្យមានប្រភពទឹកគ្រាន់គ្រាន់សម្រាប់ការបង្កបង្កើនផលកសិកម្ម។

ក្នុងនាមជាប្រធានបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្ម ឯកឧត្តមបានយកចិត្តទុកដាក់ខ្ពស់លើការជំរុញការដាំដុះតាមបច្ចេកទេសទំនើប ដើម្បីធានាបាននូវទិន្នផលខ្ពស់ និងការស្វែងរកច្រកចេញទីផ្សារ ដែលលក់បានតម្លៃសមរម្យ ជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារកសិករ។
ឆ្លើយតបទៅនឹងវេទិកានេះ ទាំងថ្នាក់ដឹកនាំខេត្ត គឺលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត និងថ្នាក់ដឹកនាំស្រុកអូរជ្រៅ រួមមានលោកប្រធានក្រុមប្រឹក្សា និងលោកអភិបាលស្រុក បានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការសហការជាមួយក្រុមការងាររាជរដ្ឋាភិបាល ដើម្បីយកសំណូមពរទាំងនេះទៅធ្វើការសិក្សា និងអនុវត្តជាជំហានៗ សំដៅឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅក្នុងឃុំសូភី ក៏ដូចជាទូទាំងស្រុកអូរជ្រៅទាំងមូល ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយគិតគូរពីសុខទុក្ខប្រជាជនជាធំរបស់រាជរដ្ឋាភិបាលកម្ពុជា៕
ដោយ ឈុន សារ៉ាត





